កូន​សិស្ស​វិទ្យាល័យ ហ៊ុន សែន សម្ភបុរៈ ដួល​សន្លប់​ជិត​១០​នាក់

ក្រចេះ៖ សិស្ស​សាលា​ប្រមាណ​ជិត​១០​នាក់ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​គ្នា ដោយ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ ខណៈ​ក្រុម​គ្រូ​ពេទ្យ​កំពុង​ជួយ​សង្គ្រោះ ​ ហេតុការ​នេះ​កើត​ឡើង នៅព្រឹក​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​វិទ្យា​ល័យ ហ៊ុន សែន សម្ភបុរៈ ស្ដិត​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ ខេត្ត​ក្រចេះ ។

តាម​ប្រភព​ពី​អ្នក​គ្រូ​ក្នុង​វិទ្យាល័យ​កើត​ហេតុ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ករណី​នេះ​ដំបូង​មាន​សិស្ស​ស្រី​ចំនួន​២​នាក់ បាន​ដួល​សន្លាប់ ក្រោយ​មក​ក៏​ដួល​សន្លាប់​ជា​បន្ដ​បន្ទាប់​រហូត​ដល់​ទៅ​៩​នាក់ ដែលមាន​អាការៈ​ខ្សោយ​ថប់​ដង្ហើម ហើយ​ត្រូវ​បាន​លោកគ្រូ និង​នាយក​សាលា យក​ទៅសង្គ្រោះ​នៅ​មណ្ឌល​សុខ​ភាព​ទាន់​ពេល​វេលា។

ប្រភព​ដដែល​បន្ត​ទៀត​ថា សិស្ស​សាលា​ដែល​ដួល​សន្លប់​ទាំង​៩​នាក់​នោះ គឺសិស្ស​ស្រី​ទាំង​អស់ ហើយ​ខណៈ​ពេល​នេះអាការៈ​បាន​ធូរ​ស្រាល​ឡើង​វិញ​ហើយ ក្រោយ​​ពីទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខ​ភា​ពស្រុកសំបូរ ៕