យក​​សម្បក​​សាច់​ក្រក​ និង​​វត្ថុតាង​​ទៅ​មន្ទីរ​ពិសោ​ធ​ន៍

គិត​មក​ដល់​ថ្ងៃ​ម្សិលមិញ សមត្ថកិច្ច បាន​ដាក់​កងកម្លាំង​នៅ​យាម​ការពារ​ទីតាំង​សិប្បកម្ម​ផលិត​សម្បក​សាច់ក្រក​ខុសច្បាប់​ដ៏​ធំ​មួយ​កន្លែង ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ខណៈ​មេការ​សិប្បកម្ម​នេះ​ម្នាក់​កំពុង​ត្រូវ​បាន​សាកសួរ ហើយ​វត្ថុ​តាង​កំពុង​ត្រូវ​បាន​ធ្វើ​ពិសោធ​បន្ទាប់​ពី​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​កាលពី​ថ្ងៃ​ពុធ​ដោយ​រក​ឃើញ​ពោះវៀន​ជ្រូក ពោះវៀន​ចៀម​ខូចគុណភាព និង​ធុង​សម្រាប់​ដាក់​សម្ភារ​ផលិត​រាប់​ពាន់​ដែល​ខ្លះ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ចិន​។

លោក ទូច យុ​ទ្ធា អនុ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​សមត្ថកិច្ច​កំពុង​សាកសួរ​មេការ​ម្នាក់​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​សិប្បកម្ម​ផលិត​សម្បក​សាច់ក្រក​ដ៏​ធំ​មួយ​នេះ​នៅ​ភូមិ​ថ្មី​ពីងពង់ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​បាន​ដំណើរការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

លោក យុ​ទ្ធា ថ្លែង​ថា​៖ «​យើង​បាន​ហៅ​មេការ​មក​សាកសួរ​ហើយនឹង​ឈាន​ដល់​ហៅ​ម្ចាស់​ផលិតកម្ម​មក​សាកសួរ​តាម​ក្រោយ​។ ម្ចាស់​តែងតែ​ទម្លាក់​កំហុស​លើ​មេការ ប៉ុន្តែ​យើង​បាន​ចេញ​លិខិត​កោះហៅ​ម្ចាស់​ហើយ​»​។

កាលពី​ថ្ងៃ​ពុធ គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​បង្ក្រាប​ទីតាំង​ផលិត​សម្បក​សាច់ក្រក​មួយ​កន្លែង​ដោយសារ​តែ​ទីតាំង​នេះ​បាន​បើក​ដំណើរការ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​អស់​រយៈពេល ២ ឆ្នាំ​មក​ហើយ​។

ដោយ​មិន​បញ្ជាក់​ថា​តើ​ពោះវៀន​ជ្រូក និង​ចៀម​ទាំងនេះ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ណា​នោះ​លោក ទូច យុ​ទ្ធា បាន​ថ្លែង​ថា​៖ «​យើង​បង្ក្រាប​ទីតាំង​នេះ​ដោយសារ​តែ​ទី​មួយ​គាត់​ធ្វើការ​នាំ​ចូល​ពោះវៀន​ជ្រូក ពោះវៀន​ចៀម ដោយ​ខុសច្បាប់​ហើយ​បើក​ទីតាំង​ផលិត​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​អស់​រយៈពេល​ពីរ​ឆ្នាំ​ហើយ​»​។

ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ទីតាំង​ដី​មួយ​ដែល​ម្ចាស់​ឈ្មោះ កែប ប៊ុ​ន​ធឿ​ន​។ ឈ្មោះ កែប ប៊ុ​ន​ធឿ​ន បាន​ជួល​ដី​របស់​គាត់​ទៅ​ឲ្យ​ឈ្មោះ វី​ង ហ៊ុយ អាយុ ៣៩ ឆ្នាំ​ដែល​ជា​អ្នក​រស់នៅ​ម្តុំ​ផ្សារ​អូរ​ឫស្សី រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​រក​ឃើញ​ពោះវៀន ជ្រូក ចៀម ជា​ច្រើន​រយ​គីឡូក្រាម​ដែល​ខ្លះ​ខូចគុណភាព និង​ធុង ២ ពាន់​ធុង​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ផលិត​នេះ​ក៏​ដូច​ជា​សម្បក​សាច់ក្រក​ដែល​ផលិត​រួច​រាប់រយ​គីឡូក្រាម​ផង​ដែរ​។

