ប្រពន្ធ​ដាក់​ប៉័ងតោ​ក្នុង​កាបូប​ដេញ​កាប់​ប្ដី​ផ្អើល​ទាំង​ព្រលឹម

រាជធានី​ភ្នំពេញ៖ ប្ដី​ប្រពន្ធ​មួយ​គូ​ទាស់​គ្នា​ទាំង​ព្រឹក​ព្រលឹម នៅ​មុខ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ដោយ​ប្រពន្ធ​បាន​ដាក់​កាំបិត​ប៉័ងតោ​ក្នុង​កាបូប ហើយ​ដេញ​កាប់​ប្ដី​ផ្អើល​គេ​ឯង​នៅ​កន្លែង​កើតហេតុ កាល​ពី​វេលា​ម៉ោង ៦ និង​៣០​នាទី ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៧ ខណៈ​ដែល​ភាគី​ខាង​ប្រពន្ធ​បាន​ខល​ហៅ​ប្ដី​មក​ទទួល​ដឹក​ទៅ​កន្លែង​ធ្វើការ។​

តាម​សម្ដី​បុរស​ជា​ប្ដី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​មក​ទទួល​យក​ប្រពន្ធ​ទៅ​កន្លែង​ធ្វើការ​នៅ​មុខ​មន្ទីរពេទ្យ​កាល់ម៉ែត្រ ស្រាប់តែ​ប្រពន្ធ​គាត់​បាន​ដក​កាំបិត​ប៉័ងតោ​ចេញ​ពី​ក្នុង​កាបូប​មក ហើយ​ដេញ​កាប់​គាត់ គាត់​ក៏​រត់​គេច​ពេញ​ផ្លូវ​តែ​ម្ដង។ បន្តិច​ក្រោយ​មក ក៏​មាន​បង​ស្រី​ជីដូនមួយ​របស់​ភាគី​ខាង​ប្ដី​បាន​មក​ដល់ ក៏​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ឈាន​ដល់​ការ​ប្រតាយប្រតប់​គ្នា។ ភាគី​ខាង​ប្រពន្ធ​បាន​ខាំ​ដៃ​បងស្រី​ជីដូនមួយ​ខាង​ប្ដី​ចេញ​ឈាម​ហូរ​រហាម។​

ភាគី​ខាង​ប្ដី​បាន​បន្ត​ទៀត​ថា ហិង្សា​ខាងលើ​គឺ​កើត​ចេញ ដោយសារ​តែខាង​ប្តី​ខឹង​ប្រពន្ធ​ពូកែ​លេងល្បែង ​ហើយ​ប្ដី​សុំ​លែងលះ​ថែមទៀត​ផង។​ ចំណែក​ខាង​ប្រពន្ធ​ខឹង​ប្ដី​ដោយ​ចោទ​ថា ប្ដី​មាន​ស្រី រួច​ក៏​ឈ្លោះគ្នា​នៅក្នុង​រថយន្ដ ទើប​ប្រពន្ធ​ខឹង​ចិត្ត ក៏​ដេញ​កាប់​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ពេញផ្លូវ​តែ​ម្ដង។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​អញ្ជើញ​ភាគី​ទាំង​ពីរ​ដែល​មាន​ការ​វាយគ្នា​ខាងលើ​យក​ទៅ​ប៉ុស្តិ៍​ស្រះ​ចក ដើម្បី​ដោះស្រាយ​គ្នា​តាម​នីតិវិធី៕