មិនដឹងថា តាម​ចាប់អ្នក​​បាញ់​បោះ​ជា​ច្រើន​គ្រាប់ ក្នុង​​មជ្ឈ​មណ្ឌល​កម្សា​ន្ត​​Rock ឬក៏មិនចាប់ទេ​ ?

ភ្នំពេញ: ស្នូរអាវុធ៤​គ្រាប់​បាន​បន្លឺ​ឡើង​នៅ​ចេញ​ពី​ក្នុង​មជ្ឈ​មណ្ឌល​កម្សាន្ត​Rock ដែល​មាន​ទី​តាំង ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីវង្ស ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន បង្ក​ការ​ភ្ញាក់​ផ្អើល​កម្លាំង​សមត្ថកិច្ច​ចម្រុះចុះ​អន្តរាគមន៍​ព្រោង​ព្រាត នា​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧស​ភា ឆ្នាំ​២០១៧ ។

ក្នុង​អំពើ​បាញ់​បោះ​នេះ បាន​បណ្តាល​អោយ​មនុស្ស​ម្នាក់​ត្រូវ​រង​របួស ត្រូវ​បញ្ចូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ ។ ដោយ​ឡែក​ចំពោះ​មូល​ហេ​តុ ក៏​ដូច​ជា​ដំណើរ​រឿង ដែល​នាំ​អោយ​មាន​ការ​បាញ់​បោះ​ជា​ច្រើន​គ្រាប់​បែប​នេះ គឺ​ពុំ​មាន​ប្រភព​ណា​មួយ​បង្ហើប​អោយ​ដឹង​នោះ​ទេ​ខណះ​​ដែល​​ក្រោយ​ពេល​កើត​ហេតុ​ភ្លាម​ៗ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន បាន​​ឃាត់​ខ្លួន​មនុស្ស​ម្នាក់​ចេញ​ពី​ក្នុង​មជ្ឈ​មណ្ឌល​កម្សាន្ត Rock យក​មក​កាន់​មូល​ដ្ឋាន​អាវុធ​ហត្ថ ដើម្បី​សាក​សួរ​នាំ ។

បុរស​ម្នាក់​ដែល​ត្រូវ​បាន​កម្លាំងអាវុធហត្ថ​ឃាត់​មក​សួរ​នាំ​នោះ គឺ​ពុំ​ត្រូវបាន​បញ្ចេញ​អត្ត​សញ្ញា​ណ​ឡើយ ។ ដោយ​ក្នុង​នោះ សមត្ថកិច្ច​អាវុធ​ហ​ត្ថ​បញ្ជាក់​ថា រូបគេ​មិន​មាន​ជាប់​ពាក់ព័​ន្ធ​ឡើយ គ្រាន់​តែ​ហៅ​មក​សាក​សួរ​នាំ​ក្នុង​នាម​សាក្សី ។ មន្ត្រី​អាវុធ​ហត្ថ​អោយ​ដឹង​ទៀត​ថា ក្នុង​ករណីនេះ​ជន​ល្មើស​បាន​រត់​គេច​ខ្លួន​ហើយ ដោយ​គេ​បាន​បាញ់​៤​គ្រាប់ បណ្តាល​អោយ​មនុស្ស​ម្នាក់​ត្រូវ​រង​របួស​ ។ ក្រោយ​ការ​បាញ់​បោះ​រួច រូប​គេ​បាន​បន្សល់​ទុក​កាំភ្លើង​ខ្លី​១​ដើម ម៉ាក​កា​៥៩ នៅ​កន្លែង​កើត​ហេតុ ។ ជុំវិញ​វិញ​រឿង​រ៉ាវ​នេះ មិន​មាន​ប្រភព​ព័ត៌​មាន​ណា​មួយ បង្ហើប​អោយ​ដឹង​ថា ករណី​នេះ​ជា​ការ​បាញ់​ប្រហារ​ដោយ​សារ​មាន​ជម្លោះ ឬ ជា​ការ​បាញ់​បោះ​ដោយ​សារ​ជនល្មើសខឹង​នឹង​អ្វី​មួយ​អោយ​ប្រាកដ​នោះ​ឡើយ ?

សូម​បញ្ជាក់​ថា ក្នុង​ករណី​នេះ អ្នកសារព័ត៌​មាន​ម្នាក់ ត្រូវ​មន្ត្រីអាវុធហត្ថ​មួយ​រូប​បោក​ទូរស័ព្ទ​ម៉ាក​IPhone 5 ផ្ទប់​នឹង​ថ្ម បណ្តាល​អោយ​រង​ការ​ខូច​ខាត ខណៈពេល​អ្នកកាសែត​រូប​នោះ​ព្យាយាម​ផ្តិត​យក​រូប​ភាព និងសាក​សួរ​ព័ត៌មាន​នៅ​ទី​តាំង​កើតហេតុ ។ អ្នក​កាសែត​រូប​នោះ​មាន​ឈ្មោះ ជុន សុខឃា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​អ្នក​យកព័ត៌​មាន នៅ​អង្គ​ភាព​គេហទំព័រ និង​ទូរ​ទស្សន៍​អនឡាញ BBN TV ។

