ឃុំ​ខ្លួន​បុរសដែល​ចាក់​សម្លាប់​សង្សារ​ជា​បុគ្គ​លិ​ក KTV​ដឹ​ឃ្វីន

ភ្នំពេញ៖ យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២៤ ធ្នូ​នេះ​ថា លោក ម៉េង តូនី ចៅ​ក្រម​ស៊ើប​សួរ​នៃ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដី​កា​ស​ម្រេច​បង្គាប់​ឱ្យ​ឃុំ​ខ្លួន បុរស​ដែល​ចាក់​សម្លាប់​សង្សា​រ​ជា​បុគ្គលិក KTV ដឹឃ្វីន ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនា​គារ​ព្រៃស​កាល​​ពី​រសៀល​ម្សិល​មិញ​ហើយ ។

ប្រភព​បន្ដ​ថា លោក វង់ ប៊ុនវិសុទ្ធ ជា​តំណាង​អយ្យការ​បាន​ចោទ​ប្រកាន់​លើ​ឈ្មោះ ស៊ុយ មេសា ហៅលូ ភេទ​ប្រុស អា​យុ​២២​ឆ្នាំ មុខរបរ លក់​អាវ​ជ​ជុះ ស្នាក់​នៅ​​ភូ​មិ​​ត្រាំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្ត​តា​កែ​វ ពីបទ​ឃាតកម្ម និង​បទ អំពើ​រួម​ភេទ​ជា​មួយ​អនីតិ​ជន​ក្រោម​អាយុ ១៥​ឆ្នាំ ប្រព្រឹត្ត​លើ​ជន​រង​គ្រោះ​ឈ្មោះ​ស.ស.យ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ចំ​ណុ​ចផ្ទះ​ជួល​លេខ​102 ផ្លូវ​បេតុង ស្ថិត​ក្នុង​ភូមិ​ទ្រុង​មាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ យោង​តាម​មាត្រា ១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ និងមាត្រា ៤២ នៃច្បាប់ស្តីពី ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និង​អំពើធ្វើ​អា​ជីវ​កម្ម​ផ្លូវ​ភេទ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ដោយ​មាន​កិច្ច​ស​ហ​កា​​រវាង​កម្លាំង​នគរបាល​ព្រហ្ម​ទណ្ឌ​នៃ​ស្នង ការ​ដ្ឋាន​នគរបាល​ខេត្ត​តាកែវ ជាមួយ​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ។

សមត្ថកិច្ច​បាន​បន្ដ​ថា ជន​សង្ស័យ​​បាន​សារ​ភាព​​នៅ​​​ចំពោះ​​​មុខ​​​សមត្ថ កិច្ច​​ថា រូប​គេ​​ពិត​​ជា​បាន​​​​ចាក់​​​សម្លាប់​​​នារី​​​រង​គ្រោះ​ជា​សង្សារ​​​មែន នៅ​យប់​កើត​ហេតុ​ថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ២០១៧ ខ្លួន និង​នារី​រងគ្រោះ​បាន​ដេក​ជា​មួយ​គ្នា ពេ​​ល​នោះ​នារី​​​រង​គ្រោះ​​​បាន​និយាយ​​​ទូរស័ព្ទ​​​ជា​​មួយ​​មនុស្ស​​ប្រុស​ផ្សេង​ដោយ​ប្រើ​ពាក្យ​ផ្អែម​ល្ហែម​ពេក ។ ដោយ​សារ​តែ​មាន​​​ចិត្ត​​​ប្រចណ្ឌ​នាង ទើប​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំង និង​ឈាន​ដល់​ការ​ចាក់​សម្លាប់​នាង​ចោល​តែ​ម្តង ៕