សម្ដេច​តេជោ៖ កុំ​ឲ្យ​ខាត​ពេល បង្កើត​គណបក្ស​ថ្មី​មក​ប្រកួត​ការ​បោះឆ្នោត​ឆ្នាំ​២០១៨

រាជធានី​ភ្នំពេញ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​គណបក្ស​ថ្មី​ទៅ ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ មាន​ប្រសាសន៍​ដូច្នេះ បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ កម្មការិនី​នៅ​សាល​មហោស្រព​កោះពេជ្រ​នា​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ។

សម្ដេច​តេជោ​មាន​ប្រសាសន៍​បន្ត​ថា មិន​បាច់​រង់ចាំ​គណបក្ស​ដែល​ត្រូវ​រំលាយ​ហើយ​ថា​នឹង​រស់​ឡើង​វិញ​នោះ​ទេ។ សម្ដេច​បាន​បញ្ជាក់​ថា «ដោយ​សារ​មាន​ការ​ខ្សឹបខ្សៀវ និង​ការ​ប្រឌិត​ព័ត៌មាន​មិន​ពិត​ដដែលជា​ដដែល​អំពី​ការ​រស់ឡើង​វិញ​នៃ​អតីត​បក្ស​សង្រោះ​ជាតិ គឺ​ខ្ញុំ​សូម​ផ្តាំ​ផ្ញើ និង​បញ្ជាក់​សា​ជា​ថ្មី​ថា អតីត​បក្ស​ដែល​ត្រូវ​បាន​​រំលាយ​ហើយ ដោយ​សាលដីកា​តុលា​កំពូល គឺ​ចប់​ជា​ស្ថាពរ​ហើយ។ ឈ្មោះ​អតីត​បក្ស​នេះ គឺ​នឹង​គ្មាន​កើត​ឡើង​សា​ជា​ថ្មី​ទៀត​ឡើយ។ ខ្ញុំ​សូម​ឲ្យ​យោបល់​ខ្លះៗដែល​អាច​មាន​ប្រយោជន៍ ហើយ​កុំ​ឲ្យ​ខាត​ពេល​ច្រើន គឺ​មាន​តែ​វិធីមួយ​គត់ គឺ​បង្កើត​បក្ស​ថ្មី​ចូលរួម​ប្រកួតប្រជែង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ គឺ​វា​ប្រសើរ​ជាង​ដើរ​និយាយឃោសនា​មិន​ពិត ហើយ​ខាត​បង់​ពេលវេលា​កាន់តែ​ច្រើន»

សូម​រំលឹក​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​សាលដីកា​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី ១៦ ខែវិច្ចិកា ឆ្នាំ​២០១៧ និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ​ចំនួន​១១៨​រូប​ត្រូវ​បាន​ផ្អាក​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ៕