ផ្អើល​មួយ​ក្រុង​​ សង្ស័យខ្សែធំ

ភ្នំពេញ៖ កាល​ពី​វេលា​ម៉ោង​ប្រមាណ​១០​យប់់ ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧ បុរស​ម្នាក់បាន​បាញ់​ប្រហារ​នៅ​មុខ​ផ្ទះ​មេ​ប៉ូលិស​ស្រុក​ខ្មែរ លោក​ផ្កាយ​៤ នេត សាវឿន បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច និង ប្រជាពល​រដ្ឋ​ស្ទើរ​មួយ​ក្រុង​ទាំង​កណ្ដាល​អធ្រាត្រនៅ​ចំណុច​មុខ​ផ្ទះ​នាយ​ឧត្តម​​សេនីយ៍ នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ ឈម​នឹង​ច្រក​ចូល​ពហុកីឡ​ដ្ឋាន​ជាតិ​អូ​ឡាំ​ពិក នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនីរ៉េត (២១៧) ស្ថិត​ក្នុង​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។

លោក​អធិការ​រង​នគរបាល​ខណ្ឌ៧​មករា​បាន​ប្រាប់​ឲ្យ​​ដឹងថា ពិត​ជា​មាន​ការ​ឃាត់​ខ្លួន​បុរស​ម្នាក់ ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា ពាក់​ព័ន្ធ​ករណី​ផ្ទុះអាវុធ​នៅ​មុខ​ផ្ទះ​នាយ​ឧត្តម​សេនីយ៍ នេត សាវឿន ។ ​

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា​ បុរស​ម្នាក់ បាន​បើក​រថយន្ត​ម៉ាក ឡិច​ស៊ីស LX៤៧០ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-8254 មក​ឈប់​នៅ​មុខ​ផ្ទះ​នាយ​ឧត្តមសេនីយ៍ ហើយ​បាញ់​បោះ​ចំនួន​២​គ្រាប់ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ឡើង​ដោយ​មិន​ដឹង​មូលហេតុ ។ ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​អន្តរាគមន៍ ដែល​ឈរ​ជើង​នៅ​ក្បែរ​នោះ ក៏​បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជន​សង្ស័យ​តែ​ម្ដង ។ ប្រភព​បន្ត​ថា មុន​ពេល​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​អធិការ​ដ្ឋាន ខ្មាន់​កាំ​ភ្លើង​រូប​នេះ បាន​បោះ​សម្ដី​មិន​សមរម្យ​ដាក់​សមត្ថកិច្ច​ដោយ​ពោល​ថា ខ្លួន​បាញ់​២​គ្រាប់​លេង ហើយ​ខ្លួន​ចង់​បាញ់១០​គ្រា​ប់​ទៀត ក៏​គ្មាន​បញ្ហា​ដែរ ។ ​រហូត​មក​ដល់​វេលា​ម៉ោង​ជិត​១២​យប់​ នៅ​មិន​ទាន់​មា​ន​ការ​បញ្ជាក់​ពី​អត្តសញ្ញាណ​បុរស​រូប​នេះ​ឡើ​យ ហើយ​សមត្ថកិច្ច​ក៏​មិន​ហ៊ាន​បញ្ជាក់​លម្អិត​ជុំ​វិញ​រឿង​នេះ​ផង​ដែរ ដោយ​ម្នាក់​ៗ បាន​ត្រឹម​ដាក់​ការ​សង្ស័យ​ថា ខ្មាន់​កាំភ្លើង​អាច​ជា​អ្នក​មាន​អំណាច ឬ​មាន​ខ្នងធំក្រាស់ ទើប​ហ៊ាន​បើក​ការ​បាញ់​ប្រហារដោយ​មិន​ញញើត​នៅ​មុខ​ផ្ទះ​មេ​ប៉ូលិស​ស្រុក​ខ្មែរ កណ្ដាល​ទី​ក្រុង​ភ្នំពេញ​បែប​នេះ ។ មិន​តែ​ប៉ុណ្ណោះ រឿងនេះ​ហាក់​មាន​ការ​លាក់​បាំង ព្រោះ​សមត្ថកិច្ច​មិន​ហ៊ាន​បញ្ចេ​ញ​សាច់​រឿង ដោយ​អះ​អាងថា សុំពេលធ្វើ​ការ​សិន ៕