ព្រលឹងចុងសក់! រថយន្ដ​បុក​ទម្លុះចូល​ដេប៉ូ​លក់​ឈើ ប្រឡាប់​គៀប​បុរស​ម្នាក់​ស្លាប់

ភ្នំពេញ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើត ហេតុក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធន់ធំ យីឌុក ដឹកទំនិញមួយគ្រឿង ដាច់ហ្វ្រាំង​បាន​ជ្រុល​ចង្កូតនិងល្បឿនបុកទម្លុះចូល ដេប៉ូ​ឈើបណ្តាលឲ្យក្រឡាប់រថយន្តសង្កត់បុរសម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់ ត្រូវ​បានបញ្ជូនទៅសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ កាលពីវេលាម៉ោង១និង៣០នាទីយប់ ឈាន​ចូល​ថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ​ចំណុច​រង្វង់​មូល​ព្រែក​ថ្មី ក្នុងភូមិជំពុះក្អែក សង្កាត់ព្រែ​ក​ថ្មី ខណ្ឌច្បារ​អំពៅ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ស្លាប់​ជាប់​ក្រោម​មាន​ឈ្មោះ ហ៊ន ហ៊ាន ភេទប្រុស អាយុ​៤៨​ឆ្នាំ ​មុខរបរ អ្នកបើក​ឡាន​ដឹក​សិស្ស​សា​លា យប់​ឡើងមកយាមដេប៉ូឈើឲ្យគេ ​នៅ​ចំណុច​កើត​ហេតុ ។ ចំណែក​មនុស្ស​២​នាក់​ទៀត អ្នក​បើក​រថយន្ត​ម្នាក់ បានរង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

សមត្ថកិច្ចបានប្រាប់បន្ដ មុនពេលកើតហេតុ គេ​បាន​ឃើញ​រថយន្ត​ម៉ាកយីឌុក ធន់ធំ ប្រភេទ​ដឹក​ទំនិញ បើក​តាម​បណ្តោយ​ផ្លូវ​ខាង​លើ លុះ​ដល់​ចំណុច​កើត​ហេតុ ស្រាប់​តែ​ដាច់​ហ្វ្រាំង ជា​ហេតុ​ធ្វើ​ឲ្យ​ជ្រុល​ចង្កូត​បុក​ទម្លុះ​ចូល​ក្នុង​ដេប៉ូ​ឈើ​ ទៅ​សង្កត់​លើ​រថយន្ត​កូរ៉េ​ដែល​នៅ​ក្នុង​ដេប៉ូ​មួយ​គ្រឿង​ទៀត កៀប​សង្កត់​បុរស​ម្នាក់ ដែល​ជា​អ្នក​ដេក​យាម​ដេប៉ូ បណ្តាល​ឲ្យ​ស្លាប់​យក​ចេញ​មិន​រួច អស់រយៈ​ពេល​ជាង​៥​ម៉ោង​ក្រោយ​កើត​ហេតុ ទើប​អាច​គាស់​យក​សព​ជនរង​គ្រោះ​ចេញ​មក​ខាង​ក្រៅ​បាន និង​បាន​បណ្តាល​ឲ្យ​មនុស្ស​២​នាក់​ទៀត ក្នុងនោះ​មាន​ម្នាក់​ជា​អ្នក​បើកប​ររថយន្ត​បង្ក បានរង​របួស​ធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​​មន្ទីរ​ពេទ្យ ។ ចំណែក​សព​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