តុលាការ​ផ្តន្ទាទោស ពូបង្កើត​ដែល​សម្លាប់​ក្មួយ​ស្រី​ប្លន់​យក​ទ្រព្យ​ដាក់​គុក ១៥​ឆ្នាំ

ភ្នំពេញ៖ ក្រោយ​ពី​បាន បើក​សវនាការ​ដេញ​ដោល​ចប់​សព្វ​គ្រប់ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០​១៧ ដដែល​លោក លឹម មករន្ទ ប្រធាន​ក្រុម​ប្រឹក្សា​ចៅ​ក្រម​ជំនុំ​ជម្រះ បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ ជា​ពូ​បង្កើត​ដែល​សម្លាប់​ក្មួយ​ស្រី ប្លន់យក​ទ្រព្យ​សម្ប​ត្តិ ដាក់​ពន្ធ​នាគារ​កំណត់​រយៈ​ពេល ១៥​ឆ្នាំ ។

លោក​ស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ បាន​ចោទ​ប្រកាន់​ជន​ជាប់​ចោទ​ឈ្មោះ ពៅ វុទ្ធី ភេទ​ប្រុស អាយុ ២៤ឆ្នាំ ពីបទ ឃាតកម្ម លើជនរង​គ្រោះ ឈ្មោះ ពៅ សុភក្តិ ភេទស្រី អាយុ ២៣​ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ប្រព្រឹត្ត​កាល​​ពី​យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចផ្ទះ​៤៤​៣ ផ្លូវ​បេតុង ភូមិ​ព្រែក​ជាង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ យោង​តាម​មា​ត្រា ១៩៩ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។

នៅ​ក្នុង​សវនាការ​ជន​ជាប់​ចោទ​បាន សារភាព​ថា​ខ្លួន ពិត​ជា​បាន លួច​ទូរស័ព្ទ​របស់​ជន​រ​ង​គ្រោះ​មែន ។ ដោយ​សារ​ជនរងគ្រោះ​មក​ទាន់​ទើប​ខ្លួន វាយ​ច្របាច់ក និង​យក​ខ្សែ​ភ្លើង​រឹត ក​សម្លាប់​ជន​រងគ្រោះ​សម្លាប់​តែ​ម្តង​ទៅ ។ ក្រោ​យ​ពី​សម្លាប់​ជន​រងគ្រោះ​រួច ខ្លួន​បាន​ចង​ដៃ ចង​ជើង​ប្អូន​ស្រី​របស់​ជន​រងគ្រោះ ដែល​មាន​អា​យុ ២​ឆ្នាំ​ម្នាក់​ទៀត ។

គួរ​រំលឹក​ថា សមត្ថកិច្ច​ស្នង​ការដ្ឋាន​នគរបា​ល​រាជ​ធា​នីភ្នំពេញ និង​នគរបាលព្រហ្ម​ទណ្ឌ​ខណ្ឌ​ច្បារ​អំពៅ បាន​ឃាត់​ខ្លួន​ជន​ជាប់​ចោទ កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ២០១៧ និង​កសាង​សំណំុ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​ច្បាប់ ៕