តុលាការ​លើក​ពេល​ប្រកាស​សាល​ក្រម សំណុំ​រឿង កូន​ប្រុស​នាយ ហុង​ដា និង​សង្សារ ទៅ​ចុង​ខែ​នេះ រឿង​រួម​គ្នា​សម្លាប់​ម្តាយ​ចុង​ដែល​ជា​ភរិយា​នាយ​ហុង​ដា

ភ្នំពេញ៖ ក្រោយ​ពី​បាន បើក​សវនាការ​ដេញ​ដោល​ជា​អសាធារណៈ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ លោក ឌុច សុខសារិន ប្រធាន​ក្រុម​ប្រឹក្សា​ចៅ​ក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​លើក​ពេល ប្រកា​សាល​ក្រម​សំណុំ​រឿង ឃាត​កម្ម​លើ​ប្រពន្ធ​ចុង នា​យ ហុង ដា ទៅ​រសៀល​ថ្ងៃ​​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០​១៧​ខាង​មុខ ។

លោក ស្រី ម៉ាកនី ជាតំណាង​អយ្យការ​សវ​នា​ការ បាន​ចោទ​ប្រកាន់​លើ​ឈ្មោះ ខន សុខេន ហៅ​អឿន ប្រុស អាយុ​១៨​ឆ្នាំ និង​ឈ្មោះ នេត រស្មីកន្និកា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ពីបទ ឃាត​កម្ម​ដោយ​យក​ខ្សែ​ឆ្នាំង​អ៊ុត​រឹតក សម្លាប់ លើ​ជន​រងគ្រោះ​ឈ្មោះ ស៊ឹម ចន្ធី ហៅស្រីអូន ជា​ម្តាយ​ចុង ប្រព្រឹត្ត​កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែឧស​ភា ឆ្នាំ​២០១៧ នៅ​បន្ទប់​ខុន​ដូ យោង​តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។ យោង​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា នៅ​ក្នុង​សវនាការ​នា​ព្រឹក​នេះ ជន​ជាប់​ចោទ ទាំង​ពីរ នាក់​បាន​សារភាព និង​ទទួល​ស្គាល់​ការ​ចោទ​ប្រកាន់​របស់​តុលាការ ។

សូម​ជម្រាប​ជូន​ថា លោក លាង សំណាត់ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូងរាជធានី​ភ្នំពេញ បាន​សម្រេច ចេញ​ដី​កា​ឃុំ​ខ្លួន​ជា​បណ្ដោះអា​សន្ន​លើ​ជន​ជាប់​ចោទ​ឈ្មោះ ខន សុខេន ហៅ​អឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាកូន​ប្រុស​បង្កើ​ត​របស់​លោក​ហុង​ដា និង​ឈ្មោះ នេត រស្មីកន្និ​កា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរបុគ្គលិក​នៅ​ហាង រស្មី​បឹង​កក់ កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០​១៧ កន្លង​ទៅ ។

នៅ​ក្នុងនីតិវិធីស៊ើបសួរលោក ស៊ិន វិរ: តំណាង​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​ឲ្យដឹងថា ក្រោយពីពិនិត្យលើឯកសារ និង​សាក​សួរ​ជន​ជាប់​ចោទ រួច​រាល់​ហើយ លោក​បាន​សម្រេច​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​ទី​១​ឈ្មោះ ខន សុខេន ហៅអឿន ភេទប្រុស អាយុ ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់លោកហុងដា ពីបទ ឃាតកម្មគិតទុកជាមុន យោងតាមមាត្រ ២០០នៃក្រមព្រហ្មទណ្ឌ និងទី២ឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ​បុគ្គ​លិ​ក​នៅហាង រស្មីបឹងកក់ ពីបទ សមគំនិត​ក្នុង​អំពើ​ឃាតកម្មគិត​ទុក​ជាមុន យោងតាមមាត្រា ២៩ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា ជនជាប់ចោទទាំង២នាក់ត្រូវបាន កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌ អាវុធ​ហត្ថ​រាជធានីភ្នំពេញ បានសហការ​ជា​មួយ​មូល​ដ្ឋាន​អាវុធ​ហត្ថ​ខណ្ឌ​ដង្កោ និង​ខណ្ឌ​ជ្រោយ​ចង្វារ ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១២ ខែឧ​ស​ភា ឆ្នាំ​២០​១៧ កន្លង​ទៅ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចជនត្រូវចោទឈ្មោះ ខន សុខេន បានសារភាពថា រូប​គេ​ពិត​ជា​បាន​ធ្វើ​សកម្មភាព សម្លាប់ម្តាយ​ចុង​ឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិតបា្រកដមែន គឺធ្វើសកម្មភាព តែម្នាក់ឯង កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូ រប​ស់​ឪពុក​បង្កើត​គេ (នាយហុងដា) តែក្រោយ​ពេល​សម្លាប់​រួច សង្សារ​របស់​ខ្លួន​មក​ពី ធ្វើការ​វិញ​ទាន់ ខ្លួន​ក៏​បាន​អង្វរ​សង្សារ កុំ​ឲ្យ​ឆោ​ឡោ និង​ជួយ​យក​ភួយ មក​រុំ​សាក​សព អូស​ទៅ​ទុក នៅ​បន្ទប់​ទឹក ព្រម​ទាំង ដោះយកកង​ដៃ​២១​កង ជញ្ជៀន​១វង់ ទូរសព្ទ​ណូ​គា ១​គ្រឿង និង​ម៉ូតូ​មួយ​គ្រឿង ចាក​ចេញ​តែងម្តង ដែលរឿ​ង​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ពេញ​ផ្ទៃ​ប្រទេស ពិសេស​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ។

