តុលាការចេញដីកាឃុំខ្លួនតៃកុង​រថយន្ត​បុក​ម៉ូ​តូ​ស្លាប់​៤​នាក់ នៅ​ស្រុក​អង្គ​ស្នួល

កណ្តាល៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៧​ លោក​ ទី​ សំណាង​ ចៅក្រមស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​កណ្តាល​ បាន​ចេញ​ដី​កា​ឃុំ​ខ្លួន តៃ​កុង​​រថយ​​ន្ត​បើក​បុក​ម៉ូតូ បណ្តាល​ឱ្យមនុស្ស​៤​នាក់​ស្លាប់​នៅ​ស្រុក​អង្គ​ស្នួល​ដាក់​ពន្ធនាគា​បណ្ដោះ​អាសន្ន ។ យោងតាមសមត្ថកិច្ចបាន​ប្រាប់​អោយដឹងថា តៃកុង​មាន​ឈ្មោះ​ សេង ចាន់ឌឿន អាយុ​២​៣​ឆ្នាំ ត្រូវ​បាន​លោក​ សូ​ សុវិទ្យា​ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្តកណ្តាល​ ចោទ​ប្រកាន់​ពី​បទ បើកបរ​ធ្វេស​ប្រហែល​ ខ្ជីខ្ជា​ មិនប្រុងប្រយ័ត្ន​ ឬ​ មិនគោរពកាតព្វកិច្ច​ បណ្តា​លឱ្យស្លាប់អ្នកដទៃ​ ​តាមមាត្រា​៨៥​ច្បាប់​ស្តី​ពី​ចរាចរ​ណ៍​ផ្លូវ​គោក ​។

គួរំលឹកថា កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ​ឆ្នាំ​២០១៧ មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​៤​នាក់​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោច​អាធ័ម​ ខ​ណៈ​ជិះ​ម៉ូតូ​ឌុប​គ្នា​វ៉ា​ជែង​​រថយន្ត​បែន បើក​បុក​ម៉ូតូ ចំ​យ៉ាង​ពេញ​ទំហឹង បណ្តាល​អោយ​ស្លាប់​មួយ​គ្រួសារ​នៅ​និង​កន្លែង​កើត​ហេតុចំណុច​ ផ្លូវ​ជាតិ​លេ​ខ​៤១​គីឡូ​ម៉ែត្រ ០១-០២ ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គ​ស្នួល ខេ​ត្ត​កណ្ដាល ។

លោក​អធិការ​ស្រុក​អង្គ​ស្នួល​បាន​ប្រាប់​ថា នៅ​ថ្ងៃ​ខែ​ឆ្នាំ​និង​វេលា​ម៉ោង​កើត​ហេតុ​ខាង​លើ មាន​រថយន្ត១​គ្រឿង នីស​សាន់ ប្រភេទបែន ពណ៌​ខៀវ​ពាក់​ផ្លាក​លេខ ភ្នំពេញ3A-2777 បើក​បរ​ដោយ​ឈ្មោះ សេង ចាន់​ឌឿន ភេទ​ប្រុស អាយុ ២៣ មុខរបរ តៃកុងឡាន ទីលំ​នៅ​ភូមិ​ព្រ​ពាំង​ស្យា ឃុំ​ស្វាយ​រំពារ ស្រុក​បរសេដ្ឋ ខេត្ត​ពង់​ស្ពឺ ដែល​បើក​ពី​ទិស​ខាង​ជើង​ទៅ​ទិស​ខាង​ត្បូង​(ថ្នល់​ទទឹង​ទៅ​កំពង់​ត្រាំ )​លុះ​ដល់​ចំណុ​ច​កើត​​ហេតុ​ខាង​លើ បាន​បុក​ម៉ូតូ​មួយ​គ្រឿង ម៉ាក ហុង​ដាឌ្រីម សេ​១២៥ ពណ៍ខ្មៅ ពាក់​ផ្លាក​លេខ​ភ្នំពេញ 1CW-4614 បើក​បរ​ដោយ​ឈ្មោះម៉ន ជីមី ភេទប្រុស អាយុ​២៦​ឆ្នាំ​មុខរប កម្មករ​( ពាក់​មួក​សុវត្តិ​ភាព )បាន​ឌុប​ប្រពន្ធ កូន​នឹង​ក្មួយ​ទី​១ ឈ្មោះ ហៀង គឹមសាន ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខ​របរ​កម្មករ ត្រូវ​ជា​ប្រពន្ធ( ពាក់​មួក​សុវត្តិភាព ) ទី២ ឈ្មោះ ម៉ន សម្បត្តិ អាយុ០២ឆ្នាំ​ត្រូវ​ជា​កូន ក្នុង​បន្ទុក​ទី​៣ ឈ្មោះ ខេម ស្រីម៉ី អាយុ ០៩ឆ្នាំ ត្រូវជាក្មួុយ( ពាក់​មួក​សុវត្តិ​ភាព )អ្នក​ទាំង​បួន មានទីលំនៅ​ភូមិ​ត្រពាំង​សុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត​កណ្ដាល​(ម៉ូតូ​មាន​កញ្ចក់)​បើក​ពី​ទិសខា​ងត្បូង​ទៅ​​ទិស​ខាង​ជើង (កំពង់ត្រាំទៅថ្នល់​ទទឹង​)​ក្នុង​ទិស​ដៅ​បញ្រ្ចាស​ទិស​គ្នា ។

ចំពោះ​អ្នក​បើកបរ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន យក​មក​អធិការដ្ឋាន និង​ធ្វើ​តេស្តទឹក​នោម ជា​លទ្ធ​ផល​ពុំ​មាន សារ​ធាតុញឿន​ក្នុង​ខ្លួន​នោះ​ទេ សេក្តី​សន្ឋិដ្ធាន ករណី​នេះបណ្តាល​មក​ពី​អ្នក​បើក​បរ​រថយន្ត​មិន​ប្រកាន់​ស្ដាំ និង​អ្នក​បើកបរ​ម៉ូតូ បើក​បរក្នុងល្បឿន​លឿនវ៉ាជែង​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់ ចំពោះ​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