ចាប់​ថើប​ស្ដ្រីម្នាក់ តែ​នាង​មិន​ឲ្យ​ថើប​ យក​ដំបង​វាយ​បែក៥ថ្នេរ

ខេត្តកំពត ៖ ស្ដ្រី​ម្នាក់​ត្រូវ​បុរស​​ម្នាក់​​មាន​​សតិ​មិន​​គ្រប់​​​ចាប់​ថើប​នាង តែ​នាង​មិន​ឲ្យ​ថើប​ ក៏​ទាញ​ដំបង​ឬ​ស្សី​វាយ​នាង​បែក​ក្បាល ហេតុ​ការណ៍​នេះ​​កើត​ឡើង​​នៅ​​ភូមិ​​ភ្នំ​ដំរី ឃុំ​​ដំណាក់​កន្ទួត​​ខាង​ជើង ស្រុក​​កំពង់​ត្រាច ខេត្ត​កំពត កា​​ល​ពី​​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ​។

​បុរស​​បង្ក​​​មាន​ឈ្មោះ កប អាយុ ៤៧​ឆ្នាំ​រ​ស់​នៅ​​ភូមិ​​ឃុំ​​កើត​ហេតុ ជា​មនុស្ស​​សតិ​​មិន​គ្រប់​គ្រាន់​ ​ស្ត្រី​​​រង​គ្រោះ​ឈ្មោះ ស៊ុន មុំ អាយុ ៣៦ឆ្នាំ ​រស់​នៅ​​ភូមិ​​កើត​ហេតុ​​ខាង​លើ បានរង​​របួស​​នៅ​ថ្ងា​​ស​​ក្បាល​​ដេរ​៥​ថ្នេរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​កើត​ហេ​​តុជន​សង្ស័យ​​កំពុង​​ដើរ​​តាម​ផ្លូវ​​ក្នុង​ភូមិ​​ធម្មតា ស្រាប់​តែ​​ឃើញ​ស្ត្រី​​រងគ្រោះ រួច​​ក៏​ស្ទុះ​​ទៅ​​ចាប់​ស្ត្រី​​រងគ្រោះ​​ថើប តែ​​ស្ត្រី​​រងគ្រោះ​​មិន​​ព្រម​ឲ្យ​ថើប និង​​បាន​​ច្រាន​​បុរស​​ជន​សង្ស័យ​ចេញ​ ស្រាប់​តែ​ជន​សង្ស័យ​​ខឹង​​កាន់​ដំបង​​ដើម​​ឬ​ស្សី​វាយ​​ស្ត្រី​​រង​គ្រោះ​​ត្រូវ​​ក្បាល​​រង​របួស​​រហូត​ដេរ​៥​ថ្នេរ ។ សមត្ថកិច្ច​​បាន​​ឃាត់​​ជន​សង្ស័យ​​​ ក៏​ប៉ុន្តែ​ ដោយ​សារ​ជន​សង្ស័យ​​ខាង​លើ​នេះ មាន​​សតិ​​មិន​​គ្រប់ ហើយ​​មាន​​ច​រិ​ត​​ឃោ​រ​ឃៅ សមត្ថកិច្ច​​មិន​អាច​យក​​ចម្លើយ​​បាន​ទេ ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​​ស្នង​ការ​ដ្ឋាន​ខេត្ត​កំពត ចាត់ការតាមច្បាប់ ៕