ពល​រដ្ឋ​​ថា​ បទ​ល្មើស​​ព្រៃ​ឈើ​​ឆ្លង​​ដែន​​ទៅ​យួន​កើត​​មាន​​ច្រើន

សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ឲ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ឈើ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ​ដាក់​ដាំ និង​ច្រករបៀង កើត​មាន​ពេញបន្ទុក​នៅ​រយៈពេល ១​ខែ​ចុង​ក្រោយ​នេះ​។ សហគមន៍​ជនជាតិ​ដើម​ភាគតិច​បារម្ភ​ថា ឈើមូល​នៅ​ក្នុង​ព្រៃ​ក្នុង​ខេត្ត​នេះ​នឹង​វិនាស ប្រសិនបើ​អាជ្ញាធរ​គ្មាន​វិធានការ​ទប់ស្កាត់​។

សហគមន៍​ការពារ​ព្រៃឈើ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី អះអាង​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា​ថា បទល្មើស​ព្រៃឈើ​ជា​ក្រុម​តូច​ៗ​ប្រព្រឹត្ត​ឡើង​ដោយ​សមាជិក​សហគមន៍​ក្នុងភូមិ និង​ក្បែរ​តំបន់​ព្រៃឈើ​កាន់តែ​រីក​ច្រើន​ឡើង​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​ខេត្តមណ្ឌលគិរី​។ ការ​ធ្វើ​អាជីវកម្ម​ព្រៃឈើ​ជា​ក្រុម​ៗ​នេះ ធ្វើ​ឲ្យ​ឈើមូល​មាន​តម្លៃ​ត្រូវ​គេ​អារ​រំលំ ហើយ​អារច្រៀក​ជា​ឈើ​ជ្រុង​នាំ​ចេញ​ឆ្លង​ដែន​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម រាល់ថ្ងៃ​ពុំ​សូវ​មានការ​ទប់ស្កាត់​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​រស់នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ការ​លួច​កាប់​ព្រៃ​ក៏​មាន​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ក្នុងភូមិ​លួច​ចូល​ព្រៃ​ជា​ក្រុម មាន​គ្នា ៣​ទៅ ៥​នាក់ ប្រើ​ម៉ាស៊ីន​កាត់ឈើ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ដោយ​ម៉ូតូ សម្រាប់​ដឹក​ជញ្ជូន​ឈើ​ចេញពី​ព្រៃ​យក​លក់​ឲ្យ​ឈ្មួញ​ដែល​ចាំ​ទិញ​នៅ​មូលដ្ឋាន​ដោយ​ដឹក​តាម​រថយន្ត​ទៅ​លក់​ឲ្យ​ឈ្មួញ​នៅ​ជាប់​ព្រំដែន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​។

លោក​ថា អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ខ្លះ បាន​ចាប់​យករ​បរកាប់​ឈើ​លក់​ជា​អាជីព​ចិញ្ចឹមជីវិត បោះបង់​របរ​ស្រែ​ចម្ការ​លក្ខណៈ​ប្រពៃណី​៖ «​ខ្ញុំ​ឃើញ​បទល្មើស​ដឹក​ជញ្ជូន​ឈើ​មួយ​យប់​មួយ​ពី ១០​ឡាន​ទៅ ២០​ឡាន ច្រក​ដាក់​ដាំ​។ ច្រក​អន្តរជាតិ​ផង និង​ច្រករបៀង​ផង​។ អាជ្ញាធរ​ខ្មែរ​ខ្លះ​យាម​តាម​ផ្លូវ​កាក់​យក​លុយ​»​។

នៅ​តាម​បណ្ដា​សហគមន៍​ផ្សេង​ទៀត​ស្រុក​អូរ​រាំង ស្រុក​ពេ​ជ្រា​ដា កែវ​សីមា ស្រុក​កោះ​ញែក និង​ក្រុង​សែន​មនោ​រម្យ ជំនួញ​ឈើ​ដឹក​តាម​ម៉ូតូ​កើត​មាន​រៀងរាល់ថ្ងៃ​។ តាម​ការ​ប៉ាន់ស្មាន ក្នុង​មួយ​ថ្ងៃ​ម៉ូតូ​មួយ​គ្រឿង​អាច​ដឹក​ជញ្ជូន​ឈើ​ជិត​កន្លះ​ម៉ែត្រគូប ឬ​លើស​នេះ រីឯ​ក្នុង​មួយ​ស្រុក​ៗ​យ៉ាង​ហោច​ណាស់​មាន​ក្រុម​ម៉ូតូ​ប្រហែល ១០​គ្រឿង បាន​ចូល​ព្រៃ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ភាគច្រើន​នៅ​វេលា​យប់​។

ទោះជា​យ៉ាងណា មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​នៃ​សមាគម​អា​ដ​ហុ​ក ខេត្តមណ្ឌលគិរី លោក សុក រ​ដ្ឋា ឲ្យ​ដឹង​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មិនសូវ​អើពើ​ការពារ​ព្រៃឈើ​នោះ​ទេ បង្ក​ឲ្យ​ឈ្មួញ​រកស៊ី​ឈើ​មានឱកាស​រកស៊ី​ឈើ​ខុសច្បាប់​។ លោក​បញ្ជាក់​ថា បទល្មើស​ព្រៃឈើ​កើតឡើង​បែប​អនាធិបតេយ្យ ដោយសារ​មន្ត្រី​ជំនាញ​មិន​យកចិត្តទុកដាក់​អនុវត្ត​ច្បាប់​៖ «​មាន​បទល្មើស​ព្រៃឈើ​កើតឡើង​នៅ​មណ្ឌលគិរី គឺ​ដោយសារ​តែ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់​ក្រោម​ជាតិ ដែល​ជា​ភ្នាក់ងារ​ការពារ និង​អភិរក្ស​ព្រៃឈើ និង​ធនធានធម្មជាតិ​អីហ្នឹង​នៅ​មាន​កម្រិត និង​ខ្វះខាត​»​។

ថ្មី​ៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​លុប​បំបាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ក្នុង​បំណង​រក្សា​សំឡេង​ឆ្នោត​របស់​បក្ស​កាន់​អំណាច បន្ទាប់​ពី​រដ្ឋាភិបាល​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដោយ​ជោគជ័យ​។ ប៉ុន្តែ​ដូច​ពេល​មុន​ៗ​ដែរ សម្ដី​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដូច​ចាក់ទឹក​លើ​ក្បាល​ទា នៅ​ពេល​លោក​បញ្ជា​អោយ​មន្ត្រី​ថ្នាក់​ក្រោម​ទប់ស្កាត់​ការពារ​ព្រៃ ពោល​គឺ​ព្រៃឈើ​នៅ​តែ​ត្រូវ​កាប់​រំលំ​កាន់តែ​ច្រើន​ឡើង​។ ផ្ទុយ​គ្នា​ពី​បញ្ជា​របស់​លោក ហ៊ុន សែន អោយ​ចាប់ និង​បង្ក្រាប​បក្ស​ប្រឆាំង និង​សង្គម​ស៊ី​វិល គឺថា​មន្ត្រី​ថ្នក់​ក្រោម​ទទួលបញ្ជា និង​អនុវត្ត​បាន​លឿន​ណាស់​។

ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ខេត្តមណ្ឌលគិរី សង្កត់ធ្ងន់​ថា ការ​អនុវត្ត​ច្បាប់​ព្រៃឈើ​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​ធូរ​លុង​នៅឡើយ ហើយ​មន្ត្រី​រដ្ឋាភិបាល​នៅ​តែ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈើ​ដដែល​ៗ៕