ជិះរថយន្ដ៤៧០​ធ្វើ​ឫក​ដូច​ជា​អ្នក​មាន ចុង​ក្រោយ​ជាប់​ខ្នោះ

ភ្នំពេញ៖ បុរស​ម្នាក់​បាន​ជួល​រថយន្ដ​ម៉ាក​ឡិច​ស៊ីស ៤៧០​ចំនួន​២​គ្រឿង​ពី​ក្រុម​ហ៊ុន​លីហួរ បន្ទាប់​មក​បាន​យក​រថយន្ត​នោះ​ទៅ​ជួល បន្ត​ឲ្យ​បុរស​២​នាក់​ទៀត​យក​ប្រាក់​ចំណេញ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ជួល​បន្ត​នោះ​យក​ទៅ​បញ្ចាំ​អស់​១​គ្រឿង​ក្នុង​តម្លៃ​១៧,០០០​ដុល្លារ និង នៅ​សល់​១​គ្រឿង​អ្នក​ជួល​បន្ត​ទាំង​២​នាក់​នោះ បាន​ជិះ​ធ្វើ​ឫក​ហ៊ឺហារ​ដូច​ជា​រថយន្ត​របស់​ខ្លួន។ ប៉ុន្តែ​ទី​បំផុត​ត្រូវ​អស់​លក្ខណ៍​ដោយ សារ​តែ​ខាង​ក្រុម​ហ៊ុន​លី​ហួរ មាន​ការ​សង្ស័យ បន្ទាប់​ពី​បាន​ឃើ​ញ​រថយន្ត​របស់​ខ្លួន​បែរ​ជា​នៅ​អ្នក​ផ្សេង​ជិះ មិន​មែន​ជា​អ្នក​ដែល​ទៅ​ជួល ផ្ទាល់​ពី​ក្រុមហ៊ុន​ជិះ​ទៅ​វិញ ។​បន្ទាប់​មក​ក្រុម​ហ៊ុន​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ភ្លាម​ៗ ហើយ​បាន​ដឹង​ថា រថយន្ត​របស់​ខ្លួន​មិន​ត្រឹម​តែ​អ្នក​ផ្សេង ជិះ​ប៉ុណ្ណោះ​ទេ មាន​មួយ​គ្រឿង​ទៀត​ត្រូវ​គេ​យក​ទៅ​ដាក់​បញ្ចាំ​ថែម​ទៀត ទើប​តាម​ដាន​ហើយ​បាន​ប្ដឹង​ឲ្យ​នគរបា​ល​ខណ្ឌ​ពោធិ៍សែន​ជ័យ ជួយ​ឃាត់​តែ​ម្ដង។

ការ​ឃាត់​រថយន្ត​និង​ជន​សង្ស័យ​ខាង​លើ​នោះ បាន​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​តាម​មហា​វិថី​សហ​ព័ន្ធរុស្សី ត្រង់​ចំណុច​មុខ​ផ្សារ​ពោធិ៍​ចិន​តុង ស្ថិត​នៅ​ក្នុង​ភូមិ​ប៉ប្រ៉ក​ខាង​ជើង សង្កាត់​កាកាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រថយន្ត​ម៉ាក​ឡិច​សុីស​៤៧០ ទាំង​ពីរ​គ្រឿង​នោះ មាន​១​គ្រឿង​ពណ៌​ទឹក​មាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-6399 រថយន្ត​នេះ​ត្រូវ​បាន អ្នក​ជួល​បន្ត​យក​ទៅ​ដាក់​បញ្ចាំ​ឲ្យ​ជន​ជាតិ​ចិន ។ ចំណែក​មួយ​គ្រឿង​ទៀត ពណ៌​ទឹក​មាស​ដូច​គ្នា​ពាក់ ស្លាក​លេខ​ភ្នំពេញ 2AK-1546 ត្រូវអ្នក​ជួល​បន្ត​នោះ​ជិះ​ហ៊ឺ​ហារ​ធ្វើ​ឫក​ដូច​ជា​អ្នក​មាន និង​ជា​កម្មសិទ្ធិ​របស់​ខ្លួន ។