ជន​ជាប់​ចោទ​បាន​រៀប​រាប់​ថា រូបគេ​បាន​មក​រស់​នៅ ខុន​ដូ​ជា​មួយ​ឪពុក និង​ម្តាយ​ចុង ប្រ​ហែ​ល៤ ទៅ​៥​ខែ​មក​ហើយ ព្រោះម្តាយបង្កើត​ឈ្មោះ រ៉េន សុធារី ហៅឃ្មឹប ដែលត្រូវជា ប្រព​ន្ធ​មុនរបស់នាយហុងដា មានប្តីថ្មីហើយ។ ក្នុង​ពេល​មករ​ស់​នៅ ជា​មួយ​ឪពុក ជន​សង្ស័យ បាន​នាំ​សង្សាឈ្មោះ នេត រស្មីកន្និកា មកនៅ​ជា​មួយ ហើយ​រូប​គេ​មាន​គម្រោង សម្លាប់​ម្តាយ​ចុង​នេះ តាំង​ពី​២​ថ្ងៃ​មុន​មក​ម្ល៉េះ ដើម្បីប្លន់យក​គ្រឿង​អលង្ការ ព្រោះម្តាយចុង បានប្រាប់ថា គ្រឿ​ង​អលង្កាគាត់ មានតម្លៃជិត ១ពាន់​ដុល្លារ​អាមេរិ​ក ហើយ​ម្យ៉ាង​ទៀត ខ្លួន​មិន​សូវ​ចូលចិត្ត ម្តាយ​ចុង​ទេ ដោយ​សារ​នៅ​ពេល ដែលឪពុក​ខ្លួន មិន​នៅ​ផ្ទះ​ម្តាយ​ចុង​តែង​តែជេរ និងស្តី​បន្ទោ​ស ឲ្យ​ខ្លួន​ជា​ញឹកញាប់ ធ្វើ​ឲ្យ​ខ្លួន​មាន​គំនុំ មក​រហូត ។

ក្រោយ​ពេល​សម្លាប់ ម្តាយ​ចុង​រួច​ហើយ ជន​ជាប់​ចោទ បាន​ទៅ​សម្រាក​នៅ​ផ្ទះ​ម្តាយ​សង្សារ​១​យប់ នៅ​ខណ្ឌ​ឬស្សី​កែវ លុះ​ព្រឹក​ឡើង ទើប​នាំ​សង្សា​មក​ដេក ស្នាក់​នៅ​ជក់​ថ្នាំ​ញៀន នៅ​ចំណុ​ចផ្ទះ​គ្មា​នលេខ ភូមិ១ សង្កាត់ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ (ខាងក្រោយ​វិហារ​ចាម) រី​ឯ​គ្រឿង​អលង្ការ ដែលរូបគេប្លន់បាន យក​ទៅ​បញ្ចាំ​បាន ៤​ម៉ឺន​រៀល ព្រោះ​អ្នក​បញ្ចាំ ប្រាប់​ថា​កាឡៃ ហើយ​ម៉ូតូ បញ្ចាំបាន១០០​ដុល្លា​រ រួច​យក​លុយ ទាំងនោះទិញ​ថ្នាំ​ញៀន​ជក់ ។

ជន​ជាប់​ចោទ​បាន​បញ្ជាក់​ថា រូប​គេ​ធ្លាប់​បាន ប្រើ​ប្រាស់​គ្រឿង​ញៀន តាំង​ពី​ឆ្នាំ​២០១៤​មក តាំង​ពី​ខ្លួន​នៅ​ផ្ទះ ជួល​ម្តុំ​ភោជនីយដ្ឋាន ហង្ស​នាគ ព្រែក​លៀប ដោយ​ដំបូង​ឡើយ ប្រើប្រាស់​តាម​រយ: ក្រុម​ក្មេង​ស្ទាវ ម្តុំ​វត្ត​កៀន​ឃ្លាំង ដោយ​ពួក​នោះ ប្រាប់​ថា​ថ្នាំញៀន ពេលជក់ហើយ ធ្វើ​ឲ្យ​មាន​កម្លាំង មិន​សូវ​ឃ្លាន​បាយ និង​ក្លាហាន ហើយ​ធ្វើ​ឲ្យ​សប្បាយ នៅ​ថ្ងៃ​ដែល​រូប​គេ​សម្លា​ប់​ម្តាយ​ចុង រូប​គេ​កំពុង​តែ ស្រវឹង​គ្រឿងញៀន​នៅ​ឡើយ ព្រោះ​គេ​ទើប​តែ មក​ពី​ជក់​ថ្នាំ​ញៀន ជា​មួយ​ឈ្មោះ ង៉ែត ២ថ្ងៃជាប់គ្នា ៕