ម្ចាស់​សង្វៀន​ប្រជល់​មាន់​ធំ​២​កន្លែង​ត្រូវ​ជា​ក្មួយ​ប្រសា​សម្ដេច​តេជោ បាន​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច

រាជធានី​ភ្នំពេញ៖ ម្ចាស់​សង្វៀន​ប្រជល់​មាន់​ដ៏​ធំ​ពីរ​កន្លែង នៅ​អរិយ​ក្សត្រ​ខេត្ត​កណ្ដាល និង​នៅ​ស្រុក​បាទី​ខេត្ត​តាកែវ ដែល​ត្រូវ​គេ​ដឹង​ថា ត្រូវ​ជា​ក្មួយ​ប្រសា​សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ហើយ​កាល​ពី​វេលា​ម៉ោង ៨​យប់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧ ក្រោយ​ពី​មាន​បទ​បញ្ជា​ដាច់​ណាត់​របស់​សម្ដេច​តេជោ។ នេះ​បើ​តាម​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​សង្វៀន​ប្រជល់​មាន់​ខុស​ច្បាប់​ដ៏​ធំ​ទាំងពីរ​កន្លែង​មាន​ឈ្មោះ ថៃ ផានី ហៅ ម៉ាប់ ត្រូវ​ជា​កូន​ប្រសា​របស់​លោក ហ៊ុន សាន ដែល​ជា​បង​ប្រុស​បង្កើត​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​

សូម​ជម្រាប​ថា កាល​ពី​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧ សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​តាម​រយៈ​សារព័ត៌មាន Fresh News យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​បញ្ជា​ឲ្យ​អ្នក​នៅ​ពី​ក្រោយខ្នង ករណី​បើក​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ ខេត្ត​កណ្ដាល ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច​ជា​បន្ទាន់។ បើ​ពួក​គេ​មិន​ប្រគល់​ខ្លួន​ទេ ខ្ញុំ​នឹង​បញ្ជា​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​ឲ្យ​ខាន​តែ​បាន ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់ ដោយ​គ្មាន​ការ​លើកលែង ឬ​បន្ធូរបន្ថយ បើ​ទោះជា​អ្នក​ទាំង​នោះ​ជា ក្មួយ ឬ​ក៏​ក្មួយ​ប្រសា​របស់​ខ្ញុំ​ក៏ដោយ​»។​

សូម​បញ្ជាក់​ថា សមត្ថកិច្ច​ខេត្ត​កណ្ដាល​​បាន​បើក​ប្រតិបត្តិការ​ដ៏​ធំ បង្ក្រាប​សង្វៀន​ប្រជល់​មាន់​ខុស​ច្បាប់​និង​ឃាត់​ខ្លួន​មនុស្ស​ចំនួន​១៥០​នាក់​ដើម្បី​សួរនាំ និង​សម្រេច​កម្ទេច​សង្វៀន​ប្រជល់​មាន់​នោះ​ចោល នៅ​ល្ងាច​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ៕