ប្រធានមន្ទីរឧស្សាហ៍កម្ម ត្រូវ​លោក​អភិបាល​ខេត្ត​តាកែវ​ ព្រ​មាន​បញ្ចប់​តំណែង រឿងស្ករ​ត្នោត​ក្លែង​ក្លាយ​

តាកែវៈ អភិបាល​ខេត្ត​តាកែវ​បាន​បញ្ជាក់​ថា លោក​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​បិទ​ទី​តាំ​ង​​ផលិត​ស្ករ​ត្នោត​នៅ​ភូមិ​ពាន​មាស​ខាង​កើត ឃុំ​​លំពង់ ស្រុក​បាទី ជា​ពិសេស​​ខាង​​មន្ទីរ​ឧ​ស្សា​​ហ៍​​កម្ម ត្រូវ​ធ្វើ​យ៉ាង​ណា កុំឲ្យ​មាន​ទី​តាំង​ផលិត​ត​ទៅ​ទៀត ឲ្យ​ប្រធាន​មន្ទីរ​រូប​នេះ​ទៅ​បិទ​ទី​តាំង មិន​មែន​ឲ្យ​ទៅ​យក​លុយ​គេ​ឡើយ ។

ក្រុម​អ្នក​ផលិត​ស្ករ​ត្នោ​តក្លែង​ក្លាយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក សោ ស៊ីណា ប្រធាន​ការិយា​ល័​យ​​សិប្បកម្ម​ស្រុក​បាទី បាន​ប្រាប់​ពួក​គាត់​ថា នាំ​គ្នា​ផលិត​ទៅ តែ​ត្រូវ​បង់​លុយ ដើម្បី​ឲ្យ​លោ​ក​យក​ជូន​ទៅ​ថ្នាក់​លើ​រត់​ការ​ច្បាប់ ព្រម​ទាំង​ប្រាប់​ថា មិន​ត្រូវ​ឲ្យ​អ្នក​ណា​ចូល​មក​ដល់​ទី​តាំង​ផលិត​ស្ករ​នេះ​ទេ ពិសេស​អ្នក​សារ​ព័ត៌​មាន​។

ចំណែក​លោក កេត ព្រង់ ប្រធាន​មន្ទីរ​ឧស្សាហ​កម្ម និង​សិប្បកម្ម​ខេត្ត​តាកែវ ដែល​រង​ការ​ដក​តំណែង​ពី​អភិបាលខេត្ត​បាន​ឆ្លើយ​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ឲ្យ​កូន​ចៅ​ប្រមូល​លុយ​ពី​ក្រុម​អ្នក​ផលិត​ស្ករ​ពិត​មែន បើ​មិន​យក​លុយ តើ​ទៅ​រត់​ច្បាប់​ម៉េច​នឹង​កើត​ទៅ ?

តាម​ប្រភព​ច្បាស់​ការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ផលិតស្ករ​ត្នោត​ក្លែង​ក្លាយ​ទាំង​នោះ គ្រាន់​តែ​ស៊ីឈ្នួល​ផលិត​ឲ្យ​ថៅ​កែ​នៅ​​ភ្នំពេញ​ប៉ុណ្ណោះ​។ ប្រភព​បន្ត​ថា ការ​ផលិត​ស្ករ​ត្នោត​នេះ មាន​ថៅ​កែ​ជា​អ្នក​មាន​លុយ​ម្នាក់​នៅ​ភ្នំពេញ ម៉ៅ​យក​ទាំង​អស់​ពោល​បើ​ផលិត​បាន គឺ​លក់​ឲ្យ​គាត់ ខណៈ​សេចក្ដី​រាយ​ការណ៍​ថា ផ្សារ​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ កំពុង​លក់​ស្ករ​ត្នោត​ក្លែង​ក្លាយ ដែល​ដឹក​យក​មក​ពី​ខេត្ត​តាកែវ​ ឯង​តួ​យ៉ាង​ផ្សារ​ច្បារ​អំពៅ ផ្សារ​តាខ្មៅ ផ្សារ​ស្ទឹង​មាន​ជ័យ ផ្សារ​ដើម​គ ផ្សារ​ដេ​ប៉ូ ផ្សារ​សាមគ្គី និងផ្សា​រមួយ​ចំនួន​ផ្សេង​ទៀត​ ។

គួរ​បញ្ជាក់​ថា ទីតាំង​ផលិត​ស្ករ​ត្នោត​ក្លែង​ក្លាយ​ខាង​លើ គេ​ធ្វើ​ឡើង​ពី​ស្ករសរ ទឹក អំបិល ប្រេង​ឆា និង​ធាតុ​ផ្សំ​គីមី​ផ្សេង​ៗ​ទៀត ដែល​គេ​កំពុង​លាក់​ជា​អាថ៌​កំបាំង ៕