ធ្លាយ​បញ្ជី​ឈ្មោះ​អង្គភាព និង​បុគ្គល​អ្នក​ទទួល​សំណូក​ពី​សង្វៀន​ប្រជល់​មាន់ ក្រោយ​ប្រតិបត្តិ​ការ​បង្ក្រាប

ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​នៅ​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​គេ បង្ហោះ និង​ចែក​រំលែក​តៗ​គ្នា ពី​ម្នាក់​ទៅ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ប្រជល់​មាន់​ដ៏​ធំ​ពី​កន្លែង​នៅ​ខេត្ត​តាកែវ និង​ខេត្ត​កណ្ដាល។

អ្វី​ដែល​ជា​ការ​កត់​សម្គាល់​ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ប្រជល់​មាន់​ពី​កន្លែង​នេះ​គឺ មាន​ការ​បែក​ធ្លាយ​លិខិត​អនាមិក​ទាក់ទិន​នឹង​អំពើ​សូក​ប៉ាន់​ដើម្បី​បាន​ប្រកប​អាជីវកម្ម​ប្រជល់​មាន់ ដែល​លិខិត​អនាមិក​ទាំងនោះ មាន​ឈ្មោះ​អង្គភាព សារព័ត៌មាន​ជា​ច្រើន​បាន​ទទួល​សំណូក​ពី​ម្ចាស់​សង្វៀន​ប្រជល់​មាន់ ក៏​ដូច​ជា អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា លិខិត​អនាមិក​នោះ​មិន​មាន​ចុះ​ហត្ថលេខា ឬ​ជា​ឯកសារ​ដែល​ទទួល​ខុសត្រូវ ដោយ​បុគ្គល​ណា​ម្នាក់​ឡើយ តែ​ទោះ​ជា​យ៉ាងណា​ក៏​ជា​រូប​ភាព​បាក់​សាច់​មួយ ដែល​អង្គភាព​សារព័ត៌មាន​ធំៗ​ខ្លះ​ក៏​មាន​ឈ្មោះ​ទទួល​បាន​សំណូក ពី​បទ​ល្មើស នៃ​ការ​បើក​បន​ល្បែង​ស៊ីសង នេះ​ដែរ។

រីឯ​ខេត្ត​តាកែវ​វិញ​ក៏​មាន​លេច​ធ្លាយ​លិខិត​អនាមិក ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​​ថ្នាក់​ខេត្ត ថ្នាក់​អភិបាល​ខេត្ត​រហូត​ដល់ គ្រប់​ស្ថាប័ន រាប់​ទាំង​តុលាការ ប៉ូលិស អាវុធហត្ថ ហូរហែ។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ ជា​ភព្វ​សំណាង​ដែរ ដែល​ក៏​អង្គភាព​សារព័ត៌មាន​ដំណឹង​យប់មិញ មិន​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ទទួល​សំណូក សូកប៉ាន់​ពី​សង្វៀន អរិយ​ក្សត្រ​នោះ​ឡើយ។ ជា​ការពិត​បុគ្គលិក​របស់​យើង​មិន​ថោក​ទាប​ឲ្យ​មាន​ឈ្មោះ​នៅ​ក្នុង​អំពើ​ទទួល​សំណូក​សូកប៉ាន់​បទ​ល្មើស​​ម្ដង​ណា​ឡើយ។