ស្មៀន​​ឃុំ​-​សង្កាត់​​ណា​​ដែល​​ធ្វើ​​ព្យុះ​​ភ្លៀង​​ស្រេច​ចិត្ត និង​ត្រូវ​ដក​​តំណែង

ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ស្មៀន​សង្កាត់​ទាំងអស់ ត្រូវ​តែ​ស្តាប់​តាម​ការ​ណែនាំ​ការងារ​ពី​ចៅសង្កាត់​នានា បើ​មិន​ដូច្នេះ​ទេ អស់លោក​-​លោកស្រី​ជា​ស្មៀន​នឹង​ប្រឈម នៃ​ការ​សុំ​ដក​តំណែង​ពី​ក្រសួងមហាផ្ទៃ ដោយ​មិន​ទុក​ឲ្យ​បង្ក​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​នោះ​ឡើង ។

លោក ឃួ​ង ស្រេង បាន​ថ្លែង​បែប​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អភិបាល​ខណ្ឌ អភិបាលរង​ខណ្ឌ នាយក​រដ្ឋបាល​ខណ្ឌ ប្រធាន​មន្ទីរ ចៅសង្កាត់ និង​ស្មៀន​សង្កាត់ នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​សាលា​រាជធានី​ភ្នំពេញ ។

ជាមួយ​គ្នា​នេះ​លោក​អភិបាល បាន​បន្ត​ថា កន្លង​មកនេះ បើ​តាម​អ្វី​ដែល​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​នោះ គឺ​មាន​ស្មៀន​សង្កាត់​មួយ​ចំនួន នៅ​រាជធានី​ភ្នំពេញ យើង​នេះ មិនសូវ​ស្តាប់​ចៅសង្កាត់​នោះ​ទេ ដោយ​អាង​ខ្លួន​ថា ជា​មន្ត្រី​មាន​ក្រប​ខណ្ឌ​របស់​ក្រសួងមហាផ្ទៃ ។ តែបើ​តាម​ពិត​ទៅ​ស្មៀន​មាន​តួនាទី​គ្រាន់តែ​ជា​អ្នក កាន់​ត្រា អ្នក​សរសេរ បំរើ​ការងារ​ឲ្យ​លោក​សង្កាត់​ប៉ុណ្ណោះ ដូច្នេះ​ទេ ត្រូវ​តែ​ស្តាប់​ការ ណែនាំ​របស់​ចៅសង្កាត់​ធ្វើ​យ៉ាងណា កុំ​ឲ្យ​ប្រជាពលរដ្ឋ​មានការ ថ្នាំងថ្នាក់​ជាមួយ​ចៅសង្កាត់ ដោយសារ​តែ​ស្មៀន មិន​បោះត្រា លើ​លិខិត​ស្នាម​ជូន​ប្រជាពលរដ្ឋ​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​របស់​ពួក​គាត់ ដូច្នេះ​ស្មៀន ត្រូវ​បំពេញការងារ​ឲ្យ​បាន​ល្អ​ទៅ​តាម​តួនាទី​របស់​ខ្លួន ពិសេស​ត្រូវ​រួម​គ្នា​ជាមួយ​ចៅសង្កាត់ ដើម្បី​បំរើ​ប្រជាពលរដ្ឋ ឲ្យ​សម​ទៅ​ហ្នឹង អ្វី​ដែល​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត ។

លោក ឃួ​ង ស្រេង សង្កត់ធ្ងន់​ថា បើ​ស្មៀន​មិន​ស្តាប់​ចៅសង្កាត់​ទេ ស្មៀន​អាច​ប្រឈម​នឹង​ការ​ដក​តំណែង ដោយហេតុ​ថា រដ្ឋបាល​ខណ្ឌ រដ្ឋបាល​រាជធានី មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ស្នើ​សុំ ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ដក​តំណែង​និង​តួនាទី​នេះ ដូច្នេះ​ស្មៀន​មិន​អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រេច តែ​ចិត្ត​នោះ​ទេ ។

តាម​ការ​កត់សម្គាល់​កន្លង​មក សេវា​នានា​តាម​ឃុំ​-​សង្កាត់ ទំនង​ពិបាក​លុប​បំបាត់​ណាស់​ ព្រោះថា ​ហួសហេតុ​ណាស់ គ្រាន់តែ​ទៅ​សុំ​លិខិតបញ្ជាក់​ភាព​នៅ​លីវ មេម៉ាយ​ឬ​ពោះម៉ាយ ត្រូវ​បង់​តាម​ក្រឹត្យក្រម​១​ម៉ឺន​រៀល ប៉ុន្តែ​បើ​ចង់​ប្រញាប់​បង់​ថែម !

មេឃុំ ឫ​មេ​សង្កាត់​មាន​អំណាច​ចាញ់​ស្មៀន​ទេ សូម​ជម្រាប​អោយ​ដឹង! ឃុំ​-​សង្កាត់​ខ្លះ​នៅ​បង្កប់​សេវា​យក​ប្រាក់​ទីនោះ​ដូច​ជាន់ក​ដកស្លាប​ប្រជាពលរដ្ឋ​ចឹ​ង ស្មៀន​នៅ​មាន​ធ្មេញ​រឹង​មាំ​ជាង​មេឃុំ ម្ល៉ោះហើយ​សូម​ជាន់ក​ស្មៀន​ឱ្យ​ខ្លាំង ស្មៀន​កាន់​ត្រា បើ​គ្មាន​លុយ​…​គឺ​អត់ !