បុរស​ម្នាក់​ជា​អង្គរក្ស​ស្លាប់​ក្រោម​រថយន្ត​យ៉ាង​អាណោចអាធ័ម

រាជធានី​ភ្នំពេញ៖ រថយន្ត​ប៉ែន​ដឹក​ដី​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្ដាលឲ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ដោយ​សាកសព​មើល​លែង​យល់។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០ នាទី​ព្រឹក​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​២០A ក្នុង​ភូមិ​គង់​ណយ សង្កាត់​គង់​ណយ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ជន​រងគ្រោះ​មាន​ឈ្មោះ យូ ដារ៉ា អាយុ​២០​ឆ្នាំ មុខរបរ​អង្គរក្ស មាន​ទី​លំ​នៅ​ភូមិ​ព្រែក​ម៉េង ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ។ ចំណែក​តៃកុង​រថយន្ត​មាន​ឈ្មោះ សាយ ពិស អាយុ​២១​ឆ្នាំ មុខរបរ​បើក​រថយន្ត ស្នាក់​នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក NEX ពណ៌​ទឹកប្រាក់ ដែល​ពាក់​ស្លាក​លេខ1E-9888 បើកបរ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន ស្រាប់​តែ​មាន​រថយន្ត​ប៉ែន​ដឹក​ដី​មួយ​គ្រឿង​ពណ៌ស ដែល​ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ PP-1612 បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ជន​រងគ្រោះ​ពី​ក្រោយ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​អូស​ជន​រងគ្រោះ​ជាង​៥០​ម៉ែត្រ ធ្វើឲ្យ​ជន​រងគ្រោះ​ស្លាប់​ភ្លាមៗ​នៅ​ក្រោម​រថយន្ត។ ដោយឡែក​តៃកុង​រថយន្ត​ប៉ែន​ដឹក​ដី​បាន​ចុះ​ពី​រថយន្ត​គេច​ខ្លួន តែ​ត្រូវ​ប្រជា​ការពារ​ខណ្ឌ​ដង្កោ​តាម​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​គង់​ណយ។

ក្រោយ​ពេល​កើត​ហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ជួយ​អន្តរាគមន៍​និង​ទាក់ទង​ជំនាញ​ការិយាល័យ​ចរាចរណ៍​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើ​ការ​វាស់វែង​និង​អូស​ម៉ូតូ​ព្រមទាំង​រថយន្ដ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះ​ស្រាយ​ពេល​ក្រោយ​តាមច្បាប់។ ចំណែក​សាកសព​ជន​រងគ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

ប្រជា​ពលរដ្ឋ​បាន​លើក​ឡើង​ថា នៅ​តាម​បណ្ដោយ​ផ្លូវ​កើតហេតុ​ខាង​លើ មាន​រថយន្ត​ធុន​ធំ ចង្កូត​ស្ដាំ​ជា​ច្រើន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​នេះ​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​តែងតែ​បង្ក​គ្រោះថ្នាក់ ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ ឬ​មធ្យោបាយ​ផ្សេង​ៗ៕