តាម​ពិត​យល់​ច្រឡំ ព្រួតវាយ និង​ចោទនារី​វ័យ​ក្មេងម្នាក់​ថា លួចអាវក្នងផ្សារស្ទឹងមានជ័យ

ភ្នំពេញ៖ តាម​ពិត​ជា​ការ​យល់​ច្រឡំ​សោះ នារី​វ័យ​ក្មេង​រូប​ស្រស់​ម្នាក់​អាយុ​២០ឆ្នាំ ដែល​រង​ការ​ចោទ​ប្រកាន់​លួច​អាវ​ក្នុង​ផ្សារ​ស្ទឹងមានជ័យ ​បង្ក​​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង ៦ល្ងា​ច ថ្ងៃ​ទី​​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅនោះ​។

គួរ​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នារី​ខាង​លើ​បាន​ដើរ​មើល​សម្លៀក​បំពាក់២ ទៅ៣តូប ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យថ្មី ក៏​ជ្រុះ​ខោ​អាវ​មួយ​ចំនួន​ចេញ​ពី​ថង់​ខ្មៅ​ដែល​យួរ​ជាប់​នឹង​ដៃ ពេល​នោះ​ដែរ ម្ចាស់​តូប​ក៏​បាន​ឃើញ​ហើយ​ស្រែក​ឆោ​ឡោ​ឡើង​ថា មាន​ចោរ​លួច​សម្លៀក​បំពាក់ ទើប​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​កង​កម្លាំងសន្តិសុខ​ផ្សារ ចាប់​ប្រគល់​ខ្លួន​អោយ​មក​សមត្ថកិច្ច​តែម្តង ។ នារី​វ័យក្មេង​ខាង​លើ​មិន​ត្រូវ​បាន​ប្រាប់​ពី​អត្ត​សញ្ញាណ​ឡើយ ។

តាម​ការ​បក​ស្រាយ​របស់​សមត្ថកិច្ច បាន​អោយ​ដឹង​ថា នារី​ដែល​រង​ការ​ចោទ​ប្រកាន់​នោះ បាន​និយាយ​ពុំ​សូវ​ដឹង​ខុស​ត្រូវ​ឡើយ ដោយ​នាង​និយាយ​ត្រឹម​តែ​ពាក្យ​មួយ​ម៉ាត់​ថា ខោ​អា​វដែល​ជ្រុះ​នោះ គឺ​នាង​ទើប​តែ​ទិញ​ពីផ្សារអូឡាំ​ពិក​ហើ​យ​ក្នុង​ល្ងាច​ថ្ងៃ​នោះ​ដែរ ម្តាយ​របស់​នារី​ខាង​លើ​បាន​ទៅ​ដល់​ប៉ុស្តិ៍​នគរបាល ហើយ​បញ្ជាក់​ថា កូន​ស្រីរបស់​គាត់ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រ​តី ហើយ​ទើប​តែ​វះ​កាត់​ខួរក្បាល​រួច​ថ្មី​ៗ នៅ​ឯ​ប្រទេស​ថៃ ។

ស្ត្រី​ជា​ម្តាយ​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង​ទៅ​នឹង​ម្ចា​ស់​តូប ជា​ពិសេស គឺសន្តិសុខ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​ដែល​ចាប់​ច្របាច់.ក កូន​ស្រី​របស់​គាត់​យ៉ាង​សាហាវ ដូច​ចាប់​ឧក្រិដ្ឋ​ជន​យ៉ាង​ដូច្នោះ ។ បន្ទាប់​មក​ម្តាយ​ជា​ស្រ្តី​របស់​នារី​ខាង​លើ បាន​ដាក់​ពាក្យ​បណ្តឹង​សន្តិ​សុខ​ផ្សារ ដែល​ប្រើ​កាយ​វិការ​ដ៏​អាក្រក់​មក​លើ​កូន​ស្រី​របស់​គាត់ ប៉ុន្តែ ដោយ​មាន​ការ​សម្រួល​ពី​មន្ត្រី​នគរ​បាល​អស់​ជា​ច្រើន​ម៉ោង ទើប​ទាំង​អស់​គ្នា​ព្រម​បញ្ចប់​រឿង​តែ​ម្តង ៕