ឆក់​​មិន​​ប្រណី​​សមត្ថកិច្ច​ចាប់​មិន​ដែល​បាន អស់លក្ខណ៍

ជន​សង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​ស្គាល់​ឈ្មោះ​ថា អាធ្មេញ គឺ​ជា​ឈ្មោះ​ហៅ​ក្រៅ របស់​មុខ​សញ្ញា​ចោរ​ឆក់ ដ៏​មហា​សកម្ម​ក្នុង​រាជធានី​ភ្នំពេ​ញ ដែល​តែង​តែ​រត់​គេច​ខ្លួន​រួច ពី​ការ​តាម​ប្រម៉ា​ញ់​របស់​​សមត្ថកិច្ច ទើប​តែ​ត្រូវ​បាន​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ចាប់​ខ្លួន​រួម​ជា​មួយ​បក្ខ​ពួក​២​នាក់​ទៀត និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ច្បាប់ នា​ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០​១៧​ ។

កន្លង​មក​សកម្មភាព​ចោរ​ឆក់​ទាំង​នេះ អាវុធ​ហត្ថរាជធានី​ភ្នំពេញ បាន​ចូល​រួម​យក​ចិត្ត​ទុក​ដាក់ ដុត​ដៃ​ដុត​ជើង​យ៉ាង​ខ្លាំង ក្នុង​ប្រតិបត្តិ​ការ​ពង្រាយ​កម្លាំង​តាម​ដាន ពួន​ស្ទាក់ និង​ប្រដេញ​តាម​បង្ក្រាប ទាំង​យប់​ទាំង​ថ្ងៃ រហូត​បង្ក្រាប​បាន​ជា​ច្រើន​ករណី និង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ជា​ច្រើន​នាក់​រួច​មក​ហើយ ។ កាលពី​ថ្មីៗ​នេះ​គឺ​កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧ សូម្បី​តែ​លោក​មេ​បញ្ជា​ការ​កងរាជអាវុធ​ហត្ថ​រាជធានី ភ្នំពេញ គឺ​លោក​ឧត្តម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ដេញ​ចាប់​ចោ​ឆក់​ដោយ​ផ្ទាល់ រហូត​ដួល​របួស​ដៃ​ជើង​ផង​ដែរ ។

ជាក់​ស្តែង​អាធ្មេញ មាន​ឈ្មោះ​ពេញ​ហៅ​ថា សោម ម៉ារ៉ានិត ឬ ហៅខ្មៅ អាយុ​១៧​ឆ្នាំ មាន មុខ​របរ ជា​បុគ្គលិក​ណា​ហ្កា​វើល ស្នាក់​នៅ​ផ្ទះ​លេខ​១១២ ផ្លូវ​ជាតិ​លេខ​២ ភូមិ​ព្រែក​តាឡុង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធា​នី​ភ្នំពេញ គឺ​ជា​បក្ខ​ពួក​ម្នាក់ ដែល​តែង​តែ​រត់​គេច​ខ្លួន​រួច​ពី​ការ​តាម​ចាប់​របស់​សមត្ថ​កិច្ច ក្នុង​ចំណោម​ក្រុម​ចោរ​ឆក់​ជា​ច្រើន​នាក់​ទៀត ដែល​សមត្ថកិច្ច​បាន​បង្ក្រាប​និង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ ។

អាធ្មេញ រួម​ជា​មួយ​បក្ខ​ពួក​០២​នាក់​ទៀត ឈ្មោះ​ សុខ វ៉ា ហៅ ហាក់ វណ្ណឆៃ និង ឈ្មោះ ដារ៉ា វិទូ ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​ដូន​ពេញ ឃាត់​ខ្លួន​បាន​កាល​ពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ២០​១៧ វេលា​ម៉ោង១៩ និង១០នាទី នៅ​ចំណុចផ្លូ​វ១៧៨ កែង​ផ្លូវ​លេខ​១៣ ក្រុម៨ ភូមិ២ សង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូន​ពេញ ខណៈ​ពេល​ដែល​ពួក​គេ​មាន​គ្នា​៤​នាក់(រត់​រួច​ម្នាក់) កំពុង​ធ្វើ​សកម្ម​ភាព ឆក់​កាបូប​ជន​ជាតិ​អូស្ត្រាលី ឈ្មោះ ដាវីណា អ៊ីសាក់ ភេទស្រី អាយុ១៧ឆ្នាំ ជា​សិ​ស្ស​សាលា ដែល​កំពុង​ដើរ​តាម​ផ្លូវ​ជា​មួយ មិត្ត​ភក្តិ ។

