តុលាការ​សម្រេច​ដាក់​ពន្ធធនាគារ​១​ខែ អ្នក​ចូល​លេង​សង្វៀន​ប្រជល់​មាន់​៦៤​នាក់

ខេត្ត​កណ្ដាល​៖ អ្នក​ចូល​លេង​សង្វៀន​ប្រជល់​មាន់​នៅ​អរិយ​ក្សត្រ​ចំនួន​៦៤​នាក់​ត្រូ​បាន​តុលាការ​ខេត្ត​កណ្ដាល​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​១​ខែ​តែ​ត្រូវ​ព្យួរ​ទោស នា​ល្ងាច​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់ មន្ត្រី​ជាន់​ខ្ពស់​តុលាការ​ខេត្ត​កណ្ដាល នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ។​

មន្ដ្រី​តុលាការ​បញ្ជាក់​ថា ការ​សម្រេច​នេះ បន្ទាប់​ពី​សវនាការ​ត្រូវ​បាន​បញ្ចប់ និង​យោង​តាម​មាត្រា​៤ នៃ​ច្បាប់​ល្បែង​ស៊ីសង។

រសៀល​ថ្ងៃ​ដដែល​នេះ ប្រធាន​តុលាការ​ខេត្ត​កណ្ដាល លោក ហុក វ៉ាន់ធីណា បាន​ចេញ​ដីកា​សម្រេច​ឲ្យ​ឃុំ​ខ្លួន​ឈ្មោះ ម៉ាប់ ជា​ម្ចាស់​ទីតាំង​សង្វៀន​ប្រជល់​មាន់​ដ៏​ធំ​នេះ និង​ដែល​ជា​កូនប្រសា​លោក ហ៊ុន សាន ដាក់​ពន្ធនាគារ។

មន្ត្រី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា តួ​លេខ​ចុងក្រោយ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន ​ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​កាល​ពី​ម្សិលមិញ​នោះ មាន​ចំនួន​៦៤​នាក់ ដែល​ដំបូង​មនុស្ស​ជាង​១៥០​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ប៉ុន្តែ​អ្នក​ខ្លះ​ជាជាង​សំណង់ ក៏​អនុញ្ញាត​ឲ្យត្រឡប់​ទៅ​វិញ។ រីឯ​វត្ថុ​តាង​ដែល​ត្រូវ​បាន​រឹប​អូស​វិញ សមត្ថកិច្ច​បានបញ្ជាក់​ថា មាន​រថយន្ត​ចំនួន​ជិត​៦០​គ្រឿង ម៉ូតូ​ជាង​១០០​គ្រឿង ព្រមទាំង​មាន់​ជល់​ជាង​១០០​ក្បាល។