បុរស​ម្នាក់​ដាច់​ជើង​ស្តាំ​ម្ខាង​ចេញ​ពី​ខ្លួន និង​បាក់​ដៃ​រង​របួស​យ៉ាង​ធ្ងន់​នៅ​ក្រុង​បាវិត

ស្វាយរៀង៖ បុរស​ម្នាក់ ត្រូវរថយន្ត​ធ្វើ​ដំណើរ​បញ្ច្រាស់​ទិស​គ្នា បុក​បណ្តាល​ឲ្យ​ដាច់​ជើង​ខាង​ស្តាំ​ចេញ​ពី​ខ្លួន និង​បាក់​ដៃ​ម្ខាង​ហើយ​រថយន្ត​បន្ត​រត់​គេច​ខ្លួន​បាត់​ស្រមោល កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២​០១៧ នៅ​លើ​ផ្លូវ​ជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​១៥៣-១៥៤ ស្ថិត​ក្នុង​ភូមិ​អង្គ​សាលា សង្កាត់​ព្រៃ​អង្គុញ ក្រុង បាវិត ខេត្ត​ស្វាយ​រៀង ។ ជន​រងគ្រោះ​មាន​​ឈ្មោះ រ័ត្ន ភក្តី អាយុ២៨ឆ្នាំ មុខ​របរ កម្មកររោងចក្រ រស់​នៅ​ភូមិ​ពោធិវង្ស ឃុំ​ប្រសូតិ ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​បុរស​រងគ្រោះ​ខាង​លើ​​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA-C125 ស៊េរី2015 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខស្វាយ​រៀង1G-04​72 ​ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត ពាក់​មួក​សុវត្ថិ​ភា​ព លុះ​មក​កន្លែង​កើត​ហេតុ​ខាង​លើ ក៏​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​បុក​ចំ​ជើង​ស្តាំ​ដាច់​ចេញ​ពី​ខ្លួន និង​បាក់​ដៃ​ម្ខាង​តែ​ម្តង មើល​គួរ​ឲ្យ​ន្ធត់​ពេក​ក្រៃ ។

ក្រោយ​ពេល​កើត​ហេតុ រថយន្ត​បង្ក​បាន​បើក​រត់​គេច​ខ្លួន​បាត់​ស្រមោល​ពី​កន្លែង​កើត​ហេតុ សំដៅ​ទៅ​ទិស​ខាង​លិច។ បច្ចុប្បន្ន​ជនរង​គ្រោះ​ក្រុម​គ្រួសារ​បាន​បញ្ជួន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ប្រទេស​វៀត​ណាម ។ សមត្តកិច្ច​យើង​យក​មក​រក្សា​ទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ចំណែក​រថយន្ត​បង្ក​សមត្ថកិច្ច យើង​កំពុង​ស្រាវ​ជ្រាវ​រក​ ដើម្បី​បំពេញ​សំណុំ​រឿង​ទៅ​តាម​នីតិ​វិធី​ច្បាប់ ៕