សូម​ប្រយ័ត្ន! ពី​ល្ងាច​ថ្ងៃទី​២៥ ឥទ្ធិពល​ព្យុះ តឹមប៊ីន មក​ដល់​កម្ពុជា បន្ត​រហូត​ដល់​ថ្ងៃ…

រាជធានី​ភ្នំពេញ៖ ក្រសួង​ធនធាន​ទឹក និង​​ឧតុនិយម នៅ​ព្រឹក​​ថ្ងៃ​ទី​២៥ ខែធ្នូ ២០១៧​នេះ បាន​​ចេញ​សេចក្តី​ជូន​ដំណឹង​​បន្ថែម ស្តី​ពី​ឥទ្ធិពល​​របស់​ព្យុះ​​ទី ២៧ ឈ្មោះ តឹ​ម ប៊ិ​ន (TEMBIN) មក លើ​ព្រះ​រាជាណាចក្រ​កម្ពុជា។

តាម​​រយៈ​​សេចក្ដី​ជូន​ដំណឹង​​នេះ ក្រសួង​​ធនធាន​ទឹក​បាន​​បញ្ជាក់​​ថា ព្យុះ តឹ​ម​ប៊ិ​ន នឹង​មាន​ឥទ្ធិពល​មក​​លើ​​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចាប់​ពីល្ងាច​ថ្ងៃទី ២៥​ដល់​២៨ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​បង្ក​ឱ្យ​មាន​​ខ្យល់​បក់​បោក​ខ្លាំង លាយឡំ​​ជាមួយ​នឹង​ភ្លៀង​ខ្លាំង​​នៅ​លើ​​ផ្ទៃ​សមុទ្រ និង​តំបន់​ឆ្នេរ ព្រមទាំង​ធ្វើ​ឱ្យ​មាន​ភ្លៀង​​ធ្លាក់​​ពី​​មធ្យម​​ទៅ​​ច្រើន ក្នុង​ក្របខ័ណ្ឌ​​ស្ទើរ​​ទូ​ទាំង​ប្រទេស។

មាន​​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ធ្លាក់​​រាយ​ប៉ាយ​ពី​​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ស្ទើរ​​ទូ​ទាំង​​ប្រទេស ពិសេស​បណ្តា​​ខេត្ត​ជាប់​​បណ្តោយ​ព្រំដែន​​កម្ពុជា​-​វៀតណាម។

តំបន់​​មាត់​សមុទ្រ និង​​នៅ​លើ​ផ្ទៃ​សមុទ្រ ផ្ទៃ​មេឃ​​មាន​​ពពក​​ច្រើន​ដេរដាស មាន​​ភ្លៀង​​ធ្លាក់​ពី​​បង្គួរ​ទៅ​ច្រើន មាន​​ខ្យល់​​បក់​​បោក​​ខ្លាំង។

ជាមួយ​គ្នា​​នេះ​​ក្រសួង​​ធនធាន​ទឹក បាន​អំពាវនាវ​​ឲ្យ​ប្រជា​ពលរដ្ឋ​ត្រូវ​បង្កើន​ការ​​ប្រុង​ប្រយ័ត្ន ជា​ពិសេស​​អ្នក​ធ្វើ​​ដំណើរ​​តាម​​សមុទ្រ​គួរ​ផ្អាក​សកម្មភាព ចាប់​ពី​​ល្ងាច​ថ្ងៃ​ទី ២៥ ខែធ្នូ រហូត​ដល់​​ស្ថានភាព​អាកាសធាតុ បាន​ល្អ​ប្រសើរ​ឡើង​វិញ​៕