ឃាត់​ខ្លួន​​កូន​​ថៅ​កែ​​ឈើ​​ម្នាក់ ខណៈ​តំណាង​រាស្ត្រ​​ខេត្ត​ព្រៃវែង បដិសេធ​​មិន​​ពាក់​ព័ន្ធ

ព្រៃវែង៖ កូនប្រុស​ថៅកែ​សិប្បកម្ម​ឈើម្នាក់ ​ដែល​យកឈ្មោះ​លោកនាយក​រដ្ឋមន្ត្រី និង​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​ មក​ពាក់ព័ន្ធ​នឹង​បទល្មើស ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ២០១៧ ក្រោយ​ពី​ប្រមូល​ភស្តុ​តាង​គ្រប់គ្រាន់ ។ ការ​ឃាត់ខ្លួន​នេះ​ តាម​ពាក្យបណ្ដឹង​ពី​អ្នក​សា​រព័ត៌មាន​ចំនួន​០៣​នាក់ ដោយ​ចោទ​ថា​ បាន​បញ្ជា​រថយន្ត​ដឹកឈើ​ប៉ុនប៉ង​បំ​បុក​សម្លាប់​អ្នកកាសែត កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ នៅ​ចំណុច​មុខ​ដេប៉ូ​ឈើ​របស់​ខ្លួនមានឈ្មោះ វី​បុល​ ស្ថិតនៅ​ភូមិ​ព្រៃ​ភ្នៅ ឃុំ​ព្រៃ​ភ្នៅ ​ស្រុក​ពារាំង ខេត្តព្រៃវែង ។

នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៧ ធ្នូ នេះប្រភព​ពី​លោក ពៅ ជីវី ស្នងការ​រង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តព្រៃវែង បាន​ប្រាប់​ថា ពិតជា​មានការ​ឃាត់ខ្លួន​កូន​ថៅកែ​សិប្បកម្ម​ឈើ​ពិតមែន ។ លោកបន្តថា នៅ​ព្រឹក​ម៉ោង​១០​ម្សិលមិញ យើង​បាន​សុំ​គោលការណ៍​ពី​ព្រះរាជ​អា​ជា្ញសម្រេច​ឃាត់ខ្លួន​កូនប្រុស​ថៅកែ​សិប្បកម្ម​ឈើ បន្ទាប់​ពី​យើង​ហៅ​មក​ស្នងការដ្ឋាន ហើយ​នៅ​ថ្ងៃ​ចន្ទ យើង​នឹង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​តុលាការ​ ជាមួយ​សំណុំរឿង​មនុស្សឃាត​លើ​អ្នកកាសែត ។

