១អាទិត្យ​ដល់​ថ្ងៃ​ភ្ជាប់​ពាក្យ​ទៅ​ហើយ នារី​ស្រស់​ស្អាត​ត្រូវ​គេ​ចាប់​ពង្រត់មកភ្នំពេញ

ភ្នំពេញ៖ ស្រ្តី​ចំណាស់​ម្នាក់​រួម​ជា​មួយ​កូន​ស្រី និង​ក្មួយ​ៗ បាន​ធ្វើ​ដំណើរ​មក​កាន់​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​មានជ័យ រួច​បាន​បន្ត​ទៅ​ប្ដឹង​នគរបាល​ព្រហ្ម​ទណ្ឌ ក្រសួង​មហា​ផ្ទៃ បន្ទាប់​ពី​កូន​ស្រី​របស់​គាត់​ម្នាក់ ត្រូវ​បាន​ស្រ្តី​ម្នាក់​ទៀត ល្បួង​​នាំ​មក​ទិញ​ខោ​អាវ​នៅ​ភ្នំពេញ រួច​ក៏​បាន​បាត់​ខ្លួនរ​យៈ​ពេល​ជិត​សប្តាហ៍​ទៅ​ហើយ ដោ​យ​មិន​ឃើញ​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​សោះ ដែ​ល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់ និង​ក្រុម​គ្រួសារ​ទាំង​មូល មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ។

ស្រ្តី​ឈ្មោះ តៅ មែ អាយុ​៥៣​ឆ្នាំ មាន​ប្ដី​ឈ្មោះ ព្រាប ងន អាយុ៥០ឆ្នាំ មាន​ទី​លំ​នៅ​ក្នុង​ភូមិ​តាំ​ង​ឬស្សី​ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា កូនស្រី​របស់​គាត់​ឈ្មោះ​ ង៉ែត ចាន់ធឿង អាយុ១៨ឆ្នាំ ជាកូន​ទី​៣ ក្នុង​ចំណោម​កូន​គាត់​៥​នាក់ ។ ចំណែក​ស្រ្តី​ដែល​ជា​អ្នក​ល្បួង​នាំ​មក​ភ្នំពេញ​ឈ្មោះ សុង លី​ដា អាយុ​ជាង​២០​ឆ្នាំ មាន​ប្ដី និងកូន មានទី​លំ​នៅ​ក្នុង​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្ត​តាកែវ ។

ស្រ្តី​រូប​នេះ​បាន​បន្ត​ទៀត​ថា កូន​ស្រី​គាត់​បាន​បាត់​ខ្លួន​តាំង​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០​១៧ មក​ម្ល៉េះ​ដោយ​ស្រ្តី​ឈ្មោះ សុង លីដា បាន​ល្បួង​កូន​ស្រី​គាត់​ទៅ​ភ្នំពេញ ថា ទៅរក​ទិញ​ខោ​អាវ ពេល​នោះ​កូន​ស្រីគាត់ បានបដិសេធ​ថា អត់​ទៅ​ទេ ព្រោះ​អត់​លុយ ប៉ុន្តែស្រ្តី​នោះ​ប្រាប់​ថា អត់​លុយ​​ក៏​ទៅ​បាន​ដែរ​ចាំ​ខ្លួន​ទិញ​ឲ្យ ទើប​កូន​ស្រី​គាត់​បាន​យល់​ព្រម​ទៅ​ជា​មួយ ។

ស្រ្តី​ជា​ម្ដាយ​បាន​បន្ត​រៀ​ប​រាប់​ទៀត​ថា បន្ទាប់​មក​ក៏​មាន​ស្ត្រី​មិនស្គាល់​អត្តសញ្ញាណ​ម្នាក់​ទៀត ដែល​ជា​មិត្ត​ភក្ដិ​របស់​ឈ្មោះ សុង លីដា រស់​នៅ​ខេត្ត​កំពត ក៏​ទៅ​ជា​មួយ​ដែរ។ នាង សុង លីដា បាន​យក​ម៉ូតូ​របស់​ខ្លួន​១​គ្រឿង ម៉ាក​ហុង​ដាឌ្រីម សេ១២៥ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ភ្នំពេញ​1FX-6476 ជិះដឹកកូនស្រីគាត់ និង​មិត្តភក្ដិ​រ​បស់​គេ​មក​ភ្នំពេញ ហើយ​ក៏​បាត់​រហូ​ត ។

លុះ​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល ដោយ​មិន​ឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ គាត់​បាន​ខល​ទៅ​កូន​ស្រី ហើយ​ត្រូវ​បាន​នាង សុង លីដា ប្រាប់ថា អត់​បា​ន​ទៅ​ផ្ទះ​ទេ ព្រោះ​ជាប់រវល់ចូល​រួមកម្ម​វិធី​ខួប​កំណើត​មិត្ត​ភក្ដិ ហើយត្រូវ​ដេក​នៅ​ភ្នំពេញ​១​យប់ ។ លុះ​ដល់​ថ្ងៃ​បន្ទាប់ គាត់​ខល​រក​កូន​ស្រី​ទៀត ស្រាប់​តែ​ខលលែង​ចូល​រហូត​មក​ដល់​ពេល​នេះ​តែ​ម្ដង ដោយ​មិន​ដឹង​ថា កូនស្រី​គាត់​មាន​បញ្ហា​អ្វី​ឡើយ ពិត​ជា​បារម្ភ​ខ្លាំង​ណាស់​ទើប​រត់​រក​នគរបាល​ឲ្យ​ជួយ ហើយ​មុន​និ​ង​មក​ដល់​ភ្នំពេញ គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ ពុតស និង​នគរបាល​ស្រុក​បាទី រួច​ហើយ​ដែរ នារី​រងគ្រោះ​ត្រូវ​ភ្ជាប់​ពាក្យ​ជា​មួយ​គូ​ដណ្តឹង នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ផង​ដែរ ៕