នាំ​ខ្លួន​ជន​សង្ស័យ​ជា​ឃាតករ ចាក់​សម្លាប់​នារី​បម្រើ​ខា​រ៉ា​អូខេ​មក​ធ្វើ​ត្រាប់

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​៨​ព្រឹក​​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក ហួរ ម៉េងវ៉ាង អធិការនគរ​បាល​ខណ្ឌ​សែន​សុខ បាន​ដឹក​នាំ​នគរបាល​នាំ​ខ្លួន​ជន​សង្ស័យ​ជា​ឃាតករ ចាក់​សម្លាប់​នារី​បម្រើ​ខារ៉ាអូខេ​ដឹ​ឃ្វីន​វ័យ​១៦​ឆ្នាំ ទៅ​ធ្វើ​ត្រាប់​ពី​សកម្មភាព​គេ​ប្រព្រឹត្ត ដែល​ឋិត​ផ្ទះ​ជួល​បន្ទប់​លេខ​១០២ ភូមិ​ទ្រុង​មាន់ សង្កាត់​អូរបែកក្អម ខណ្ឌសែនសុខ។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យ​ម្នាក់ឈ្មោះ ស៊ុយ មេសា ហៅលូ ភេទប្រុស អា​យុ២២ឆ្នាំ មុខរបរលក់អាវជជុះ ស្នាក់នៅ​ភូ​មិ​ត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតា​កែ​វ ។ ចំណែក​ជនរងគ្រោះឈ្មោះ សេន ស៊ីយ៉ា ភេទ​ស្រី អាយុ១៦ឆ្នាំ មុខរបរ បុគ្គលិក KTV ដឹឃ្វីន ស្នាក់នៅភូមិ សង្កាត់ កើតហេតុ​ខាង​លើ ។

គួររំលឹកថា កាលពី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ កម្លាំង​នគរបាល នៃអធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខបានធ្វើការសហកា​ជាមួ​យ កម្លាំង​នគរបាល​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​តាកែវ តាមឃាត់ខ្លួនជនសង្ស័យ​ដែល​ចាក់ សម្លាប់​នារីវ័យក្មេងម្នាក់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០នាទីយប់ នៅផ្ទះជួលលេខ ១០២ ផ្លូវបេតុង ស្ថិតក្នុង​ភូមិ​ទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា កាល​ពី​វេលា ម៉ោង​១១ និង​៣០ នាទី​យប់ ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ត្រង់​ចំណុច បន្ទប់​ជួល​លេខ​១០២ ជាន់​ទី​១ ភូមិ​ទ្រុង​មាន់ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ ​នារី​បម្រើ​ការ​​ខា​រ៉ា​អូ​ខេ​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ស្រែក​ឱ្យ​គេ​ជួយ ហើយ​បាន​បាត់​បង់​ជីវិត ខណៈ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដែល​ស្នាក់​នៅ​ខាង​មុខ​បន្ទប់​ជួល កើត​ហេតុខាងលើ បាន​ប្រាប់ឲ្យដឹងថា នៅ​មុន​ពេល​​កើត​ហេតុ គេឃើញ​បន្ទប់​កើត​ហេ​តុ បាន​បិទ​ទ្វារ​បើក​ភ្លើង ដោយ​មាន​សភាព ស្ងប់​ស្ងាត់​ដូច​សព្វ​ដង លុះ​ដល់​វេលា​កើត​ហេតុ ស្រាប់​តែ​គាត់​បាន​ឮ​សម្លេង​គោះ​ទ្វារ​បន្ទប់​ជួល​គាត់ ដោយ​នារី​រងគ្រោះ​ស្រែក​ឲ្យ​ជួយ ហើយ​គាត់​ក៏​បាន​បើក​ទ្វារ​បន្ទប់ ក៏​ឃើញ​នារី​រង​គ្រោះ​ដេក​សន្លប់​នៅ​ខាង​មុខ​បន្ទប់​គាត់​ទាំង​មាន​ស្នា​ម​រយៈ​នៅ​ត្រង់​ពោះ និង​ដៃខាង​ស្តាំ ។ បន្ទាប់​មក​គាត់​ក៏​ឮ​សម្លេង​មាន​មនុស្ស​រត់​ចុះ​ទៅ​ក្រោយ​ក្រោម ហើយ​គាត់​ក៏​ស្រែក​ឆោឡោ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល ប្រជា​ពលរដ្ឋ​ដែល រស់​នៅ​ក្បែរ​កន្លែងកើត​ហេតុ ៕