ចៅ​ក្រម​​ស៊ើប​សួរ​ ម៉េង​ តូនី​ សម្រេច​មិន​ឃុំ​ខ្លួន​ថៅ​កែ​លក់​សំបក​កង់​រថយន្ត​

ភ្នំពេញ៖ ករណី​មួយ​គ្រួសារ​ព្រួត​វាយ​បុរស​ម្នាក់​បណ្តាល​ឱ្យ​របួស​ធ្ងន់​ រហូត​មក​ទល់​ពេល​នេះ​ លោក​ ម៉េង​ តូនី​ ចៅក្រមស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ សម្រេច​មិន​ឃុំ​ខ្លួន​បុរស​ម្នាក់​ជា​ថៅ​កែ​លក់​សំបក​កង់​រថយន្ត​យី​ហោ លឹម​ ប៉េងហ៊ុយ​ តែដាក់​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលា​ការ​ ។ ប្រភព​ព័ត៌មាន​​បញ្ជាក់​ការ​សម្រេ​ច​មិន​ឃុំ​ខ្លួន​នេះ បន្ទាប់​ពី​ជន​ត្រូវ​ចោទ​ ឡាច​ សុផល​ ហៅ​ លឹម​ ប៉េងហ៊ុយ​ ដាក់​ប្រាក់​តម្កល់​មួយ​ចំនួន​ ខណៈ​ជន​រងគ្រោះ​ពុំ​ទាន់​ទទួល​បាន​សំណង​រដ្ឋ​ប្បវេណី​​សូម្បី​មួយ​រៀល​ ។

មន្ត្រី​តុលា​ការ​ថ្លែង​ថា​ ជន​សង្ស័យ​ឈ្មោះ​ ឡាច​ សុផល​ ហៅ​ លឹម​ ប៉េងហ៊ុយ​ អាយុ៦៩ឆ្នាំ​ ត្រូវ​បាន​លោក​ សឿន​ មុនីរ័ត្ន​ ព្រះរាជអាជ្ញារងនៃ​អយ្យ​ការ​អមសា​លា​ដំបូង​រាជធានី​ភ្នំពេញ​ ចោ​ទ​ប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេត​នា តាម​មា​ត្រា​​២១៧​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ។​ ចន្លោះ​ពេល​នេះ​​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​សង្ឃឹម​ថា​ តុលា​ការ​នឹង​ចាត់​ការ​លើ​ជន​សង្ស័យ​តាម​ច្បាប់​ ដោ​យ​ពុំ​ត្រូវ​រង​សម្ពាធ​នៃ​ការ​អន្តរាគមន៍​ណា​មួយ​ឡើ​យ​ ពោល​គឺ​គួរ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​ ដោយ​សារ​ចរិត​នៃ​ការ​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ គឺ​មាន​លក្ខណៈ​ធ្ងន់​ធ្ងន់​ មួយគ្រួសារ​ព្រួត​វាយ​ជន​រង​គ្រោះ តែ​ទី​បំផុត​ជន​សង្ស័យ​ម្នាក់​ប៉ុណ្ណោះ​ ត្រូ​វបាន​ឃាត់​ខ្លួន​បញ្ជូន​មក​តុលាការ​ ។​ ប៉ុន្តែ​ទី​បំផុត​​ជន​ត្រូវ​ចោទ​ ឡាច​ សុផល​ ត្រូវលោក​ចៅ​ក្រម​ស៊ើប​សួរ​ ម៉េង​ តូនី​ សម្រេច​មិន​ឃុំ​ខ្លួន​ ។

នគរបាល​​បញ្ជាក់​ថា​ ជន​សង្ស័យឈ្មោះ ឡាច​ សុផល ហៅ ហ៊ុយ ភេទប្រុស​ អាយុ៦៩ឆ្នាំ ជា​អ្នក​លក់​សំបក​កង់​រថយន្ត​ ស្នាក់នៅផ្ទះ​លេខ​១៩៦​E0-E1ផ្លូវ១៨២ក្រុមទី២៤​ ភូមិ៦​សង្កា​ត់​ផ្សារដេ​ប៉ូទី​១ ខណ្ឌ​ទួល​គោក​ ។ ប្រភព​ព័ត៌​មាន​​បញ្ជាក់​ថា​ កាលពីល្ងាចថ្ងៃទី​២​០​ ខែ​ធ្នូ​ ជន​រងគ្រោះ​ឈ្មោះ​ គឹម ប៊ុនឡុង ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​មុខ របរ និស្សិត​ បាន​ឡើង​លើ​ផ្ទះ​របស់​ខ្លួន​ជាន់​ទី​១ ទៅមើលខ្សែភ្លើង​ដែ​ល​ជន​សង្ស័យ​ឈ្មោះ ឡាច​ សុផល ហៅ ហ៊ុ​យ បាន​ត​ពី​ពេល​ថ្ងៃ​កាត់​មុខ​ផ្ទះ​របស់​ខ្លួន ។​ ពេល​នោះ​ជនរងគ្រោះ​បាន​យក​ទូរស័ព្ទ​ដៃ​មក​ថត​ខែ្ស​ភ្លើង​ដែល​ទើប​នឹង​ត​នោះ​ រួចចុះ​មក​ខា​ង​ក្រោម​វិញ​តាម​ជណ្តើរ​រួម​គ្នា ដល់ពាក់ក​ណ្តា​ល​ស្រាប់​តែ​ឈ្មោះ​ ឡាច ដារី ត្រូវជាកូន​ស្រី​របស់​ជន​សង្ស័យ​ឈ្មោះ ឡាច​ សុផល ហៅ ហ៊ុយ មាន​ទំនាស់​ពាក្យ​សម្តី​ជា​​មួយ​ជន​រង​គ្រោះ​​ឈ្មោះ គឹម​ ប៊ុនឡុង រឿងត​ខ្សែ​ភ្លើងកា​ត់មុខ​ផ្ទះ​របស់​ដោយ​មិន​បាន​សុំ​ខ្លួន ។

លោក លី សុផានណា អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រា​ជធានី​ភ្នំ​ពេញ មិន​ឆ្លើយ​ចំពោះ​សំណួរ​អ្នក​សារ​ព័ត៌​មាន​នៅ​ក្នុង​គ្រុប Telagram របស់​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេ​ញ ៕