តាម​ការ​ស្រាវ​ជ្រាវ​និង​វិធាន​ការជំនាញ​របស់​សមត្ថកិច្ច​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ជន​សង្ស័​យ​ឈ្មោះ សោម ម៉ារ៉ានិត ហៅធ្មេញ ហៅខ្មៅ បាន​សារ​ភាព​ថា កន្លង​មក​រូប​គេ​រួម​ជា​មួយ​បក្ខ​ពួក​តែង​ចេញ​រក​ស៊ី(ជិះ​ម៉ូតូ​ឆក់​តាម​ផ្លូវ) ជា​រៀង​រាល់​ថ្ងៃ ដោយ​មុន​ពេល​ចេញ​រក​ស៊ី​(ឆក់) ពួក​គេ​ជួប​ជុំ​គ្នា​នៅ​កោះ​ពេជ្រ និង​ម្តុំ​មុខ​ណា​ហ្កា​ឬ​ឌ្រីម​ឡែន​ចាស់ ។ ហើយរយៈ​កាល​កន្លង​មក​នេះ ពួក​គេ​ចេញ​ឆក់​បាន​ប្រហែល​ជាង​១២០​ដង ដោយ​ឆក់​បាន​សម្រេច​ខ្លះ មិន​បាន​សម្រេ​ច​ខ្លះ ក្នុង​នោះ​មាន​ដូច​ជាឆក់​កាបូប​ជនបរទេ​ស​បាន​ប្រាក់​១៤០​ដុល្លារ នៅ​មុខ​វត្ត​ឧណ្ណា​ឡោ​ម ។ ឆក់​កាបូប​បាន​ប្រាក់​២៥០។ដុល្លារ និង​ទូរស័ព្ទ​ដៃ​​២​គ្រឿង នៅ​មុខ​សាលា​ព្រះ​ស៊ីសុវត្ថិ ។ ឆក់​កាបូប​បាន​ប្រាក់​៤០០​ដុល្លារ និង​ទូរស័ព្ទ​១​គ្រឿង នៅ​ផ្លូវ​នរោត្តម កែង​ផ្លូវ​២១៤ ។ ឆក់​បាន​ទូរស័ព្ទ​​​១គ្រឿង នៅ​ផ្លូវ​១៧៨​កែងផ្លូវ១៣។ ឆក់​កាបូប​បាន​ប្រាក់​១៥​ដុល្លារ និងទូរស័ព្ទ​១​គ្រឿង នៅ​ផ្លូវ​១៧៨​កែង​ផ្លូវ​១៣​ម្តងទៀត។ ឆក់​បាន​ទូរស័ព្ទ​០១​គ្រឿង នៅ​ផ្លូវ​១៧៨ កែងផ្លូវ​១៣​ដដែល​ទៀត។ ឆក់​កាបូប​បាន​ប្រាក់ ២៥០​ដុល្លា និង​ទូរស័ព្ទ​០១​គ្រឿង នៅ​មុខ​វត្ត​ឧណ្ណា​ឡោ​ម និង​ឆក់​ជាង​១០០ករណី​ទៀត ច្រើន​នៅ​ម្តុំ​ក្រោយ​សាលា​ព្រះ​ស៊ីសុវត្ថិ ម្តុំ​មាត់​ទន្លេ មុខ​ផ្សារ​រាត្រី និង​ម្តុំ​ផ្សារ​កណ្តាល ៕