យក​កែវ​វាយ​គ្នា​បែក​ក្បាល៣០ថ្នេរ​​ផ្អើល​ពេញ​ក្លឹប​កម្សា​ន្ត RAIN ទាំង​កណ្ដាល​យប់

ភ្នំពេញ៖ យុវជន​ម្នាក់​រង​របួស​បែកក្បា​ល​ហូរ​ឈាម​ជោគ​ខ្លួន​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ​ភ្លាម​ៗ ក្រោយ​ពី​ត្រូវ​យុវ​ជន​ម្នាក់​ទៀត​យក​កែវ​វាយ​បែក​ក្បាល គ្រាន់​តែ​ដើរ​ទើស​ដៃ បង្ក​ការ​ភ្ញាក់​ផ្អើល​ពេញ​ក្នុង​ក្លឹប​កម្សាន្ត​ រ៉េន​(RA​I​N CLUB) ចំណែក​ជន​បង្ក​របួស​ស្នាម​នោះ​ត្រូវ​បាន​កម្លាំង​ល្បាត​អាវុធ​ហត្ថ​ខណ្ឌ​មាន​ជ័យ បាន​ឃាត់​ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ។

ករណី​វាយគ្នា​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០០និង ២០​នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅ​ក្នុង​ក្លឹប​កំសាន្ត​រ៉េន (RAIN CLUB) ក្នុងដីលេខ១៥៨១ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើត​ហេតុ​ជន​សង្ស័យ​ដែល​បង្ក​របួស​ស្នាម​បាន​ផឹក​ស្រា​នៅ​សាឡុង​លេខ​៩ ក្បែរ​គ្នា​នឹង​ជនរងគ្រោះ​សាឡុង​លេខ​៨ លុះ​ដល់​វេលា​កើត​ហេតុ​ខាង​លើ​ជនរងគ្រោះ​ក៏​បាន​ដើរ​ទៅ​បម្រុង​ចូល​បន្ទប់​ទឹក​ក៏​ទើស​ដៃ ធ្លាក់​កែវ​ស្រា​បែក​ខ្ចាយ ហើយ​ជន​រងគ្រោះ​​​ក៏​បាន​លើក​ដៃ​និយាយ​សុំ​ទោស​ដែរ ស្រាប់តែ​ជន​សង្ស័យ​បា​ន​ទាញ​កែវ​ស្រា​ដែល​នៅ​លើ​តុ​វាយ​ទៅ​លើ​ជន​រង​គ្រោះ​២​កែវ​ផ្ទួន​ៗ​គ្នា រួចទាញ​ថូ​ស្រា​បៀរ​បម្រុ​ង​វាយ​ទៅ​លើ​ជន​រងគ្រោះ​ទៀត តែត្រូវ​បាន​ស​ន្តិ​​សុខ​ក្នុង​ក្លឹប រ៉េន ជួយ​ឃាត់​ទាន់ ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ភ្លាមៗ​នោះ​សន្តិ​សុ​ខបាន​នាំ​ទៅ​សាក​សួរនិង ទាក់​ទង​ទៅ​កម្លាំង​អាវុធ​ហត្ថ​ដែល​ដាក់​គោល​ដៅ​ប្រចាំ​ការ មុខ​ក្លឹប​កំសាន្ត​រ៉េន (RAIN CLUB) នោះ​អោយ​មក​ឃាត់​ខ្លួន​យក​ទៅ​សាក​សួរ​បន្ត​តែ​ម្ដង។ ចំណែក​ឯ​ជន​រងគ្រោះ​មាន​ឈ្មោះ ទូច អាយុ​១៨​ឆ្នាំ មាន​ទី​លំ​នៅ​ម្ដុំ​រោង​ចក្រ​ស៉ីម៉ងត៍ ភូមិ​ព្រែក​តាគង់ សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មាន​ជ័​យ រង​របួស​បែក​ក្បាល​ហូរ​ឈាម​ជោគ​ខ្លួន​ត្រូវ​បាន​មិត្ត​ភ័ក្ត​ដឹក​ទៅ​មន្ទីរ​ពេទ្យជ័យជំនះ​រង​របួស​ក្បាល​ធ្ងន់​ដេរ​ជាង​៣០​ថ្នេរ ។ បច្ចុប្បន្ន​ជន​សង្ស័យត្រូវ​បាន​កម្លាំង​ល្បាត​អាវុធ​ហត្ថ​ខណ្ឌមានជ័យ បញ្ជូន​ទៅ​មូល​ដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌ​មាន​ជ័យ ដើម្បី​សាក​សួរ​បន្ត​នីតិវីធី ៕ (ដោយ AhBoYz)