ប្រើ​ល្បិច​មក​ដឹក​យក គ្រឿង​សង្ហារឹម​ឈើ​បេង និង​ក្រញូងបានម្ដង ហើយនាំ​គ្នា​មកម្ដងទៀត​ជាប់ខ្នោះ

ភ្នំពេញ៖ ជន​សង្ស័យ​ជា​មេ​គំនិត​ម្នាក់ និង​បក្ស​ពួក​ចំនួន​២​នាក់ រួម​ទាំង​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​ម្នាក់​ទៀត​​ផង ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេ​បាសា​ក់ធ្វើ​ការ​ចាប់​ក្របួច​ជាប់​ទាំង​អស់ កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ ២០១៧ នៅ​ផ្ទះ​លេខ​៧Eo ផ្លូវ​លេខ២៩៤ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន ។

បើ​តាម​ប្រភព​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជន​សង្ស័យ​ទាំង​៤​នាក់ ឃាត់​ខ្លួន​ទី១-ឈ្មោះជុំ ពិសាល អាយុ២៦ឆ្នាំ មុខរបរ ជាង​កញ្ចក់​(ជា​មេ​គំនិត) ស្នាក់នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មាន​ជ័យ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃផ្តៅ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្ត​ព្រៃ​វែង ទី​២-ឈ្មោះ​ត្រឺ ខេមរិ អាយុ​២៦​ឆ្នាំ មុខ​របរត់​ម៉ូតូ​ឌុប ទី​​លំ​នៅ​ក្នុង​សង្កាត់​បឹង​ទំពុន ខ​ណ្ឌ​មានជ័យ ទី៣-ឈ្មោះ​រង ទិត្យ អាយុ​២៦​ឆ្នាំ មុខរបរ កម្មករ ទី​លំ​នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តា​ល និង​ទី​៤-ឈ្មោះ​ប៉ា សារិទ្ធ អាយុ​៣​៦​ឆ្នាំ មុខ​របរ រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី មាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ ។

នគរបាល​បាន​បន្ត​ថា មុន​​ពេល​​កើត​ហេតុ​​បុរស​ជា​​ជន​សង្ស័យ​​ជា​​មេ​គំនិត​​ខាង​លើ បាន​​ទៅ​បបួ​ល​​បុរស​​ជា​​បក្ស​ពួក​​ចំនួន​​ពីរ​​នាក់ និង​​ថែម​​ទាំង​ហៅ​​ម៉ូតូ​​រ៉ឺ​ម៉ក​​កង់​​បី​​ចំនួន​​១​​គ្រឿង​​ផង​​ដែរ ពី​​ម្តុំ​បឹង​​ទំពុន​​នាំ​​គ្នា​​មក​​លើក និង​​ដឹក​​គ្រែ​​ឈើ​​ចំនួន​១ ពី​​ផ្ទះ​​ខាង​លើ ពេល​​នោះ​​ដោយ​​ក្រុម​​កម្មករ​ធ្វើ​ការ​​ជួស​ជុល​ផ្ទះ​​ខាង​លើ​​បាន​​ចំណាំ និង​​ស្គាល់​បុរស​​ម្នាក់​​ជា​​ជន​សង្ស័យ​​ខាង​លើ​​ក៏​​ប្តឹង​​កម្លាំង​សម្ថ​កិច្ច​​ចាប់​​ឃាត់​ខ្លួន​​ទាំង​​៤​​នាក់​​តែ​​ម្តង ។

ប្រភព​ប្រាប់​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ កន្លង​មកនេះ បុរស​ជា​ម្ចាស់ផ្ទះ​ខាងលើ​បាន​ធ្វើការ​រើ​ផ្ទះ​របស់​គាត់​នៅ​ម្តុំ​សន្សំ​កុសល និង​បាន​ជួល​រថយន្ត បុរស​ជា​ជនសង្ស័យ​ឈ្មោះ ជុំ ពិសាល ឱ្យមក​ដឹក តុ ទូ កៅអី រួម​ទាំង​គ្រឿង​សង្ហា​រឹម​មួយ​ចំនួន​ទៀត ដែល​សុទ្ធតែ​ធ្វើ​អំពី​បេង គ្រញូង និង​មាន​តម្លៃ​ជាង​៣​ពាន់​ដុល្លា យក​មក​ទុក​នៅផ្ទះ​របស់​​គាត់​មួយ​កន្លែង​ទៀត​ខាងលើ ។

លុះដល់​ថ្ងៃ​ទី​០៤ ខែធ្នូ ខណៈ​ដែល​រូប​គាត់​ចេញ​ទៅ​ខេត្ត​បាត់​មិន​នៅផ្ទះ បុរស​ជា​ជន​សង្ស័យ​​យក​​រថយន្ត​​កូរ៉េ​​មួយ​​គ្រឿង​​មក​​ដឹក​យក​​ចេញ​​ទៅ​​បាត់ ដោយ​​បាន​​ប្រាប់​​ក្រុម​​ជាង​នៅ​​ទី​នោះ​​ថា អ៊ុំ​​ប្រុស​​ម្ចាស់​ផ្ទះ​​ឲ្យ​​មក​​ដឹក​​យក​ទៅ​​ផ្ទះ​​របស់​​គាត់​ លុះ​​ក្នុង​​ថ្ងៃ​​ទី​​០៧ ខែធ្នូ បុរស​ជា​​ម្ចាស់​ផ្ទះ​​ក៏​​បាន​​មក​​ដាក់​​ពាក្យ​បណ្តឹង​​នៅ​នគរបាល​​ប៉ុស្តិ៍​​ទន្លេ​បាសាក់ លុះ​​មក​​ដល់​​ថ្ងៃ រូប​គេ​​បាន​ហៅ​​បក្ស​ពួក​​ចំនួន​​២​​នាក់ និង​​ម៉ូតូ​​រ៉ឺ​ម៉ក​កង់​​បី​​ចំនួន​​មួយ​​គ្រឿង​​ទៀត​​ផង​​ដែរ និង​។ប្រើ​ល្បិច​​ដដែល​​ក្នុង​​បំណង​​មក​​លើក​យក​​គ្រែ​មួយ​ទៀត ដោយ​​ក្រុម​​ជាង​​ៗ​​ធ្វើ​ការ​​នៅ​​ទី​នោះ​​ចំណាំ​មុខ និង​​ប្តឹង​​នគរបាល​​ឲ្យ​​ចាប់​​ឃាត់​ខ្លួន​​ភ្លាម​​ៗ​តែ​​ម្តង ។

ក្រោយ​​ពេល​​កើត​ហេតុ បុរស​​ជា​​ជន​សង្ស័យ​​ជា​មេ​គំនិត និង​​បុរស​​២​​នាក់​​ដែល​​គេ​​ហៅ​​ឲ្យ​​មក​ជួយ​​លើក និង​​បុរស​​ជា​​ម្ចាស់​​ម៉ូតូ​​រ៉ឺ​ម៉ក​កង់​៣​ម្នាក់​​​ទៀត​ សរុប​​៤​នាក់​ នាំ​​មក​​ធ្វើ​ការ​​សាក​សួរ និង​ កំណត់​ហេតុ​​នៅ​​នគរបាល​​ប៉ុស្តិ៍​​ទន្លេបា​សា​ក់ ដើម្បី​​បញ្ជូន​​ទៅ​​កាន់​​អធិការ​ដ្ឋាន​​នគរបាល​ខណ្ឌ​ចំការមន ​ចាត់​ការ​​ទៅ​​តាម​​ផ្លូវ​ច្បាប់​​ជា​​បន្ត​ទៅ​​ទៀត ៕