ឧកញ៉ា​និង​អ្នក​មាន​ឥទ្ធិពល​បន្ត​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់

បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ និង​តូច​ៗ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ពលរដ្ឋ​ចំណាកស្រុក បាន​មក​ធ្វើ​កម្មករ​អារ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ឲ្យ​អ្នកមាន​ឥទ្ធិពល និង​ឧកញ៉ា​មួយ​ចំនួន​នៅ​ក្បែរ​តំបន់​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ នៅ​ខេត្តស្ទឹងត្រែង​។ អាជីវកម្ម​ឈើ​ជា​ក្រុម​ៗ​នេះ បាន​ធ្វើ​ឲ្យ​ឈើមូល​មាន​តម្លៃ​ត្រូវ​គេ​អារ​រំលំ រួច​ដឹក​តាម​រថយន្ត​ប៉ា​កុង​ចូល​ទៅ​ផ្ទៃ​អាង​នៃ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​។

រថយន្ត​ប៉ា​កុង និង​គោ​យន្ត​រាប់​សិប​គ្រឿង​គឺជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើមូល មុខកាត់​ធំ​ៗ ចាប់ពី ៣​តឹក​ឡើង​ទៅ ចូល​តំបន់​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ ក្នុង​មួយ​ថ្ងៃ​ៗ​។

សហគមន៍​រស់នៅ​ឃុំ​ស្តៅ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង សម្ដែង​ក្តី​បារម្ភ​ខ្លាំង​ពី​អនាគត​ធនធានធម្មជាតិ​នៅ​តំបន់​នោះ​ថា​នឹង​វិនាស​ហិនហោច​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ព្រោះ​បច្ចុប្បន្ន​សកម្មភាព​កាប់​ឈើមូល និង​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​កើត​មាន​គគ្រឹកគគ្រេង​។ ចំណែ​ក​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​អះអាង​ថា សម​ត្ថកិច្ច​ពាក់ព័ន្ធ​ហាក់​ធ្វើ​មិនដឹងមិនឮ បើ​ទោះ​បី​ជា​​សហគមន៍​រាយការណ៍​ព័ត៌មាន​នេះ​ច្រើន​សា​ក្តី​។

ពលរដ្ឋ​រស់​ឃុំ​ស្តៅ ស្រុក​សេ​សាន ខែត្រ​ស្ទឹង​ត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែធ្នូ ថា ក្នុង​មួយ​ថ្ងៃ​ៗ កម្មករ​ច្រើន​ក្រុម​អម​ដោយ​រថយន្ត​ដឹកឈើ​ច្រើន​គ្រឿង និង​គោ​យន្ត​ដឹកឈើ​មូល បាន​ចូល​ព្រៃ​អារឈើ​នៅ​តំបន់​ក្បែរ​ភូមិសាស្ត្រ​អ្នក​ភូមិ​រស់នៅ​ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​បង្ហាញ​ជំហរ​ច្បាស់លាស់​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ក៏​ប៉ុន្តែ​ប្រសិនបើ​ពលរដ្ឋ​ណា​ចេញ​មុខ​ទប់ស្កាត់​ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង​។

លោក​ថា ឈើមូល​រាប់​សិន​ម៉ែត្រគូប​ដែល​គេ​អារច្រៀក​រៀងរាល់ថ្ងៃ និង​ដឹក​ជញ្ជូន​ចូល​តំបន់​បាត​បាត​អាង​នៃ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ដើម្បី​ប​ម្លែ​ង​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​ចេញ​ទៅ​ក្រៅ ឬ​ទៅ​ប្រទេស​វៀតណាម នៅ​តែ​បន្ត​កើត​មាន​៖ «​ខ្ញុំ​ព្រួយបារម្ភ​មែនទែន​ថា ព្រៃឈើ​នៅ​តំបន់​នោះ​រលាយ​អស់ហើយ ប្រជាជន​រអ៊ូរ​។ ចង់​ស្នើ​សុំ​សមត្ថកិច្ច ឬ​រដ្ឋាភិបាល​មក​ជួយ​បង្ក្រាប​បទល្មើស​ឲ្យ​អស់ពី​ភូមិសាស្ត្រ​នេះ​ផង​»​។