លោក​បញ្ជាក់​ថា ជនសង្ស័យ ត្រូវ​បាន​គេ​ប្រាប់​ថា ឈ្មោះ វី ចាន់​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១​នៃ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង មាន​ទីលំនៅ​ភូមិឃុំ​ដូចខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តព្រៃវែង ក្នុង​ករណី​យកឈ្មោះ​ថ្នាក់ដឹកនាំ​មក​គំរាម​អ្នកកាសែត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៣ ធ្នូ វេលា​ម៉ោង​១​រសៀល បន្ទាប់​ពី​ឪពុក​ឈ្មោះ ប៊ី វី ជា​ម្ចាស់​ដេប៉ូ​ឈើ (​វី​បុល​) ដែល​មាន​ទីលំនៅ​ផ្ទះ​ជាមួយ​ មាន​ទំនាស់​ជាមួយ​អ្នកកាសែត ក្នុង​ករណី​បញ្ជា​ឡាន​ឈើ​ឲ្យ​ដេញ​បុក​អ្នកកាសែត ។ ប្រភព​ច្បាស់​ការណ៍​មួយ​បង្ហើប​ឲ្យ​ដឹង​ថា ដេប៉ូ​ឈើ​ឈ្មោះ​«​វី​បុល​»​នេះ មានច្បាប់ តែ​ទិញ​ឈើ​ខុសច្បាប់ លុះដល់​អ្នកកាសែត​ចុះ​ទៅ​ថត​ផ្ដិត​យក​រូបភាព ស្រាប់តែ​ម្ចាស់​ដេប៉ូ​ខឹង​ស​ប្បារ នឹង​ការ​ចុះ​យក​ព័ត៌មាន​របស់​អ្នកកាសែត​ទាង​នោះ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ អ្នកកាសែត​៣​នាក់​បាន​ចុះ​ថត​យក​ព័ត៌មាន​នៅ​ចំណុច​ដេប៉ូ​ឈើ​មួយ​កន្លែង​ខាងលើ ក្រោយមក​ក៏​មានការ​ប៉ះទង្គិច បន្ទាប់​ពី​ម្ចាស់​សិប្បកម្ម​ឈើ​នោះ បាន​បញ្ជា​ឲ្យ​កូនប្រុស​បើករថយន្ត​ដេញ​បុក​អ្នកកាសែត ប៉ុន្តែ​ពួក​គេ​មិន​បាន​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ទេ ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ អ្នក​សារព័ត៌មាន​ទាំង​៣នាក់ ទី​១​ឈ្មោះ ខន ខេន ភ្នាក់ងារ​ទូរទស្សន៍​អន​ឡាញ ព្រះ​នរាយណ៍​ប្រចាំ​ខេត្តព្រៃវែង​ ២​ឈ្មោះ ខាន់ និ​ត ភ្នាក់ងារ​ទូរទស្សន៍ អន​ឡាញ​និងនគរ​មាស និង​ទី​៣ ឈ្មោះ វ៉ា​ន់ ឈឿ​ង ភ្នា​ក់​ទូរទស្សន៍ អន​ឡាញស្លឹករឹត បាន​មក​ដាក់​ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ព្នៅ ដើម្បី​ឲ្យ​សមត្ថកិច្ច ចាត់ការ​តាម​នីតិវិធី លើ​ថៅកែ​ឈើ​ឈ្មោះ វី​បុល ដែល​បាន​បញ្ជា​កូនចៅ​ប៉ុនប៉ង​ផ្ដាច់​អាយុជីវិត​ពួក​គាត់​ ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ បើ​តាម​សំឡេង​ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម ទំនាស់​ភ្លាម​ៗ​ដូច​ខាងលើ នៅ​វេលា​ម៉ោង​១១​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ លោក ចាន់ ថន ភ្នាក់ងារ​កាសែត​ក្នុងស្រុកមួយ បាន​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​ដេប៉ូ​ខាងលើ ដើម្បី​ផ្សាយ​ព័ត៌មាន ។ លុះដល់​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល កូន​ម្ចាស់​ដេប៉ូ​ឈើ​ខាងលើ បាន​ទូរស័ព្ទ​មក​វិញ ដោយ​បាន​លើក​ឡើង​ថា បើ​អ្នកកាសែត​ទាំង​០៣​នាក់​ខ្លាំង មេ​ខ្ញុំ​គឺ​ឯកឧត្ដម ស សុខា ឲ្យ​ទៅ​ជួប​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជាន់​ទី​៧ បន្ទប់​លេខ​២ ដោយ​ទៅ​ជួប​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ទាល់​តែ​ម្ដង មិនបាច់​ប្ដឹងផ្ដល់​អី​ទេ ។ សារ​សំឡេង​ឆ្លើយឆ្លង​គ្នា រ​វា​កូន​ម្ចាស់​ដេប៉ូ​ឈើ ជាមួយ​អ្នកកាសែត បាន​បញ្ជាក់​ថា កូន​ម្ចាស់​ដេប៉ូ​ឈើ​នេះ គឺ​ធ្វើការ​នៅ​ជាមួយ​ឯក ស សុខា បើ​ថា​ពិបាក​ពេក​ថ្ងៃ​ចន្ទ​ក្រោយ ទៅ​ជួប​សម្ដេច​តែ​ម្ដង ឲ្យ​បានដឹង ។

បន្ទាប់​ពី​មាន​សំឡេង​កូនប្រុស​ម្ចាស់​ដេប៉ូ​ឈើ​វិបុល បាន​ឆ្លើយឆ្លង​ជាមួយ​អ្នកកាសែត ដោយ​យកឈ្មោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​តំណាងរាស្ត្រ គំរាម​អ្នកកាសែត​រួច​មក​នោះ នៅ​ថ្ងៃ​ទី​១៦ ធ្នូ តាម​រយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការណ៍​របស់​លោក ស សុខា បាន​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​ច្រានចោល​ទាំងស្រុង មិន​ពាក់ព័ន្ធ​នឹង​លោក​នោះ​ទេ ។

លោក ស សុខា សរសេរ​បញ្ជាក់​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំបាទ​សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ ចំពោះ​សកម្មភាព​របស់​ម្ចាស់​ដេប៉ូ​ឈើ​មួយ​កន្លែង ដែល​មានឈ្មោះ ប៊ី វី (​ហៅ​វិបុល​) ដែល​បាន​យកឈ្មោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​ឈ្មោះ​ខ្ញុំបាទ ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​គំរាមកំហែង ប្រមាថ​ទៅ​លើ​អ្នក​សារព័ត៌មាន​និង​កងកម្លាំង អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ន័យ​បម្រើ​ដល់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​» ។

ចំណែក​ម្ចាស់​ដេប៉ូ​ឈើ វី​បុល បាន​បដិសេធ​ជុំវិញ​រឿង​នេះ​ថា មុន​ពេល​កើតហេតុ លោក​បាន​បញ្ជា​ឲ្យ​តៃកុង​ឡាន​បើករថយន្ត​ឆ្លងផ្លូវ​យក​ទៅ​សប់​កង់​(​បញ្ចូល​ខ្យល់​) ដើម្បី​ដឹកឈើ​ឲ្យ​គេ​ទេ ខណៈ​អ្នកកាសែត​ទាំង​៣​នាក់​មក​ឈរ​នៅ​ទីនោះ ៕