អភិបាល និង​ប្រធាន​មន្ទីរ​សាធារណះ​ការ​រវល់​ធ្វើ​អ្វី​បាន​ជា​បណ្តោយ​ឲ្យ​ផ្លូវ​លូ​បង្ហូរ​ទឹក ក្លាយ​ជា​ទី​ចោល​សំរាម

ភ្នំពេញ : ប្រលាយ​បង្ហូរ​ទឹក​សម្អុយ​ដ៏​ធំ​មួយ​ខ្សែ លាត​សន្ធឹង​ពី​ប្រព័ន្ធ​បង្ហូរ​ទឹក ស្ថានីយ៍​បឹង​សា​ឡាង​រហូត​ដល់ ស្ថាននីយ៍​ប៊ូម​ទឹក​បឹង​ទំពុន បច្ចុប្បន្ន​ត្រូវ​បាន​គេ​សង្គេត​ឃើញ​អ្នក​ស្រុក​រស់​នៅ​ជុំ​វិញ សងខាង​មាត់​ប្រលាយ​បាន​បោះ​សំរាម​ចូល​នៅ​ក្នុង​ប្រលាយ​គរ កក​ស្ទះ​ណែន​ណាន់​តាន់​តាប់ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ណា​ចុះ​ស្តារ ឬក៏​ប្រមូល​សំរាម​ទាំង​នោះ​ចោល​បាន​ទៀង​ទាត់​ឡើយ ។

ជាក់​ស្តែង​ដូច​ជានៅចំណុចស្ពានទី២ ស្ថិត​ក្នុង​ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន​១ ខណ្ឌ​មាន​ជ័យ និង​ចំណុច​ដទៃ​ទៀត​ជា​ច្រើន នៅ​ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​បឹង​ទំពុន​ដដែល​នេះ ប្រលាយ​ទាំង​មូល​កំពុង​ក្លាយ​ទៅ​ជា​គំនរ​សំរាម គរ​ដូច​កន្លែង​សម្រាប់​ចោល​សំរាម ដែល​ក្រឡេក​មើល​ទៅ​លែង​មើល​ឃើញ​ផ្ទៃ​ទឹក ក៏ដូច​ជា​ផ្ទៃ​បក​រលាយ​ទាំង​មូល​ទៅ​ហើយ ។

លោក​ស្រីខឹម វណ្ណី នាយក​រងរដ្ឋ​បាល​ទទួល​បន្ទុក​បរិស្ថាន​អោយ​ដឹង​ថា ការស្តារ​ប្រលាយ​លូ គឺ​ជា​តួ​នាទី​របស់ មន្ទីរសាធារណះ​ការ​រាជ​ធានី​ភ្នំពេញ មិន​មែន​ថ្នាក់​ខណ្ឌ ឬ​សង្កាត់​ឡើ​យ ។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​លោក​ស្រី សោក ស្តាយ​ដែលប​ងប្អូន​ពលរដ្ឋ​យើង​តែង​នាំគ្នា​យក​សំរាម​ទៅ​ចោល​ក្នុង​ប្រលូយ​លូបង្ហូរ​ទឹក​នោះ​ជា​បន្ត​បន្ទាប់​រហូត បើទោះបីជាអាជ្ញាធរ​ព្យយាម​ពន្យល់​ណែ​នាំ ។

ជា​មួយ​គ្នា​នេះ​ដែរ អាជ្ញា​ធរ ក៏មាន​ការ​សំណូម​ពរ​ទៅ​ដល់ អ្នករស់​នៅ​ប្រប​សង​ខាង​មាត់​ប្រលាយ​លូ​បង្ហូរ​ទឹក គួរតែ​នាំ​គ្នា​វិច​ខ្ចប់​សំរាម​គរ​ទុក​ដើម្បី​ក្រុម​ហ៊ុន ប្រមូលសំរាម​យក​ទៅ​ចោល​ទៅ​តាម​ជើង​ប្រមូល​របស់​រថយន្ត​ប្រមូល​សំរាម​អោយ​បាន​ទៀង​ទាត់​ជៀស​វៀង ការ​បោះ​ចោល​លើ​ផ្ទៃ​ប្រលាយ​ធ្វើ​អោយ​កកស្ទះ​ទឹក​សម្អុយ​ដែល​ហូរ​ចេញ​ពី​លំ​នៅ​ឋាន​របស់​បង​ប្អូន បង្កអោយ​មាន​ការ​ជន់​លិច​ជា​អន្លើរៗ​នៅ​តំបន់​ជាយ​ក្រុង ពិសេស​ភូមិ​សាស្ត្រ​តំបន់​សង្កាត់​បឹង​ទំពុន និង​សង្កាត់​ស្ទឹង​មានជ័យ ខណ្ឌ​មានជ័យ ខាង​លើ​ផង​ដែរ ។

សូម​បញ្ជាក់​ថា កាល​ពី​ពេល​កន្លង​ទៅ គេ​ក៏​ធ្លាប់​សង្គេត​ឃើញ​មាន​ក្រុម​មន្ត្រីជំនាញចុះ​ស្តារ​សំរាម​ចេញ​ពី​តំបន់​ខាង​លើ​ដែរ ប៉ុន្តែ​ស្តារ​បាន​តែ​មួយ​ខែ​ប៉ុណ្ណោះ ទីតាំង​ផ្ទៃ​ប្រលាយ​ទាំង​ប្រែ​ក្លាយ​មក​ជាគំនរសំរាម​ដូច ដើម​វិញ​ទៅ​ហើយ ៕