ពលករខ្មែរ៣នាក់ ស្លាប់ និង ២នាក់ទៀត រងរបួសធ្ងន់

ប្រទេស​ថៃ​៖​ ​ពលករ​​ខ្មែរ​​ចំនួន ​៣​នាក់ ​បាន​ស្លាប់​​ភ្លាម​ៗ​ និង ២​​នាក់​ទៀត រង​របួស​ធ្ងន់​​ ត្រូវ​សមត្ថកិច្ច​​ប្រើ​​ឧបករណ៍ ​ដើម្បី​​កាត់​​ទ្រុង​​រថយន្ត​ដើម្បី​​ទាញ​​យក​​សព​​ចេញ​ ខណៈ​​ដែល​​ពួក​​គេ​ទាំង​អស់​​គ្នា​​បាន​​ធ្វើ​​ដំណើរ​​ពី​​ខ្សែ​​បន្ទាយ​ព្រំ​ដែន​កម្ពុជា​-​ថៃ​ ទៅ​​កាន់​​ទី​ក្រុង​​បាងកក​ ហើយ​​ត្រូវ​រថយន្ត​​បើក​​រេ​​ចង្កូត​​ធ្លាក់​​ចេញ​ពី​​ផ្លូវ​ ដោយ​សារ​គេ​​បាន​​ប្រើ​ប្រាស់​​ល្បឿន​​លឿន​​ពេក​ ។​ ហេតុ ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​​បាន​​កើត​ឡើង​នៅ​​វេលា​​ម៉ោង​៩ ​និង ​៥០​​នាទី ​ព្រឹក​​ថ្ងៃ​​ទី​​១៤​ ខែ​ធ្នូ ​ឆ្នាំ​​២០១៧​ នេះ ត្រង់​​ចំណុច​​ក្បែ​​មង្គល​​​ម៉ៃ​​ថៃ​ ស្ថិត​​ក្នុង​​ឃុំ​​ឆ​ង​​កុំ​ ស្រុក​​វ​ឌ្ឍ​នា​នគរ​ ខេត្ត​​ស្រះ​កែវ​ ប្រទេស​​ថៃ​ ​ដោយ​​រថយន្ត​​ម៉ាក​​នី​​សាន់​ ពណ៌​​ខ្មៅ​ ដែល​​បើក​បរ​​ដោយ​ជនជាតិ​ថៃ​ ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​កាន់​ទីក្រុង​បាងកក​ ព្រមទាំង​មាន​ដឹក​ពលករ​ខ្មែរ​ចំនួន ​៥​នាក់។​

​តាម​​របាយ​​ការ​ពី​​សមត្ថកិច្ច​​ក្រុម​​តម្រួត​​ថៃ ​បាន​អោយ​​ដឹង​​ថា​ នៅ​​មុន​​ពេល​​កើត​ហេតុ​​​គេ​​ឃើញ​រថយន្ត​១​​គ្រឿង បាន​​បើកបរ​​ដោយ​​ប្រើ​ប្រាស់​ល្បឿន​​យ៉ាង​​លឿន ​លុះ​ដល់​​ត្រង់​​ចំណុច​កើត​ហេតុ​​ខាង​លើ​ រថយន្ត​​បាន​​រេ​​ចង្កូត​​ធ្លាក់​​ចេញ​ពី​ផ្លូវ​​ទៅ​​បុក​​គល់​ឈើ​១​​ដើម ​យ៉ាង​​ពេញ​ទំហឹង​ បណ្តាល​​អោយ​​ក្បាល​​រថយន្ត​​រួញ​​ស្ទើរ​ទាំង​ស្រុង ​។

សមត្ថ​កិច្ច​​ថៃ ​បាន​​ចុះ​​ដល់​​ចំណុច​​កើត​ហេតុ​ ព្រម​ទាំង​​បាន​​ទាញ​​យក​​ជន​រង​គ្រោះ​​ទាំង​អស់​ចេញ​ពី​​តួ​​រថយន្ត​ តែ​យក​​បាន​​តែ​​ប្រុស​​ម្នាក់​ (​អ្នកបើកបរ​ថៃ​) ​និង​​នារី ២​​នាក់​ ដែល​​ជា​​ពល​ករ​ខ្មែរ​​តែ​​ប៉ុណ្ណោះ​ ដោយ​ឡែក​ ពលករ​​ខ្មែរ​ចំនួន ​៣​​នាក់​​ទៀត ​ដែល​​សុទ្ធ​តែ​​ប្រុស​ៗ​ ត្រូវ​​បាន​​ជាប់​ក្នុង​​តួ​​រថ​យន្ត​ ដែល​​ចាំ​បាច់​​ត្រូវ​​ធ្វើ​ការ​​កាត់​​ទ្រុង​រថយន្ត​ ដើម្បី​​ទាញ​​យក​​សព​ ។​

បច្ចុប្បន្ន​​សមត្ថកិច្ច​​បាន​​បញ្ជូន​​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​​ស្រុក​​វ​ឌ្ឍ​នា​នគរ ​រីឯ​​សព​ក៏​កំពុង​ស្រាវ​ជ្រាវ​​រក​​សាវតា​ ដើម្បី​​បញ្ជូន​​មក​​កាន់​ប្រទេ​ស​កម្ពុជា​ វិញ​​ដែរ​ តែ​​នៅ​​មិន​​ទាន់​​ដឹង​​ថា​ ពួក​​គេ​រស់​នៅ​​ក្នុង​​ខេត្ត​​ណា​​នៅ​ឡើយ ៕