អ្នក​បើក​រថយន្ដ​​​ធំ​មិន​ដែល​អាណិត​ប្រណី​អ្នក​ដំណើរ​តាម​ផ្លូវ

ភ្នំពេញ៖ រថយន្ត​សម្រាប់​ដឹក​ទូ​កុង​តឺន័រ១​គ្រឿ​ង​បាន​បើក​បុក​អ្នក​រត់​ម៉ូតូ​កង់​បី បណ្ដាល​ឲ្យ​ស្លា​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រួច​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក ហុង​ដា​ឌ្រីម សេ​១២៥ មួយ​គ្រឿង​ទៀត បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់​ទៀត កាល​ពី​វេ​លា​​ម៉ោង​៤និង​​២០​​នាទី រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២១៧ កែង​ផ្លូវ​បេតុង​បឹង​តាម៉ាត ស្ថិត​នៅ​ក្នុង​ភូមិ​សំបួរ សង្កា​ត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា ជនរង​គ្រោះ​មាន​ឈ្មោះ ផឹង ដន ភេទ​ប្រុស​ អាយុ៦២ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ព្រៃស​ខាង​លិច សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ថ្លុក​ឈាម​នៅ​ហ្នឹង​កន្លែង​កើត​ហេតុ​តែ​ម្តង ។ ចំណែក​រថយន្ត​បង្ក ម៉ាក នីស្សាន់​ ពណ៌​ខៀវ ​ស្លាក​លេខ​ភ្នំពេញ​3B-4559 ជា​រថយន្តរ​បស់​ក្រុម​ហ៊ុន នាគ​ខៀវ បើកបរ​ដោយ​យុវជន​ម្នាក់ឈ្មោះអឿ លុច អាយុ​២៤​ឆ្នាំ មាន​ទី​លំ​នៅ​ក្នុង​ភូមិ​ព្រៃ​ថី ឃុំ​រកា ស្រុក​ស្អាង ខេត្តកណ្ដាល ។​ជន​នេះ​ត្រូវ​បាន​ឃាត់​ខ្លួន រួម​ជា​មួយ​ព្រូ​ម្នាក់​ឈ្មោះផាន ផាត អាយុ​១៨​ឆ្នាំ មាន​ទី​លំ​នៅ​ក្នុង​ភូមិ​សូទិព្វ ឃុំ​សូទិ​ព្វ ស្រុក​ជើង​ព្រៃ ខេត្ត កំពង់​ចាម ​​។​ដោ​យ​ឡែក​ម៉ូតូ​រងគ្រោះ​១​គ្រឿងទៀ​ត​ម៉ាក​ហុង​ដា​ឌ្រីម សេ១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេ​ញ​1CX-7142 ត្រូវ​រថយន្ត​បុក​បណ្ដាល​ឲ្យ​អ្នក​ជិះ​រង​របួស ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើត​ហេតុ​ជន​រងគ្រោះ​ដែល​ជា​អ្នក​បើក​បរ​ម៉ូតូ​កង់បី​បាន​បើកបរ​ចេញ​ពី​ផ្លូវ​បេតុង​បឹង​តាម៉ាត ពី​កើត​ទៅ​លិច រីឯ​រថយន្ត​បើក​បរពី​ត្បូង​ទៅ​ជើង​លើ​ផ្លូវ​២១៧​នោះ នៅ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ ស្រាប់តែ​បុក​ម៉ូតូ​កង់​បី ធ្វើ​​ឱ្យ​អ្នក​បើកបរ​ម៉ូតូ​កង់​បី​ស្លាប់​គួរ​ឱ្យ​រន្ធត់ ហើយ​ថែម​ទាំង​បន្ត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ធ្វើ​ឱ្យ​អ្នក​បើកបរ​ម៉ូតូ​រង​របួស​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ។ ចំពោះ​អ្នក​បើកបរ​រថយន្ត​សម្រាប់​ដឹក​ទូរកុងតឺន័រ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរ​បាល​ដើម្បី​សាក​សួរ​បន្ត ។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​ជំនាញចុះ​មក​ធ្វើការ​វាស់​វែង​យក​រថយន្ដ​និង​រ៉ឺម៉ក​កង់បី​ទាំង​ម៉ូតូ​ទៅ​កាន់ការិយាល័យ​ចរាចរផ្លូវ​គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