មេឃុំ​ស្តៅ ស្រុក​សេ​សាន មក​ពី​បក្ស​ប្រជាជន​កម្ពុជា ដែល​ជាប់​ឆ្នោត​ជា​មេឃុំ ៣០​ឆ្នាំ​មក​ហើយ លោក នួ​យ ប៊ុ​ន​ធួ​យ ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​តែងតែ​ធ្វើការ​បង្ក្រាប ណែនាំ​ជនល្មើស និង​អប់រំ​ពលរដ្ឋ​ឲ្យ​ដឹង​ពី​ច្បាប់​ព្រៃឈើ​នៅ​វេទិកាសាធារណៈ​ជា​រឿយ​ៗ ក្នុង​បំណង​រួម​គ្នា​លុប​បំបាត់​បទល្មើស​ព្រៃឈើ​។ លោក​ថា បទល្មើស​ព្រៃឈើ​ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ហើយ​អាជ្ញាធរ​តែងតែ​យកចិត្តទុកដាក់​បង្ក្រាប ក៏​ប៉ុន្តែ​មាន​បុគ្គល​មួយ​ចំនួន​តែងតែ​លូច​ចូល​ព្រៃ​កាប់​ឈើ​លក់ ដែល​អាជ្ញាធរ​ជំនាញ​លំបាក​ទប់ស្កាត់​៖ «​មាន​បទល្មើស​កើតឡើង វា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​យើង​ដែរ ពលរដ្ឋ​ខ្លះ វា​អាច​លួច​ធ្វើ​សកម្មភាព​ផ្សេង​ៗ អាហ្នឹង​យើង​មិន​ទៅ​ណែនាំ​អី​ទេ អ្នក​ខូចខិល​វា​ធ្វើ​អ៊ីចឹង​»​។

នៅ​តាម​បណ្ដា​ស្រុក​ផ្សេង​ទៀត​នៅ​ខែត្រ​ស្ទឹង​ត្រែង រួម​មានស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​សៀម​បូក ស្រុក​សៀម​ប៉ា​ង និង​ក្រុង​ស្ទឹង​ត្រែង ជំនួញ​ឈើ​តាម​គោ​យន្ត និង​តាម​ម៉ូតូ​កើត​មាន​ជា​រៀងរាលថ្ងៃ ដែល​តាម​ការ​ប៉ាន់ស្មាន​ក្នុង​មួយ​ថ្ងៃ​គោ​យន្ត​មួយ​គ្រឿង​អាច​ផ្ទុក​ឈើ​ចាប់ពី ៥​ម៉ែត្រគូប និង​លើស​ពី​នេះ​។ រីឯ​ការ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ ចាប់ពី​កន្លះ​ម៉ែត្រគូប ឬ​លើស​ពី​នេះ យ៉ាង​ហោច​ណាស់​ជាង ១០​គ្រឿង​ឡើង​ទៅ​ក្នុង​មួយ​យប់​ៗ​។

មន្ត្រីជាន់ខ្ពស់​សមាគម​អា​ដ​ហុ​ក (ADHOC) លោក ប៉ែន ប៊ុ​ណ្ណា​រ៍ កត់​សម្គាល់ថា ការ​អនុវត្ត​ច្បាប់​ព្រៃឈើ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តែ​ធូរ​លុង​នៅឡើយ ដែល​បណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​មាន​ដោយ​ពុំ​មានការ​ទទួលខុសត្រូវ​។ លើស​ពី​នេះ ការ​ទទួល​ប្រយោជន៍​ពី​បទល្មើស​ព្រៃឈើ​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ គឺជា​កត្តា​ដែល​នាំ​ឲ្យ​ព្រៃឈើ​កាន់តែ​វិនាស​ហិនហោច​។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​រួម​គ្នា​ដាក់​បណ្តឹង​បរិហារ​រឿង​នេះ​ទៅ​តុលាការ ដើម​អាច​លុប​បំបាត់​បទល្មើស​ព្រៃឈើ​បាន​ខ្លះ​ «​រួម​គ្នា​ដាក់​បណ្ដឹង​អ្នក​ទទួលខុសត្រូវ ទាំង​ថ្នាក់​ខែត្រ និង​ថ្នាក់​ជាតិ បើ​ទោះ​មិន​មានការ​ទុកចិត្ត តែ​យើង​ធ្វើ​ម៉េច​ឲ្យ​បាន​ច្រើន​។ … ច្បាប់​មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​អ្នក​ប្រព្រឹត្ត​ល្មើស​ទទួល​ការ​ផ្ដន្ទាទោស​»​។

កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ពលរដ្ឋ និង​មន្ត្រី​សមាគម​អា​ដ​ហុ​ក លោក ប៉ែន ប៊ុ​ណ្ណា​រ៍ រួម​គ្នា​ដាក់​បណ្ដឹង​បរិហារ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​គណៈកម្មការ​សហគមន៍​ជាង ១០​នាក់ ពាក់ព័ន្ធ​អនុគ្រោះ ឬ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៧ សហគមន៍​ឃុំ​ស្តៅ ស្រុក​សេ​សាន ប្រមាណ ៤០​នាក់ បាន​នាំ​គ្នា​ឃាត់​រថយន្ត ៣​គ្រឿង ដឹកឈើ​ឆ្លងកាត់​ភូមិ​ពួក​គាត់​នៅ​បំណង​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ក៏​ប៉ុន្តែ​អាជ្ញាធរ​បែរ​រំដោះ​រថយន្ត​ទាំងនោះ​ឲ្យ​ឈ្មួញ​ទៅ​វិញ​៕