តុលាការ​សម្រេច​ឃុំ​ខ្លួន​លោក​មេធាវី​ទំនើង​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស

រាជធានី​ភ្នំពេញ៖ លោក​ ថាន់​ ឡេង​ ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូងរាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២១​ ខែធ្នូ​ សម្រេច​ឃុំខ្លួន​មេធាវី​ អ៊ិត​ ពិសិដ្ឋរង្សី ដាក់​ពន្ធនាគារ​ព្រៃ​ស​ ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្ត​ទៀត​។

ការ​ឃុំខ្លួន​នេះ​ត្រូវ​បាន​ធ្វើឡើង​បន្ទាប់​ពី​មេធាវី​ អ៊ិត​ ពិសិដ្ឋរង្សី​ ត្រូវបាន​ព្រះរាជអាជ្ញា​រង​ សឿន​ មុនីរ័ត្ន​ ចោទ​ប្រកាន់​ពី​បទ “ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​” តាម​មាត្រា​២១៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

​មេធាវី​ អ៊ិត​ ពិសិដ្ឋរង្សី​ ត្រូវ​បាន​ឃាត់ខ្លួន​ផ្លូវការ​​ក្រោយ​បាញ់​យុវជន​ម្នាក់​ឲ្យ​របួស​និង​គំរាម​បាញ់​យុវជន​ម្នាក់​ទៀត​ ដែល​ជា​ការ​គំរាម​កំហែងអាយុ​ជីវិត។​ អំពើ​ល្មើស​នេះ​ទំនង​កើត​ចេញ​ពី​ភាព​ស្រវឹង​ និង​ ចរិតក្រអឺតក្រទម​ កោងកាច​ ដែល​មិត្តភក្តិ​ជន​សង្ស័យ​លួច​បង្ហើប​ប្រាប់​។​ មជ្ឈដ្ឋាន​មួយ​ចំនួន​សង្ឃឹម​ថា​ វប្បធម៌​និទណ្ឌភាព​ឬ​ភាព​គ្មាន​ទោសចំពោះ​ជន​ល្មើស​ដែល​ប្រព្រឹត្ត​គួរ​បញ្ឈប់​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់នៅ​កម្ពុជា​។

ហេតុការណ៍​បាញ់​យ៉ាង​គគ្លើន​នេះ​ កើតឡើង​កាល​ពី​វេលា​ម៉ោង​២២៖៣០​ ថ្ងៃទី​១៨​ ខែធ្នូ​ នៅ​ជិត​ភូមិគ្រឹះ​នាយឧត្តមសេនីយ៍​ នេត​ សាវឿន​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ ផ្លូវ​លេខ​២១១​កែង​ផ្លូវ​លេខ​២១៧​ ភូមិ​៧​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មករា​។​

ក្រោយ​ហេតុការណ៍​បាញ់​នេះ​ ជន​រងគ្រោះ​ពីរ​នាក់​ជា​និស្សិត​សាលា​ច្បាប់​ បាន​ដាក់​បណ្តឹង​ប្តឹង​ជន​សង្ស័យ​ អ៊ិត​ ពិសិដ្ឋរង្សី​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​របួស​ និង​ រង​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​។

របាយការណ៍​នគរបាល​បង្ហាញ​ថា​ ជន​សង្ស័យ​ចេញ​ពី​ហូប​ការ​គេ​នៅវិមាន​ចរណៃ​ រួច​ជួប​ជុំ​មិត្តភក្តិ​ហូប​បន្ត​នៅ​ចំណុច​កើតហេតុ​។​ ពេល​ហូប​នោះ​ មាន​ការ​ទាស់​សម្តី​គ្នា​ ទើប​ជន​សង្ស័យ​ចូល​ក្នុង​រថយន្ត​ យក​កាំភ្លើង​ម៉ាក​ទំនើប​បាញ់​ជន​រងគ្រោះ​ឈ្មោះ​ លី​ តុលា​ បណ្តាល​ឲ្យ​របួស​ជើង​ខាង​ស្តាំ​និង​បន្ត​យក​កាំភ្លើង​ភ្ជង់​គំរាម​ជន​រងគ្រោះ​ម្នាក់ទៀត​ឈ្មោះ​ ខុន​ បញ្ញាសិទ្ធិ​។

អ្វី​ជា​ការ​កត់​សម្គាល់​គឺ​ នៅ​ពេល​សមត្ថកិច្ច​ចុះ​ដល់​កន្លែង​កើតហេតុ​ មេធាវី​ អ៊ិត​ ពិសិដ្ឋរង្សី​ បោះ​ពាក្យ​សម្តី​យ៉ាង​ព្រហើន​ថា​ “គេ​ចង់បាញ់​ប៉ុន្មាន​គ្រាប់​ទៀត​ ក៏​គ្មាន​បញ្ហា​ដែរ​”។

ការ​ប្រព្រឹត្ត​របស់​មេធាវី​ អ៊ិត​ ពិសិដ្ឋរង្សី បាន​ប៉ះពាល់​យ៉ាង​ខ្លាំងក្លាដល់​វិជ្ជាជីវៈ​មេធាវី​ តែ​ទោះបី​យ៉ាងណា​ នៅ​ថ្ងៃទី​១៩​ ខែធ្នូ​ នៅ​ពុំទាន់អាច​សុំ​ការ​បញ្ជាក់​ពី​លោក​មេធាវី​ យឹម​ សារី​ អ្នក​នាំ​ពាក្យ​គណៈមេធាវី​បានទេ​ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។​

រាជ​រដ្ឋាភិបាល​កម្ពុជា​ ខិតខំ​យ៉ាងខ្លាំង​ចំពោះ​ការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​ ប៉ុន្តែ​ដោយសារ​ជន​ឱកាស​និយម​មួយ​ចំនួន​ តែងតែ​ឆ្លៀត​យក​តួនាទីប្រព្រឹត្ត​បទ​ល្មើស​ ពិសេស​ការ​បាញ់បោះ​សេរី​ ដែល​បង្ក​ភាពអសន្តិសុខ​​ក្នុង​សង្គម។​ មជ្ឈដ្ឋាន​​ជា​ច្រើន​សង្ឃឹម​ថា​ ស្ថាប័ន​មានសមត្ថកិច្ច​ ពិសេស​តុលាការ​អនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​ ពុំត្រូវ​រង​សម្ពាធ​ណា​មួយ​ឡើយ​៕