អគារ The Peak ជិត ៦០០​​លាន​​ដុល្លារ កម្ពស់​​៥៥​​ជាន់ ផុស​​​ជា​​រូប​រាង​​ផុត​​ពី​​ដី​​ហើយ !

ដូច​​​អ្វី្វ​​ដែល​​​បាន​​សន្យា​​ពី​​សំណាក់​​ម្ចាស់​​គម្រោង គឺ​​លោក​​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​​ក្រុម​ហ៊ុន វើល ប្រ៊ីដ គ្រុប បាន​​ប្រាប់​អោយដឹងថា កាល​​ពី​​២​​ខែ​​មុន ទៅ​កាន់​អតិថិ​ជន ឥឡូវ​នេះ​គេ​​បាន​​ឃើញ​​អគារ The Peak ផុស​​រូប​រាង​​បង្ហាញ​​ឡើង​​ផុត​​ពី​​ដី​​ជា​​បណ្ដើរៗ​ហើយ ។ គម្រោង The Peak បាន​​បោះ​ទុន​​វិនិយោគ​ទឹក​​ប្រាក់​​ចំនួន ៥៨០​​លាន​​ដុល្លារ​​អាមេរិក មាន​កម្ពស់​​ចំនួន ៥៥​​ជាន់ ដែល​​ក្នុង​​នោះ មាន​​ខុនដូ ផ្សារ​​ទំនើប កន្លែង​​ការិយាល័យ​​កម្រិត A មាន ៣៥​​ជាន់ និង​២០​​ជាន់ នៅ​​ខាង​​លើ នឹង​​ត្រូវ​រៀប​ចំ​សម្រាប់​​សណ្ឋាគារ​​លំដាប់​​ផ្កាយ​​៥ ឈ្មោះ​ថា Shangri-La ជា​សណ្ឋាគារ​ដ៏​ល្បី​ល្បាញ​​នៅ​​លើ​​ពិភព​លោក ដែល​​មក​​ពី​​ទីក្រុង​ហុង​កុង ។

ម្ចាស់​​គម្រោង លោក ឧកញ៉ា សៀ ឫទ្ធី បាន​អះអាង​ថា នេះ​​គឺ​​ជា​​ចំណុច​​មួយ​​ដែល​យើង​អាច​​ធ្វើ​ការ​​អះ​អាង​​យ៉ាង​​ច្បាស់​​ប្រាប់​​អតិថិជន​របស់​​យើង​​ថា គ្រប់​​គម្រោង​​សាង​សង់​​ដោយ​ក្រុមហ៊ុន វើល ប្រ៊ីដ ឡែនដ៍ ដែល​បាន​សហ​ការ​​ជា​មួយ​​នឹង​​ក្រុមហ៊ុន Oxley Hold​ings មិន​មាន​គម្រោង​ណាមួយ​ផ្អាក ឬ​ក៏​ដំណើរការ​យឺតយ៉ាវ​នោះ​ទេ យើង​ធ្វើ​ឲ្យ​ទាន់​ផែនការ ឬ​លឿន​មុន​ផែនការ ដើម្បី​អភិវឌ្ឍ​ទៅតាម​កិច្ច​សន្យា​ដែល​ក្រុមហ៊ុន​បាន​ធ្វើ»។ លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «សូម​អរគុណ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ តាំង​​​ពី​គម្រោង​ទី១ ទី២ និង​អាច​រហូត​ទី​៣​ទៀត ដោយសារ​តែ​ភាព​ជឿជាក់ ដូច្នេះ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​អភិវឌ្ឍ ខ្ញុំ​មិន​ធ្វើ​ឲ្យ​អតិថិជន​ខក​ចិត្ត​នោះ​ទេ»។

អគារ The Peak មាន​ទីតាំង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​អគារ​ភ្លោះ The Bridge នោះ​ទេ។ អគារ​នេះ​ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការមន រាជ​ធានី​ភ្នំពេញ។ អគារ The Peak គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​រួចរាល់​នៅ​ក្នុ​ង​ឆ្នាំ​២០២០ ខាង​មុខ​នេះ ៕