ពលរដ្ឋ​​ជាង​​៤០​​គ្រួសារ​​ចោទ​​ក្រុម​ហ៊ុន​​ចិន​​ឈូស​​ឆាយ​​ដី​​ស្រែ

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ជាង ៤០​គ្រួសារ រស់នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះ​វិហារ ចោទ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហេង ហ្វូ ថា​បាន​សម្រុក​ឈូស​ឆាយដី​ស្រែ​ចម្ការ​របស់​សហគមន៍​ជា​ច្រើន​គ្រួសារ​។ ចំណែក​អាជ្ញាធរ​ឃុំ​បារម្ភ​ខ្លាំង​ពី​ការ​បាត់បង់​ដីស្រែ​ចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច​ទាំងនេះ ក៏​ប៉ុន្តែ​គេ​មិន​មាន​គោលការណ៍​ឱ្យ​ប្រសើរ​ណាមួយ​ដែល​អាច​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​នោះ​បាន​ទេ ព្រោះ​ជា​កាតព្វកិច្ច​របស់​ថ្នាក់លើ ​។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះ​វិហារ កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ី​វិល​ឲ្យ​បញ្ឈប់​ការ​រំលោភ​ដីធ្លី​ដោយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហេង ហ្វូ​។ កាលពី​ខែសីហា ឆ្នាំ​២០១៧ សហគមន៍​ភូមិ​ប្រមេរ ច្រើន​គ្រួសារ បាន​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដក​អាជ្ញាធរ​ប័ណ្ណ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ហេង ហ្វូ ដែល​ជា​ក្រុមហ៊ុនមេ និង​មាន​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ចំនួន ៥ ទៀត ដូច​ជា ក្រុមហ៊ុន ឡាន ហ្វេ​ង រួយ ហ្វេ​ង ក្រុមហ៊ុន ហេង ណុ​ង ក្រុមហ៊ុន ហេង រួយ និង​ក្រុមហ៊ុន ហេង យូ​។ សហគមន៍​ចោទ​ថា ក្រុមហ៊ុន​ទាំងនេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឱ្យ​បាត់បង់​ដីស្រែ​ចម្ការ ដែល​ជា​កន្លែង​ក្រុម​ជនជាតិ​ដើម​ភាគតិច​ប្រកប​របរ​ចិញ្ចឹមជីវិត​ផង​ ។

ប្រជា​សហគមន៍​ឃុំ​ប្រមេរ លោកស្រី ស្វាយ យឿ​ង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ថា ទីតាំង​ដែក​ក្រុមហ៊ុន​យក​គ្រឿងចក្រ​ចំនួន ៥​គ្រឿង​ឈូស​ឆាយ​រំលោភ​ដីចម្ការ​ពួក​គាត់​កាលពី​ពេល​ថ្មី​ៗ​នេះ គឺជា​តំបន់​ដែល​ជនជាតិ​ដើម​ភាគតិច​កួយ​អាស្រ័យ​ផល​ច្រើន​ឆ្នាំ​មក​ហើយ​។ លោកស្រី​ថា បន្ទាប់​ពី​ឈូស​ឆាយ​រួច ក្រុមហ៊ុន​បាន​ជួល​កម្មករ​ឱ្យ​ដាំ​អំពៅ​ទាំង​យប់ ខណៈ​សហគមន៍​កំពុង​ស្វែង​កិច្ច​អន្តរាគមន៍​។ លោកស្រី​ថ្លែង​ទៀត​ថា ជនជាតិ​ដើម​ភាគតិច​រស់នៅ​ពឹង​ផ្នែក​ទៅ​លើ​ការ​ធ្វើស្រែ​ចម្ការ ក៏​ប៉ុន្តែ​ដីចម្ការ និង​ដី​សមូហភាព​របស់​សហគមន៍ ត្រូវ​ក្រុមហ៊ុន​រំលោភ​យក នាំ​ឲ្យ​ពួក​គាត់​គ្មាន​ដី​ធ្វើស្រែ​ចិញ្ចឹមជីវិត និង​បាត់បង់​ប្រាក់​ចំណូល​៖ «»​។

