បញ្ជូន​ខ្លួន​ជន​សង្ស័យ​២​នាក់​ទៅ​តុលាការ​ករណី​បាញ់​បោះ​នៅ​មជ្ឈ​មណ្ឌល Rock

ភ្នំពេញ៖​ កាល​ពីរសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ២០​១៧ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហា​ផ្ទៃ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​សាលា​​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្ដ​តាម​នីតិវិធី ។ សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យ​ទាំង​២​នាក់ ទី១.ឈ្មោះ កែវ​ ភិរុណ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ និងទី​២.ឈ្មោះ ឡ ពេជ្រសិលា​ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនសង្ស័យទាំង​ពី​កំពង់​ស្ថិតនៅ​ក្រោមការ​សាក​សួរ​របស់​តំណាង​អយ្យការ ។

លោក​ឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធានា​នាយក​ដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ ក្រសួង​មហា​ផ្ទៃ​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាល​ពីវេលា​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ២០១៧ បក្ខពួក​ជន​ដៃ​ដល់ដែលបាន​បាញ់​ប្រហារ​នៅ​មជ្ឈ​ម​ណ្ឌ​ល Rock ត្រូវបាន​កម្លាំង​ជំនាញ​របស់​លោក​បង្ក្រាប​បាន ចំនួន​២​នាក់ ហើយ​នៅ​ខេត្ត​កំពង់​ធំ ។

ប្រតិបត្តិ​ការ​បង្ក្រាប​នេះ ត្រូវបាន​លោក​ឧត្តម​សេនីយ៍​ឯក សុខ ខេមរិន បញ្ជាក់ថា ដោយ​មាន​ការ​សហការ​ជា​មួយ​​កម្លាំង​នគរបាល​​នៃ ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ខេត្ត​កំពង់ធំ ដោយបង្ក្រាប​បា​ន​២​នាក់ ក្នុង​ចំណោម​បក្ខ​ពួក​ទាំង​អស់​៣​នាក់ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ។

លោក​ឧត្តមសេនីយ៍ បន្ថែមថា ពេលនេះដែល កម្លាំង​នគរបាលជំនាញរបស់លោក កំពុង​ស្រា​វ​ជ្រាវ​តាម​ចាប់​ខ្លួន​ជន​ដៃ​ដល់ យ៉ាង យកចិត្ត​ទុក​ដាក់​ផង​ដែរ សូម​ជម្រាប​ថា ​នៅ​ក្នុង​បន្ទប់​ខារ៉ា​អូខេ នៃ​មជ្ឈ​ម​ណ្ឌ​លកម្សាន្ដ Rock ស្ថិតនៅសង្កាត់​បឹង​ត្របែ​ក ខណ្ឌ​ចំការ​មន នៅ​ព្រឹក​ទាប​ភ្លឺ​ថ្ងៃ​ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ករណីបាញ់ប្រហារមួយ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​រង​របួស​ធ្ងន់ ហើយ​សម្រាក​ព្យាបាល​នៅ មន្ទីរ​ពេទ្យ​រុស្ស៊ី ៕