សមត្ថកិច្ច​បញ្ជូន​ខ្លួន​បុរស​ម្នាក់ ដែល​យក​កាំបិត​អាក​ប្រពន្ធ ទៅ​តុលា​ការ

ភ្នំពេញ៖ សមត្ថកិច្ច​ព្រហ្មទណ្ម​នៃ​អធិការនគរ​បាល​ខណ្ឌ​មានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ បាន​បញ្ជូន​ខ្លួន​បុរស​ម្នាក់​ដែល​យក​កាំបិត​ប៉័ងតោ អាកប្រពន្ធ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​បន្ដ​តាម​នីតិ​វិធី ។

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា បុរស​សង្ស័យ​ជា​ប្តី​មាន​ឈ្មោះ រី ភារៈ អាយុ ៣៨ឆ្នាំ មុខរបរ លក់​ដូរ ស្នាក់​នៅ​ផ្ទះ​ជួល​គ្មាន​លេខ ភូមិ​ឬស្សី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មាន​ស្រុក​កំណើត​នៅ ភូមិ​ដូន​សរ ឃុំគគីរ ស្រុក​កៀន​ស្វាយ ខេត្ដ​កណ្ដាល ។​ចំណែក​ស្ដ្រី​រង​គ្រោះ​ជា​ប្រពន្ធ​មាន​ឈ្មោះ ញ៉ាញ ស្រីម៉ំ អាយុ ៤០ ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជា​មួយ​ជន​សង្ស័យ​ខាង​លើ ។

គួរ​រំលឹក​ថា កាល​​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ បុរស​សង្ស័យ​ជា​ប្តី ខឹង​ប្រពន្ធ​ស្ដី​បន្ទោស​ខ្លាំង​ពេក​ក៏​ស្ទុះ​ទៅ​យក​ប៉័ងតោ​អាក​ប្រពន្ធ​ខ្លួន​ឯង​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ នៅ​ត្រង់​ចំណុច​ផ្លូវ​២៧១ ជិត​ផ្សារ​ដើម​ពោធិ៍ ភូមិ​ឬស្សី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌ​មាន​ជ័​យ រាជធានី​ភ្នំពេញ។

ក្រោយ​ពេល​កើត​ហេតុ ជន​សង្ស័យ​បាន យក​ប្រពន្ធ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ក៏ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន យក​ទៅ​សាក​សួរ និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាម​ច្បាប់ ៕