រក​ឃើញ​ភ្លុក​ដំរី​ជិត១​តោន​ដែល​ឈ្មួញ​បង្កប់​ជា​មួយ​ឈើ​លាក់​ទុក​ក្នុង​កុង​តឺនរ័

ខេត្តព្រះសីហនុ៖ សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះ​សីហនុ រួម​មាន​មន្ត្រី​កំពង់​ផែ​មន្ត្រី​នគរបាល មន្ត្រី​កាំកុង​ត្រូល ភ្នាក់​ងារ​ស៊ើប​អង្កេត​របស់​ស្ថាន​ទូត​អាមេរិក មន្ត្រី​សាខាគយ និង​រដ្ឋាករ​កំពង់​ផែ​អន្ដរ​ជាតិ​ក្រុង​ព្រះសីហនុ ដឹក​នាំ​ផ្លូវ​ច្បាប់​ដោយ​លោក លឹម ប៊ុនហេង ព្រះរាជអា​ជ្ញា​រង​អម​សាលា​ដំបូងខេត្ត បាន​កាត់​ស៊ីល​ទូ​កុង​តឺន័រ​ចំនួន​៣​ទូ ដែល​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​កំពង់​ផែ​ព្រះ​សីហនុ ដើម្បី​ត្រួត​ពិនិត្យ​រក​បទ​ល្មើស ក្នុង​នោះ​បាន​រក​ឃើញ​ភ្លុក​ដំរី ចំនួន​២៧៩​ដុំ ស្មើ​នឹង​៩៤១.៤១​គីឡូ​ក្រាម ដែល​ឈ្មួញ​បង្កប់​ជា​មួយ​ឈើ​លាក់​ទុក​ក្នុង​កុង​តឺនរ័ ។

មន្ត្រី​ដែល​ចូល​រួម​ត្រួត​ពិនិត្យ ប្រាប់​បណ្តាញ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០១៧ថា ការ​រក​ឃើញ​ភ្លុក​ដំរី​បង្កប់​លាក់ ទុក​ជា​មួយ​ឈើ​ក្នុង​កុង​តឺនរ័​នេះ ក្រោយ​ខាង​សម​ត្ថ​កិច្ច​​គយ និង រដ្ឋាករ​កម្ពុជា ធ្វើការ​កត់​សម្គា​ល់​លើ​កុង​តឺន័រ ចំនួន​៣ទូ របស់​ក្រុម​ហ៊ុ​ន Ca​m Transit Import Co., Ltd មកពីប្រទេស Mozambique កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ​២០​១៦ ដែល​បាន​ប្រកាស​ថា ជា​ប្រភេទ​ឈើ​ចំនួន ២៩​pkgs ទម្ងន់​ស្មើ​នឹង ៥៥,២១៣kgs និង​ផ្អែក​លើ​លទ្ធ​ផល​រូប​ភាព ផ្ដល់​ដោយ​ម៉ាស៊ីន​ស្គែ​ន ព្រម​ទាំង​ខាង​ម្ចាស់​ទំនិញ មិន​បាន​ចូល​ខ្លួន​មក​បំពេញ​បែប​បទ​យក​ទំនិញ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​សាខាគយ និង​រដ្ឋាករ​កំពង់​ផែ​អន្ដរជាតិ​ក្រុង​ព្រះ​សីហនុ ទើប​នាំ​ដល់​ការ​បើក​កុង​តឺនរ័​ត្រួត​ពិនិត្យ​រក​ឃើញ​ភ្លុក​ដំរី​ខុស​ច្បាប់​នេះ ។

បច្ចុប្បន្ន​ភ្លុក​ដំរី រួម​ទាំង​វត្ថុតាង​ដទៃ​ទៀត ត្រូវ​បាន​កម្លាំង​ជំនាញ​រៀប​ចំ​ទុក​ដាក់​នៅ​ទី​សុវត្ថិ​ភាព រង់​ចាំ​នីតិវិធី​បន្ដ​តាម​ផ្លូវ​ច្បាប់ ៕