យកទាហានមកធ្វើសន្តិសុខ កម្មករផ្ទុះការតវ៉ា

កម្មករ​កាត់ដេរ​ប្រមាណ ១០០ នាក់ បាន​ធ្វើការ​តវ៉ា​ជា​ថ្មី​ម្តងទៀត នៅ​មុខ​រោងចក្រ Pou Yuen នៅ​ថ្ងៃ​ទី ២៦ ខែធ្នូ​ឆ្នាំ ២០១៧ ខណៈ​មានការ​ចោទប្រកាន់​ថា រោងចក្រ​ស្បែកជើង​មួយ​នេះ បាន​ជួល​ទាហាន មក​ធ្វើ​ជា​សន្តិសុខ ដើម្បី​ដាក់​សម្ពាធ​លើ​កម្មករ​កុំ​ឲ្យ​ធ្វើការ​តវ៉ា​ ។ កម្មករ​បាន​ចាប់ផ្តើម​មាន​វិវាទ​ជាមួយ​រោងចក្រ​ស្បែកជើង​នេះ យ៉ាង​ហោច​ណាស់​តាំងពី​ខែតុលា ពាក់ព័ន្ធ​នឹង​ករណី​ដែល​ក្រុមហ៊ុន បាន​សម្រេច​ប្រើប្រាស់​កិច្ចសន្យា​រយៈពេល​ខ្លី​ ។ ទាហាន​ម្នាក់ ដែល​ពាក់​ឯកសណ្ឋាន ត្រូវ​បាន​គេ​ឃើញ​កំពុង​អង្គុយ​នៅ​ក្នុង​ប៉ុស្តិ៍​សន្តិសុខ​រោងចក្រ​នៅ​ពេល​កម្មករ​កំពុង​តវ៉ា នៅ​ថ្ងៃ​ទី ២៦ ខែធ្នូ ប៉ុន្តែ​បាន​បាត់​ទៅ​វិញ​ភ្លាម​ៗ​បន្ទាប់​ពី​អ្នកកាសែត​ទៅ​ដល់​។

នគរបាល ក៏​កំពុង​ស៊ើបអង្កេត​ផង​ដែរ អំពី​ការ​ប្រឈម​មុខ​ដាក់​គ្នា រវាង​សន្តិសុខ​រោងចក្រ និង​កម្មករ​កាលពី​ថ្ងៃ​ទី ២១ ខែធ្នូ ដែល​ក្នុង​នោះ​សន្តិសុខ​ម្នាក់ បាន​ប្រើ​កាំភ្លើង​គំរាម​កម្មករ​។ នាយ​ប៉ុស្តិ៍​សង្កាត់​ទឹកថ្លា លោក សុខ ផល បាន​ថ្លែង​ថា នគរបាល នៅ​មិន​ទាន់​ប្រាកដ​នៅឡើយ​ថា​តើ​បុរស​ម្នាក់​នោះ ជា​ទាហាន ឬ​អត់ ដោយសារ​គាត់​បាន​រត់​ចេញពី​កន្លែង​កើតហេតុ​។

លោក ផល ថ្លែង​ថា​៖ «​ខ្ញុំ​មិនដឹង​ទេ [​ថា​តើ​គាត់​ជា​ទាហាន​ឬ​អត់​] ដោយសារ​រោងចក្រ​បាន​ជួល​សន្តិសុខ​សម្រាប់​ខ្លួនឯង​។ យើង​មិនដឹង​ថា តើ​ពួក​គេ​មកពីណា​ទេ​»​។ «​គាត់​មិន​ទាន់​បាន​បាញ់កាំភ្លើង​នោះ​នៅឡើយ​ទេ​»​«​កម្មករ​គ្រាន់តែ​ឃើញ​អាវុធ ហើយ​ភ័យ​ខ្លាច​»​។នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ តំណាង​រោងចក្រ Pou Yuen លោក Hsiao Tsai Yuan បាន​បដិសេធ​ថា រោងចក្រ មិន​បាន​ជួល​ទាហាន​មក​ធ្វើ​ជា​សន្តិសុខ​ទេ​។ នៅ​ពេល​សួរ​ថា តើ​មូលហេតុ​អ្វី ទាហាន​មាន​វត្ត​មាននៅ​កន្លែង​តវ៉ា លោក​បាន​ថ្លែង​ថា លោក​ជាប់រវល់​ ។ កម្មករ​រោងចក្រ​ម្នាក់​ឈ្មោះ អ៊ិ​ន ហំ អាយុ ៣៣ ឆ្នាំ បាន​ថ្លែង​ថា សន្តិសុខ​ដែល​ជា​ទាហាន​មាន​លក្ខណៈ​ហិង្សា​ចំពោះ​កម្មករ​ដែល​តវ៉ា​។

លោក ហំ បាន​ថ្លែង​បន្ត​ថា​៖ «​នៅ​ពេល​ពួក​គេ​ជួល​ទាហាន​ដូចនេះ វា​ធ្វើ​ឲ្យ​ពិបាក​សម្រាប់​យើង​»​។ «​យើង​យល់​ថា​ពិបាក​តវ៉ា​»​។ លោក ហំ ដែល​បាន​ធ្វើការ​នៅ​រោងចក្រ​នេះ អស់​រយៈពេល​៧​ឆ្នាំ បាន​ថ្លែង​ថា កម្មករ​នឹង​បន្ត​ធ្វើការ​តវ៉ា​រហូត​ទាល់តែ​ពួក​គេ​បាន​ទទួល​«​សំណង​សម​ស្រប​»​។ ក្រុមប្រឹក្សា​អាជ្ញាកណ្តា ល ត្រូវ​បាន​រំពឹង​ថា នឹង​ចេញ​សេចក្តីសម្រេច​មួយ​នៅ​ថ្ងៃ​ទី​២៨​ខែធ្នូ​ ៕