ផ្ទះ​៦​ខ្នង​អណ្តាត​ភ្លើង​ឆេះ​បំផ្លាញ​ទាំង​ស្រុង​នៅ​ក្បែរ​ផ្សារ​ទឹក​ថ្លា

ភ្នំពេញៈ​ លំ​នៅ​ដ្ឋាន​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​អំពី​ ឈើ​លើ​ថ្ម​ក្រោម​​ចំនួន​ ៦​ខ្នង​នៅ​ជាប់​គ្នា​ ត្រូវ​បាន​អណ្តាត​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ បណ្តា​ល​អោយ​រង​ការ​ខូច​ខាត​ទាំង​ស្រុង​ នា​រសៀល​ថ្ងៃ​ទី​​១១​ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧​ ​ទី​តាំង​កើត​ហេតុ​ស្ថិត​នៅ​ខាង​ក្រោយ​ផ្សារ​ទឹក​ថ្លា​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។

តាម​ការ​អោយ​ដឹង​ពី​ពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​រៀប​រាប់​ថា​ ដំបូង​ឡើយ​ គាត់​បាន​ឃើញ​អណ្តាត​ភ្លើង​នឹង​ផ្សែង​ខ្មួល​ខ្មញ់​ហុយ​ចេញ​ពី​បន្ទប់​ផ្ទះ​ជួល​ ដែល​មាន​ឡាន​កូ​រ៉ូ​ឡា​​សេរី​​០៣​ មួយ​គ្រឿង​នៅ​ក្នុង​ផ្ទះ​នោះ​ ភ្លាម​ៗ​គាត់​នឹង​ប្រជាពលរដ្ឋ​បាន​ទាំក់ទង​ទៅ​អាជ្ញា​ធរ​មូល​ដ្ឋាន​ដើម្បីចុះ​អន្តរាគមន៍​ជួយ​ពន្លត់អ​ណ្តា​ត​ភ្លើង​ដែល​កំពុង​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ គ្រប​ដណ្តាប់​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ ។

លោក​​វរៈសេនីទោ​ ហួរ​ ម៉េងវ៉ាង​ អធិការ​ខណ្ឌ​សែន​សុខ​បាន​អោយ​ដឹង​ថា​ ក្រោយ​ទទួល​បាន​សេចក្តី​ការណ៍ពី​ពលរដ្ឋ​ភ្លាមៗ​លោក​បាន​ដឹក​នាំ​កម្លាំង​របស់​លោក​សហការ​ជាមួយកង​កម្លាំ​ង​បង្កា​នឹង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ នឹង​កម្លាំង​ប្រជា​ការពារ​ខណ្ឌ​​សង្កាត់​ ចុះ​អន្តរាគមន៍​ ដល់កន្លែង​កើត​ហេតុ​​។

លោក​​បន្ត​ថា​ដោយ​សារ​ស្ថាន​ភាព​ផ្លូវ​ចូល​មាន​ការ​តូច​ចង្អៀត​ធ្វើ​អោយ​ពិបាក​ដល់​ការ​អន្តរាគ​មន៍​ពន្លត់​អគ្គិភ័យ​នេះ​ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​កង​កម្លាំង​បាន​ប្រឹង​ប្រែង​អូស​ទាញ​ទុយោ​ទឹក​ ចូល​កន្លែង​កើត​ហេតុ​ដើម្បី​បាញ់​ទឹក​ពន្លត់​អ​ណ្តា​​តភ្លើង​ដែល​កំពុង​លេប​ត្របាក់​ទៅ​លើ​លំ​នៅ​ដ្ឋាន​ប្រជាពលរដ្ឋ​ ។

នាយការិយាល័យ​បង្កា​នឹង​ពន្លត់​អគ្គិភ័យ​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ​ លោក​ ព្រហ្ម​ យ៉ន​ បានបញ្ជាក់ថា​ ក្នុងប្រតិបត្តិ​អន្តរា​គ​មន៍​ពន្លត់​អគ្គិភ័យ​នេះ​អោយ​រលត់​សូន្យទៅ​វិញ​នោះ​គឺ​ប្រើ​ប្រាស់​រយះ​ជាង​២​ម៉ោង​ ហើយ​ប្រើ​ឡាន​ទឹក​ចំនួន​ ៣២​គ្រឿង​ ដោយ​មាន​ឡាន​ទឹក​របស់​រាជធានី​ចំនួន​​២១​ គ្រឿង​ ឡាន​ទឹក​ ង​ ៧០​ .៣​គ្រឿង​ ឡាន​ទឹក​របស់​បញ្ជា​ការ​ដ្ឋាន​កង​រាជអាវុធហត្ថ​ចំនួន​​៣​ គ្រឿង​ ឡាន​ទឹក​របស់​ក្រុម​ហ៊ុន​ស្រាបៀ​កម្ពុជា​ ១​គ្រឿង​ ឡាន​ទឹក​របស់​ក្រុមហ៊ុន​ OCICជ្រោយ​ចង្វា​ ៤​គ្រឿង​ ប៉ុន្តែ​ប្រើ​ប្រាស់​ទឹក​អស់​តែ​ ២៥​ ឡាន​ប៉ុ​ណ្តោះ​ ។

លោក​បន្ត​ថា​ ជុំវិញ​ករណីគ្រោះ​អគ្គិភ័យ​នេះ​មិន​បណ្តាល​អោយ​មាន​មនុស្ស​ណា​ម្នាក់​ត្រូវ​រង​របួស​នោះ​នឹង​បាត់​បង់​អាយុ​ជីវិត​នោះ​ទេ​ ផ្ទះ​ពល​រដ្ឋ​​៦​ខ្នង​ ឡាន​កូរ៉ូឡា​ មួយ​គ្រឿង​​ម៉ូតូ​ ៣​គ្រឿង​ ម៉ាសីុន​ដេ​ខោ​អាវ​ ១៦​​គ្រឿង​ នឹង​សម្ភារ​ មួយ​ចំនួន​ធំ​ ត្រូវ​បាន​ឆាប​ឆេះ​ខ្ទេច​ទាំង​ស្រុង​ ហើយ​មូល​ហេតុ​ដែល​បង្ក​អោយ​មាន​ករណី​នេះ​លោក​នៅ​មិន​ទាន់​បញ្ជាក់​បាន​នៅ​ឡើយ​ គ្រាន់តែជំហានដំបូងសន្និដ្ឋានកើតចេញពីការឆ្លងចរន្តអគ្គិសនី​ ខ្សែភ្លើងម៉ាសីុនដេ​ ទើបណ្តា​ល​អោយ​កើត​មា​នជា​អគ្គិភ័យ​នេះ​តែ​ម្តង​ ។

ជា​មួយ​គ្នា​នោះ​ដែល​លោក​បាន​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ជុំ​វិញ​ការ​ប្រើ​ប្រាស់​ខ្សែ​ភ្លើង​ចាស់​ ប្រើ​កំប៉ុង​ហ្គាស​​ចាស់​ នឹង​អុជធុប​ទៀន​ចោល​ពេល​មិន​នៅ​ផ្ទះ​ ព្រោះ​កន្លង​មក​ភាគច្រើន​អគ្គិភ័យ​កើត​ចេញ​ពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី ៕