ស្ត្រី​ដដែល​បន្ថែម​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ព្រៃឈើ​ដែល​ជនជាតិ​ដើម​ភាគតិច​ធ្លាប់​អាស្រ័យ​ផល​ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​យក​អស់​ស្ទើរ​ទាំងស្រុង​។ រីឯ​ព្រៃឈើ និង​ដើមឈើ​ផលិត​ជ័រទឹក ក៏​កាន់តែ​បាត់បង់​ទៅ​ៗ ហើយ​ធ្វើ​ឱ្យ​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​បាត់បង់​ទីជម្រក ចំណែកឯ​ជនជាតិ​ដើម​ភាគតិច​ក៏​គ្មាន​ទីកន្លែង​ប្រកប​របរ​ប្រចាំ​ថ្ងៃ​ដែរ​៖ «»​។ អាស៊ី​សេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន ហេង ហ្វូ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ​ ។ មេឃុំ​ប្រមេរ លោក ធាន ហេង ទទួលស្គាល់​ថា វិបត្តិ​ដីធ្លី​នេះ​បាន​អូស​បន្លាយពេល​ច្រើន​ឆ្នាំ​មក​ហើយ​។ ចំណែក​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ខែត្រ និង​ស្ថាប័ន​ពាក់ព័ន្ធ​កំពុង​ដោះស្រាយ​រឿង​នេះ​។ លោក​ថា ពលរដ្ឋ​ជាង ៤០​គ្រួសារ បាន​ប្ដឹង​សុំ​កិច្ច​អន្តរាគមន៍​មក​អាជ្ញាធរ​ឃុំ​ឲ្យ​ជួយ​ដោះស្រាយ​ដែរ ក៏​ប៉ុន្តែ​ឋានៈ​ត្រឹម​មេឃុំ​ពុំ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ណាមួយ​ដោះស្រាយ​រឿង​នេះ​បាន​ទេ គឺ​បាន​ត្រឹមតែ​ជូនដំណឹង​ទៅ​ថ្នាក់លើ និង​ធ្វើ​របាយការណ៍​៖ «»​។

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហេង ហ្វូ ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៩​ម៉ឺន​ហិ​កតារ (៩០.០១៥) ហិ​កតារ តាំងពី​ឆ្នាំ​២០១១​។ ក្រុមហ៊ុន​នេះ​វិនិយោគ​លើ​ការ​ដាំ​អំពៅ និង​កៅស៊ូ​។ យ៉ាងណាមិញ អង្គការ​សង្គម​ស៊ី​វិល​រក​ឃើញ​ថា ក្រុមហ៊ុន​នេះ​បាន​ឈូស​ឆាយ​ព្រៃឈើ​រាប់​ពាន់​ហិ​កតារ​នៅ​ឃុំ​ប្រមេរ ដែល​ជនជាតិ​ដើម​ភាគតិច​តែង​ប្រើប្រាស់​នោះ គឺជា​ប្រភេទ​ព្រៃស្រោង និង​ពាក់កណ្ដាល​ស្រោង ផ្ទុយ​ពី​គោលការណ៍​រដ្ឋាភិបាល​ដែល​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ណា​វិនិយោគ​នៅ​តំបន់​ព្រៃស្រោង និង​ពាក់ កណ្ដាល​ស្រោង​ទាំងនោះ​ទេ​។

មន្ត្រី​សម្របសម្រួល​សមាគម​អា​ដ​ហុ​ក (ADHOC) ខែត្រ​ព្រះ​វិហារ លោក ឡោ ចាន់ កត់​សម្គាល់ថា រដ្ឋាភិបាល​មាន​គោលនយោបាយ​ដោះស្រាយ​ផល​ប៉ះពាល់​ដោយ​ប្រើ​រួប​មន្ត​ស្បែក​ខ្លា​កាត់​ឆ្វៀល​ដី​រង​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ តែ​ការ​អនុវត្ត​ជាក់ស្ដែង​វិញ ក្រុមហ៊ុន​មួយ​ចំនួន​នៅ​មិន​ទាន់​អនុវត្ត​បាន​ត្រឹមត្រូវ​នោះ​ទេ​។ លោក​ថា អាជ្ញាធរ​ស្រុក និង​ខែត្រ គួរតែ​ចុះ​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​នេះ​ចៀសវាង​ទំហំ​ប៉ះពាល់​កាន់តែ​រីក​ធំ​ឡើង​៖ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ឲ្យ​ដឹង​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ធំធេង​នេះ ធ្វើ​ឱ្យ​ឈូស​បំផ្លាញ​ព្រៃឈើ ដែល​ជាទី​តាំង​ជ្រក​របស់​សត្វព្រៃ ដែល​ធ្លាប់តែ​មាន​ពណ៌​បៃតង តែ​បច្ចុប្បន្ន​បាន​ប្រែ​ក្លាយទៅជា​វាល​ស្រឡះ និង​ធាតុអាកាស​ក្ដៅ​ហួតហែង​ ៕