អ៊ីចឹង​តើ បាន​ផុង!​ ឡាន​ស្លាក​លេខ ខម អត់​ដឹក​ទ័ព​ទេ បែរជា​ដឹក​… វិញ

រាជធានី​ភ្នំពេញ៖ ​រថយន្ដ​មួយ​គ្រឿង​ពាក់​ស្លាកលេខ ខេមរភូមិន្ទ បាន​ផុង​កង់​ចូល​លូ ផ្អៀង​ចាក់​ចេញ​ខ្សាច់​រាយប៉ាយ​លើ​ផ្លូវ ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល កាល​ពី​រសៀល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​មួយ​លើ​ផ្លូវ​២០០២ កែង​ផ្លូវ​បេតុង​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

យោង​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក HINO ពណ៌​ត្រេអ៊ី​ពាក់​ស្លាកលេខ ខេមរភូមិន្ទ 02.3-2914 បើកបរ​លើ​ផ្លូវ​២០០២ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បត់​ចូល​ទៅ​ផ្លូវ​បេតុង ក៏​ផុង​កង់​ខាង​ក្រោង​ខាង​ស្ដាំ​ចូល​លូ បណ្ដាល​ឲ្យ​ផ្អៀង​ចាក់​ខ្សាច់​រាយប៉ាយ​លើ​ផ្លូវ​តែ​ម្ដង។​

​​យោង​តាម​មាត្រា​​៣, មាត្រា​​៦ និង​មាត្រា​១១ នៃ​អនុក្រឹត្យ​​របស់​​រាជរដ្ឋាភិបាល​កម្ពុជា​លេខ ​៧៧​អ​ន​ក្រ​.​ប​ក ចុះ​​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០០៣ ស្តី​ពី​​ការ​ចេញ​ស្លាក​លេខ​សម្គាល់​យាន​ជំនិះ បាន​ចែង​ថា រថយន្ត​ដែល​​ពាក់​​ស្លាក​លេខ ​ខេមរភូមិន្ទ ពណ៌​ត្រេអ៊ី គឺ​ជា​​របស់ ក្រសួង​ការពារ​ជាតិ គ្រប់គ្រង​ប្រើប្រាស់​​សម្រាប់​នៅ​សមរភូមិ (មធ្យោបាយ​​សម្រាប់​​ដឹក​ជញ្ជូន​សម្ភារៈ​ទ័ព ឬ​​ដឹក​ជញ្ជូន​កងទ័ព​) និង​ការងារ​​ការពារជាតិ។ ផ្ទុយទៅវិញ ​​រថយន្ត​​បង្ក​​បែរ​ជា​​ធ្វើ​សកម្មភាព​ដឹក​ខ្សាច់​​នៅ​​រាជធានី​​ភ្នំពេញ​យ៉ាង​ហ៊ឺហា។​

​ក្រុម​អ្នក​វិភាគ​​កិច្ចការ​សង្គម​នៅ​កម្ពុជា​បាន​បញ្ចេញ​យោបល់​ថា អាជ្ញាធរ និង​​ក្រសួងពាក់ព័ន្ធ​​គប្បី​សហការ​​ធ្វើការ​ស៊ើប​អង្កេត​ស្រាវជ្រាវ​ឲ្យ​​ដឹង​ថា តើ​​រថយន្ត​​បង្ក​​នោះ​បម្រើ​ឲ្យ​​ផលប្រយោជន៍​ឲ្យ ​បុគ្គល ក្រុមហ៊ុន​​ឯកជន ឬ​​ស្ថាប័ន​​ការពារ​ជាតិ? បើ​រថយន្ត​បង្ក​ពិត​ជា​បម្រើ​ផល​ប្រយោជន៍​បុគ្គល ឬ​ស្ថាប័ន​ឯកជន អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​ក្ដៅ​ចំពោះ​ទង្វើ​ល្មើស​ច្បាប់​ទាំង​នេះ។

បច្ចុប្បន្ន​រថយន្ត​បង្ក​ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​៕