មេធាវី​ទំនើង ធ្លាប់​តែ​ការពារ​គេ តែ​ពេល​នេះ​ការពារ​ខ្លួនឯង​បាន​ដែរ​អត់?

រាជធានី​រាភ្នំពេញ៖ សំណុំ​រឿង​លោក​​មេធាវី អ៊ិ​ត ពិសិដ្ឋ​រង្សី បាញ់​បោះ​​សេរី​នៅ​​មុខ​​ភូមិ​គ្រឹះ​មេ​ប៉ូលិស​​ស្រុក​ខ្មែរ លោក​ផ្តាយ​៤ នេ​ត សា​វឿ​ន កាល​ពី​យប់ថ្ងៃទី ១៨ ខែធ្នូ កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​​សេចក្តី​រាយការណ៍​មក​​ថា ពេល​​នេះ​​កំពុង​​មាន​ការ​​អន្តរាគមន៍​ឲ្យ​ដោះ​លែង​​ជន​បង្ក ប៉ុន្តែ​ការ​​អន្តរាគមន៍​​ហាក់​ចង្អៀត​បន្តិច បន្ទាប់​​ពី​​មាន​គោលការណ៍​ពី​ថ្នាក់​លើ​ បាន​​ដាក់​បញ្ជា​​ដាច់​អហង្កា​តែ​ម្ដង។

លោក ជួន សុវណ្ណ ស្នងការ​​នគរបាល​​រាជធានី​​ភ្នំពេញ​ បាន​​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ធ្នូ នេះ​​ថា «​គ្មាន​ទេ ការ​អន្តរាគមន៍​សំខាន់ គឺ​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​»។

នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​បញ្ជាក់​ថា «​ឯកឧត្តម​អគ្គ បាន​ដាក់​បញ្ជា​ឲ្យ​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ យើង​មិន​ខ្វល់​រឿង​អន្តរាគមន៍​នោះ​ទេ សំខាន់​យើង​អនុវត្ត​ទៅ​តាមតែ​នី​វិធី​ប៉ុណ្ណោះ»។

ការ​អះអាង​របស់​អគ្គស្នងការ​រង​នគរបាល​ជាតិ​បែប​នេះ បន្ទាប់​ពី​ទទួលបញ្ជា​ពី​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ឲ្យ​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ក្នុង​នោះ​ដែរ​ក៏​មានការ​ស្នើ​ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹ​ម សន្តិភាព ។

តាម​សេចក្ដីរាយការណ៍ អោយ​ដឹង​ថា លោក​មេធាវី អ៊ិ​ត ពិសិដ្ឋ​រង្សី សមាជិក​ក្នុង​គណៈមេធាវី​កម្ពុជា នៅ​បាំង​តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវ​ចូល​រោងការ​របស់​ខ្លួន ពោល​គឺ​ក្នុង​អំឡុង​ខែមេសា ឆ្នាំ​២០១៨​ខាង​មុខ។

ប្រភព​ពី​លោក​អធិការ​នគរបាល​ខណ្ឌ​៧​មក​រា បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​លោក​មេធាវី​កំពុង​ឃុំខ្លួន នៅ​អធិការដ្ឋាន​ខណ្ឌ​៧​មក​រា ហើយ​នគរបាល​ព្រហ្ម​ទ​ហ្ម​ខណ្ឌ កំពុង​កសាង​សុំ​ណុំ​រឿង ភ្ជាប់​ជាមួយ​បណ្ដឹង​ជន​រង​គ្រោះ​ផង​ដែរ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ ជន​រង​គ្រោះ​២​នាក់ បាន​ដាក់​ពាក្យបណ្ដឹង​លើ​មេធាវី​រូប​នេះ​ផង​ដែរ ដែល​បាញ់​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ លី តុលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ របួស​ត្រង់​មេជើង និង​ឈ្មោះ សិទ្ធិ ភេទ​ប្រុស ដែល​ត្រូវ​មេធាវី​យក​កាំភ្លើង​ភ្ជង់​ក្បាល​គំរាម​សម្លាប់ នៅ​ពេល​ជន​រង​គ្រោះ​ព្យាយាម​សុំ​ជូន​ទៅ​ផ្ទះ ដោយសារ​ជា​មនុស្ស​ស្គាល់គ្នា។

សូម​បញ្ជាក់​ថា លោក​មេធាវី អ៊ិ​ត ពិសិដ្ឋ​រង្សី អាយុ​៣៥​ឆ្នាំ កាលពី​ម៉ោងជាង​១០​យប់ ថ្ងៃ​ទី​១៨ ធ្នូ បាន​បើករថយន្ត​ស៊េរី​ទំនើប​របស់​ខ្លួន​ម៉ាក ឡិច​ស៊ី​ស LX470 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-8254 ហើយ​បើក​ការ​បាញ់បោះ​ចំនួន​២​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង នៅ​ចំណុច​មុខ​ភូមិ​គ្រឹះ​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន ស្ថិត​នៅ​ទល់មុខ​នឹង​ច្រកចូល​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត (២១៧) ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ៕