បញ្ជូន​ខ្លួន​បុរស​​ជន​​ជាតិ​​នី​​ហ្សេរី​​យ៉ា ៤​នាក់ និង​ស្រ្ដី​​ខ្មែរ​​ម្នាក់​ពាក់​ព័ន្ធ ករណី​​ឆ​បោក​​ប្រាក់​​តាម​ទូរស័ព្ទ​​ទៅ​​តុលា​​ការ​

ភ្នំពេញ៖ សមត្ថកិច្ច​ព្រហ្ម​​ទណ្ឌ​​ក្រសួង​​មហា​​ផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៧បាន​បញ្ជូ​ន​​ខ្លួន​​បុរស​​ជន​​ជាតិ​​នី​ហ្សេ​រី​​យ៉ា​​៤​​​នាក់ និង​​ស្រ្ដី​ខ្មែរ​​ម្នាក់ ពាក់​ព័ន្ធ ករណី​​ឆបោក​​ប្រាក់​​តាម​ទូរ​ស័​ព្ទទៅ​កាន់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​បន្ដ​​តាម​​នីតិ​វីធី ។

សមត្ថកិច្ច​​បាន​​​​ឲ្យ​​ដឹង​​ថា ជន​សង្ស័យ​​ទាំង​​៥​នាក់​ដែល​បាន​ឃាត់​​ខ្លួន​ទី​១៖​ឈ្មោះ ILOA NYA CLANCYEMEKA ​អាយុ​៣០ឆ្នាំ, ទី២៖ឈ្មោះ MMADU UGONNA ​អាយុ​២៥ឆ្នាំ, ទី៣៖ឈ្មោះ OKWOR GODUAIN CHIMA ​អាយុ​៣៥ឆ្នាំ, ទី៤៖ឈ្មោះ ​OBI ELXIS KEMECHUKWUY ​អាយុ​៣០ឆ្នាំ និងទី៥៖ឈ្មោះ ស៊ុ ពិសី ភេទស្រី ជាជនជាតិ ខ្មែរ ។

គួរ​រំលឹក​ថា កាល​ពី​ថ្ងៃ​​ទី​​១២-១៣ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​​ធ្វើ​​ការ​​ឃាត់​​ខ្លួន​​ជន​​សង្ស័យ ៣​នាក់ ជា​​បន្ដ​​បន្ទាប់ ក្នុង​​នោះ​​មាន​​បុរស​​ជន​​ជាតិ​នីហ្សេរីយ៉ា ​២​នាក់ និង​ស្ដ្រី​ខ្មែរ​ម្នាក់ ពាក់ព័ន្ធ ករណី​ ឆបោក​​ប្រាក់​​តាម​​ទូរស័ព្ទ​ ពី​​ស្ដ្រី​ម្នាក់​ដែ​ល​មាន​​ទី​​លំ​​នៅ​​ក្នុង​​ខណ្ឌ​​សែន​​សុខ រាជធានី​ភ្នំពេញ ។

ក្នុង​ប្រតិបត្តិ​ការ​ឃាត់​ខ្លូន​ក្រុម​ឆបោក​នេះ ដឹក​នាំ​ដោយ លោក​ឧត្តមសេនីយទោ​ នឹម​ ច័ន្ទ​តា​ណា​ អនុប្រធាន​នាយក​ដ្ឋាន​នគរបាល​ព្រហ្ម​ទ​ណ្ឌ ក្រសួង​មហា​ផ្ទៃ ​​សហ​ការ​ជាមួយ​ការិយា​ល័យ​ប្រឆាំង​បទល្មើស​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា កម្លាំង​នៃស្នងការដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល និង​អធិការ​ខណ្ឌ​ដង្កោ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង ៣​នាក់ នេះ គឺ​ធ្វើ​ឡើង​យោង​តាមពាក្យបណ្ដឹង​របស់​ស្ដ្រី​រងគ្រោះ​ឈ្មោះ ម៉ុច ចាន់ណារី អាយុ ២៤ឆ្នាំ ស្នាក់​នៅ​សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ បាន​ប្ដឹង​ថា ខ្លួន​បានស្គាល់​​ជន​ជាតិ​បរទេស​ម្នាក់​​នៅ​ប្រទេស​អង់គ្លេស តែមិន​ដែល​ជួប​មុខ​គ្នា​នោះ​ទេ ហើយ​ក្រោយ​មកបុ​រសនោះ​ បាន​ប្រាប់​នាង​ថា គេ​ផ្ញើ​កាដូ​ឲ្យ​ពី​បរទេស លុះ​នៅ​ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ​២០១៧ នេះ ​កាដូ​នោះ បាន​មក​ដល់​ស្រុកខ្មែរហើយ ដោយ​តម្រូវ​ឲ្យ​នាង​ផ្ញើ​លុយ​ចំនួន ១,០០០ដុល្លារ ដើម្បី​បើក​យក​កាដូ​។

ស្ដ្រី​រង​គ្រោះ​បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​នាង​បាន​ផ្ញើ​លុយ​ចំនួន ១,០០០ដុល្លារ រួចមក គេ​បាន​ទូរស័ព្ទ​មក​ថា ឲ្យ​នាង​ផ្ញើ​លុយ ២,០០០​ដុ​ល្លារ បន្ថែម​ទៀត ពេល​នោះ ទើបនាងសង្ស័យ​ថា ត្រូវ​ចាញ់​បោក​គេ ទើប​នាង​ទៅ​​ដាក់​ពាក្យ​បណ្ដឹង​នៅ​នាយក​ដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ​តែ​ម្ដង ៕