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាល​ពី​ពេល​កន្លង​មក​មាន​បុរស​ម្នាក់​ឈ្មោះ ងួន ហេង អា​យុ ៤២ឆ្នាំ បាន​ទៅ​ជួល​រថយន្ត​ទាំង​២ គ្រឿង​ខាង​លើ​ពី​ក្រុម​ហ៊ុន​លីហួរ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ ក្នុង​១​ខែ​តម្លៃ​១,១០០​ដុល្លារ​ដោយ​មាន​កិច្ច សន្យា​និង​កុង​ត្រា​ត្រឹម​ត្រូវ ហើយ​ក្រុម​ហ៊ុន​មាន​គោល​ការណ៍​មិន​ឲ្យ​អ្នក​ជួល​នោះ​យក​រថយន្ត​ទៅ​ដាក់​លក់ ឬ​ជួល​បន្ត​និង​ដាក់​បញ្ចាំ​ឡើយ ។ ប៉ុន្តែ​ក្រោយ​ពី​ជួល​រួច​ឈ្មោះងួន ហេង បែរ​ជា​យក​រថយន្ត​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2L-6399 ទៅ​ជួល​បន្ត​ទៅ ឲ្យមនុស្ស​២​នាក់​ផ្សេង​ទៀត​ក្នុង​១​ខែ​តម្លៃ​១,៥០០ ដោយ​មិន​បាន​ប្រាប់​ឲ្យ​ក្រុម​ហ៊ុន​បាន​ដឹង​នោះ​ទេ និង​ល្មើស​ទៅ​នឹង​កិច្ច​សន្យា​ដែល បាន​ធ្វើ​ជា​មួយ​ក្រុម​ហ៊ុន ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា អ្នកដែល​ជួល​រថយន្ត​បន្ត​ពី​ឈ្មោះងួន ហេង នោះ​ម្នាក់​ឈ្មោះ​ កែវ ភួង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខ​របរ​លក់​ដូរ មាន​ទី​លំ​នៅ​ក្នុង​បុរី​ពិភព​ថ្មី ភូមិ​គោក​ឃ្លាង សង្កា​ត់​​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។និង​ម្នាក់​ទៀត​ឈ្មោះ មៀច សុីដេត ភេទប្រុស អាយុ​៣៩​ឆ្នាំ មុខ​របរ លក់​ដូរ មាន​ទី​លំ​នៅ សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ក្រោយ​ពី​ជួល​រថយន្ត​បន្ត​បាន​ហើយ នៅ​​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ជន ទាំង២​នាក់​ខាង​លើ​នោះ​បាន​យក​រថយន្ត​ឡិច​ស៊ីស​៤៧០​ព​ណ៌​ទឹក​មាស​ពាក់​ស្លាក​លេខ ភ្នំពេញ 2L-63​99​នោះ ទៅ​ដាក់​បញ្ចាំ​នៅ កុង​ស៊ី​ទទួល​បញ្ចាំ នៅ​ក្រុម​ហ៊ុន​ចិន​មួយ​កន្លែង ស្ថិតនៅ​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក​ក្នុង​តម្លៃ​១៧០​០០​ដុល្លារ​យក​លុយ​ចែក​គ្នា។បន្ទាប់​មក នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១៧ ពួកគេ​បាន​ទៅ​ជួល​រថយន្ត​ឡិច​សុីស​៤៧០ ពាក់​ស្លាក​លេខ ភ្នំពេ​ញ​ 2AK-1546​មួយ​គ្រឿង​ទៀត​ពីឈ្មោះ ងួន ហេង និង​នា​គ្នា​ជិះ​ហ៊ឺ​ហារ ។

ប្រភព​ខាង​លើ​បាន​បន្ត​ទៀត​ថា ចំណែក​ក្រុម​ហ៊ុន​លីហួរ មាន​ការ​សង្ស័យ​បន្ទាប់​ពី​បាន​ដឹង​ថា រថយន្ត​ទាំង​ពីរ​គ្រឿង ដែល​ខ្លួន​ជួល​នោះ​អ្នក​ផ្សេង​ជិះ មិន​មែនអ្នក​ដែល​ទៅ​ជួល​ពី​ក្រុម​ដោយ​ផ្ទាល់​ជា​អ្នក​ជិះ​នោះ ក៏បាន​ធ្វើការ​ស្រាវ​ជ្រាវ​ភ្លាម​ៗ​ហើយ​បាន​ដឹង​ថា រថយន្ត​របស់​ខ្លួន​១​គ្រឿង​ត្រូវ​គេ​យក​ទៅ​ដាក់​បញ្ចាំ​នៅ​ក្រុម​ចិន​មួយ ទើប​ធ្វើ​ការ​តាម​ដាន​រថយន្ត ពាក់ស្លាក​លេខ ភ្នំពេញ 2AK-1546​មួយ​គ្រឿង​ទៀត លុះ​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី៣ ខែធ្នូ ខណៈ​ពេល​ដែល​តាម​ទាន់​រថយន្ដ​​របស់​ខ្លួន​កំពុង​បើកបរ តាម​មហា​វិថី​សហព័ន្ធរុស្ស៊ី ត្រង់​ចំណុច​មុខ​ផ្សារ​ពោធិ៍​ចិន​តុង ស្ថិត​នៅ​ក្នុង​ភូមិ​ប៉ប្រ៉ក​ខាង​ជើង សង្កា​ត់កាកាប​១ ខណ្ឌ​ពោធិ៍សែនជ័យ ។​ទើប​ប្ដឹង​ឲ្យ​នគរបាល​ជួយ​ឃាត់​ទាំង​រថយន្ត​ទាំង​មនុស្ស​តែ​ម្ដង ដែលពេលនោះ​នៅ​ក្នុង​រថយន្ត​ខាង​លើ មាន​មនុស្ស​ជិះ​ចំនួន​៣​នាក់ ក្នុង​នោះ​មាន ឈ្មោះ កែវ ភួង, ឈ្មោះ មៀច សុីដេត​,ដែល​ជា​ជនខិលខូច និង​ម្នាក់​ទៀត ឈ្មោះ ប៊ុន ថេង ភេទ​ប្រុស អាយុ៣៤ឆ្នាំ ជា​មន្រ្តី​យោធា មាន​ទី​លំ​នៅ ភូមិ​ទួល​សង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែល​ជា​អ្នក​រួម​ដំណើរ​និង​អត់​ដឹង​រឿង​ទេ។ ក្រោយ​ពេល​ឃាត់​ខ្លួន​នគរបាល​បាន​នាំ​ទៅ​សាក​សួរ​នៅ​ប៉ុស្ដិ៍​កាកាប​១ ទើបដឹង​រឿង​ហើយ​បាន​ប្រគល់​ទាំង​មនុស្ស​និង​រថយន្ត​ទៅ​ឲ្យ​ខាង​នគរបាល​ខណ្ឌ​ឫស្សី​កែវ​ចាត់​ការ​បន្ត​វិញ ៕