សមត្ថកិច្ច​សន្និដ្ឋាន​ថា សម្ភារ និង​ឧបករណ៍​ទាំងនេះ​ខ្លះ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ចិន ខ្លះ​ទៀត​យក​ពី​ទីផ្សារ​ក្នុងស្រុក​។ យោង​តាម​ស្លាក​យីហោ​ដែល​គេ​ឃើញ​នៅ​លើ​កេស​មួយ នៅ​ក្នុង​ការដ្ឋាន​នោះ​បាន​សរសេរ​ថា​សម្បក​សាច់ក្រក​នេះ​នាំ​ចូល​ពី​ប្រទេស​ចិន​ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន Rugao YongXing Casing Co., Ltd​ ។

លោក ទូច យុ​ទ្ធា បាន​ថ្លែង​ថា​មុន​ឈាន​ដល់​ការ​បង្ក្រាប​នេះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​អស់​ពេល​ជា​ច្រើន​ខែ​ក្រោយ​ពេល​សមត្ថកិច្ច​បានឃើញ​សំបក​សាច់ក្រក​ត្រូវ​បាន​ដាក់​លក់​នៅ​ផ្សារ​អូរ​ឫស្សី​។

លោក​បាន​ថ្លែង​ថា​៖ «​ពេល​យើង​ស្រាវជ្រាវ​យើង​ដាក់​ច​ម្ង​ល់​មួយ ថា​តើ​ស្រោម​សាច់ក្រក​ទាំងនេះ​មាន​ប្រភព​មកពីណា0x017d7 ហើយ​យើង​ដាក់​សំណួរ​ថា ហេតុ​អី​មាន​លក់​នៅ​តាម​តូប​នៅ​ផ្សារ​អូរ​ឫស្សី0x017d7 យើង​យក​ស្រោម​នោះ​ទៅ​មន្ទីរពិសោធន៍​ហើយ​ឃើញ​ថា មាន​ប្រើ​ថ្នាំ​ដែល​ច្បាប់​ហាមឃាត់​។ រួច​យើង​ស្រាវជ្រាវ​រហូត​រាប់​ខែ​បាន​ទៅ​ដល់​ខេត្តកំពង់ស្ពឺ​។ យើង​មិន​ចាប់​នៅ​ផ្សារ​អូរ​ឫស្សី​ទេ ព្រោះ​កុំ​ឲ្យ​បែកការ​ដល់​កន្លែង​ផលិត​ទ្រង់ទ្រាយ​ធំ​»​។

លោក​បន្ត​ថា​៖ «​តាម​ការ​ស្រង់​ចម្លើយ​ពី​មេការ គាត់​យក​មក​គាត់​ដាក់​ជាតិ​បា​រ៉ា​ក់ និង​អាស៊ីត​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ យើង​កំពុង​រៀបចំ​សំណាក​ទាំងនោះ​ចូល​មន្ទីរពិសោធន៍​ដើម្បី​ឲ្យ​ដឹង​ការ​ពិត ១០០ ភាគរយ​ថា​អ្វី​ដែល​គាត់​និយាយ​នោះ​ពិត​ឬ​អត់​»​។

លោក ខឹ​ម សា​ម៉ុ​ន អធិការ​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹង​ថា​ទីតាំង​ផលិតកម្ម​នេះ លោក​កំពុង​ដាក់​កម្លាំង​ហាម​មិន​ឲ្យ​មានការ​ចេញចូល​។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​៖ «​សម្ភារ និង​ឧបករណ៍​ទាំងអស់​កំពុង​ស្ថិត​នៅ​លើ​ទីតាំង​ដដែល​ទេ យើង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​ត្រូវ​រង់ចាំ​ការ​សម្រេច​របស់​តុលាការ​»៕