រន្ធត់​មែន! កុងតឺណឺ​ ព្រលះ​សាំយ៉ុង​ដឹក​អ្នក​ដំណើរ​ ស្លាប់​២​នាក់ របួស​៥​នាក់​

កំពង់ស្ពឺៈ យ៉ាងហោចណាស់​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ និង​៥​នាក់​ផ្សេងទៀត​រង​របួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​ម៉ាក់ នីសាន់ បុក​គ្នា​ជាមួយរថយន្ត​សាំយ៉ុង​ដឹក​អ្នក​ដំណើរ​។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​៤១​នាទី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ចន្កោះ​បង្គោល​គីឡូ​ម៉ែត្រ 76-77 ត្រង់​ចំណុច​មុខ​បន្ទាយ​ស្រែ​ខ្លុង ឃុំ​អអូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​រវាង​រថយន្ត​សាំយ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AN -7862 បុក​ជាមួយ​រថយន្ត​នីសាន់ ពណ៌​ប៉ៃតង ពាក់​ស្លាក់​លេខ ភ្នំពេញ 3D- 5547 សណ្ដោង​រ៉ឺម៉ក ពាក់​ស្លាក​លេខ ​ព្រះសីហនុ 4A-1889 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ និង​របួស​៥​នាក់។

សមត្ថកិច្ច​បន្ត​ថា អ្នក​បើកបរ​រថយន្ត សាំយ៉ុង ឈ្មោះ ឆាយ ហុក ភេទ​ប្រុស អាយុ​៥១​ឆ្នាំ របួស​ធ្ងន់ និង​អ្នក​ជិះ​ក្នុង​រថយន្ត​ស្លាប់​២​នាក់ ទី១-ឈ្មោះ ដាំ ផូង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់​នៅ​ភូមិ​ស្រល់ ឃុំត្រែង​ត្រយឹង។ ២-ឈ្មោះ រ៉ុន វិចិត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មិនស្គាល់​ទី​លំនៅ និង​៤​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ របួស​ធ្ងន់ ត្រូវ​ឡាន​សង្រ្គោះ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យកំពង់​ស្ពឺ។ ដោយឡែក​អ្នក​បើក​រថយន្ត​ធុន​ធំ បាន​គេច​ខ្លួន​បាត់​ស្រមោល។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​វាស់វែង រួច​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិ​វិធី​នៃ​ច្បាប់៕