រថយន្ត​ដឹក​ស៊ីម៉ង់ត៍ កិន​ស្លាប់​២​នាក់ និង២​នាក់​​ទៀត​​របួស​ធ្ងន់

តាកែវ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន កើតឡើង​កាល​​​ពីវេលា​ម៉ោង​៧​និង​២០​នាទី​យ​ប់ ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៧ កើត​ឡើង នៅ​លើ​ផ្លូវ​ជាតិ​លេខ​២ ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៧០-​៧១ ក្នុង​ភូមិ​ច្រេស សង្កាត់​រកា​ក្នុង ក្រុង​ដូនកែវ ខេត្ត​តាកែវ ដោយ​មាន​ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា ពេញ​ទំហឹង​បណ្តាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​រថយ​ន្ត​ដឹក​ស៊ីម៉ង់ត៍​ដែល​បើក​បញ្ច្រាស​ទិស​គ្នា បណ្តាល​ឲ្យ​ស្លាប់​២​នាក់ និង​២​នាក់​ទៀត​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ ។

ជន​រងគ្រោះ​ទាំង​៤​នាក់​ខាង​លើ​នេះទី១-ឈ្មោះ មាស សៀក ភេទប្រុស អាយុ៣៤ឆ្នាំ រស់​នៅ​ភូមិ​តាសំ ឃុំ​បឹង​ត្រាញ់​ខាង​ត្បូង ស្រុក​សំរោង ខេត្ត​តាកែវ ជា​អ្នក​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌ខ្មៅ ពាក់​ស្លាក​លេខ កំព​ង់​ចាម 1Q-7137 (ស្លាប់) បាន​បើក​ធ្វើ​ដំណើរ តាម​បណ្ដោយ​ផ្លូវ​ខាងលើ លុះ​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​បុក​ជា​មួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុង​ដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខតាកែវ 1M-2633 ដែល​បើក​បរ​ដោយ​ឈ្មោះ ភឹម ហ៊ា ភេទប្រុស អាយុ​២​០​ឆ្នាំ ស្នាក់​នៅ​ភូមិ​រូង ឃុំលំចង់ ស្រុកសំរោង ខេត្ត​តាកែវ (រង​របួស​ធ្ងន់) រួម​ដំណើរ​​ជា​មួយ​និង២​នាក់​ទៀត ទី១ឈ្មោះ ម៉េង រស្មី ភេទ​ប្រុ​ស អាយុ​១៩​ឆ្នាំ (របួសធ្ងន់) និង​ទី​២ឈ្មោះ ភឹម ហ៊ត ភេទប្រុស អាយុ១៨ឆ្នាំ (ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ) ។ ចំណែក​អ្នក​បើកបរ រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក នីស​សាន់ ពណ៌​លឿង ពាក់​ស្លាក​លេខ បាត់​ដំបង 5A-0007 បាន​ចុះពីលើ​រថយន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើ​ការ​វាស់​វែង នាំយក​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​៣​គ្រឿង យក​ទៅ​រក្សា​ទុកនៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​ដូន​កែវ ដើម្បី​រង់​ចាំដោះ​ស្រាយ​គ្នា​តាម​ច្បាប់​បន្ត​ទៀត ។ ​ចំណែក​សព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់​ហេតុ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