តាម​ការ​រៀប​រាប់​របស់​អ្នក​កាសែត​ខាង​លើ​បាន​អោយ​ដឹង​ថា ក្រោយ​ទទួល​ដំណឹង​ពី​ការ​បាញ់​បោះ​នៅ​ចំណុច​មុខ​មជ្ឈ​មណ្ឌល​កម្សាន្ដ​Roc​k ខ្លួន​បាន​ទៅ​ឈរ​ផ្តិត​យក​រូប​ភាព​នៅ​ខាង​មុខ​បរិវេណ​មជ្ឈ​មណ្ឌល​Rock ត្រង់​កន្លែង​ផ្ញើរ​ឡាន​ម៉ូតូ ខណៈ​ដែល​មាន​កម្លាំងអាវុធហត្ថ​ជា​ច្រើន​នាក់ កំពុង​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​ខាង​លើ ភ្លាម​ៗនោះ មាន​ជន​ស៊ីវិល​ម្នាក់​បាន​ដើរ​ចេញ​ពី​ក្នុង​Rock មក ហើយ​បាន​ស្រែក​បញ្ជា​មន្ត្រី​អាវុធ​ហត្ថ អោយ​ចាប់​ទូរស័ព្ទ​របស់​អ្នកកាសែត​មក​អោយខ្លួន ហើយ​ភ្លាម​ៗ​នោះ មន្ត្រី​អាវុធ​ហត្ថ​ម្នាក់ ដែល​មាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជា​កង​កម្លាំង និង​មាន​ស្ពាយ​កាំ​ភ្លើង​អាកា​ផង​នោះ បាន​ស្ទុះ​មក​ចាប់​យក​ទូរស័​ព្ទ​របស់​អ្នកកាសែត​ប្រគល់​អោយ​ជន​ស៊ីវិល​ដែល​​បាន​​បញ្ជា ហើយជនស៊ីវិលរូបនោះ បាន​យក​មក​បោក​កម្ទេច​ចោល​តែ​ម្តង​ទៅ ។ រួម​ទាំង​យក​វិទ្យុ​ទាក់​ទង​របស់​ជន​រងគ្រោះ ទៅ​រក្សា​ទុក​ទៀត​ផង ។

ទាក់​ទង​នឹង​ចំណុច​នេះ មជ្ឈដ្ឋាន​ទូ​ទៅ​មាន​ការ​រិះ​គន់​ជា​ខ្លាំង ចំពោះ​កម្លាំងកងរាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន​ខាង​លើ ដែល​ប្រព្រឹត្តិ​នូវ​ទង្វើ​មិន​គម្បី ដោយ​បាន​ស្តាប់​បញ្ជា​របស់​ជន​ស៊ីវិល​ធម្មតា ហើយ​មកប្រើប្រាស់​កាវិ​ការ​មិន​សម​រម្យ​មក​លើ​អ្នក​ព័ត​មាន ដោយ​បាន​ឆក់​ទូរស័ព្ទ​ដៃ និង​គំរាម​សំឡុត​អោយ​ឈប់​ថត​រូប ខណៈ​ដែល​អ្នកព័ត៌មាន​កំពុង​ប្រតិបត្តិ​ការងារ​តាម​មុខ​ជំនាញ​របស់​ខ្លួន ពិសេស​ការ​ចុះ​យក​ព័ត៌​មាន​នៅ​ចំណុច​ខាង​លើ ដែលមាន​បាតុ​ភាព​បាញ់​បោះ​យ៉ាង​អាណាធិបតេយ្យ​នោះ ។

ទន្ទឹម​នឹង​នោះ​ដែរ មជ្ឈដ្ឋាន​ទូទៅក៏សុំ​ធ្វើ​ការ​អំពាវ​នាវ​ដល់ ស្ថាប័ន្ថ​របស់​កម្លាំង​អាវុធ​ហត្ថ ពិសេស​លោក​មេបញ្ជាការអាវុធហត្ថ​ខណ្ឌ​ចំការ​មន និង​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​​ជា​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មេត្តា​ជួយ​អប់រំ​ណែ​នាំ​វិន័យ និង​ក្រម​សីលធម៌ ដល់មន្ត្រីអាវុធហត្ថ​ខណ្ឌ​ចំ​ការ​មន​រូប​នោះ​ផង ជៀសវៀង​ការ​​ប៉ះ​ពាល់​ដល់​កិច្ចការងារ​របស់​អ្នក​សារ​ព័ត៌​មាន ​ ។

គួរ​បញ្ជាក់​ថា ករណី​បាញ់​បោះ​បណ្តាល​អោយ​មាន​មនុស្ស​រងរបួស​ខាង​លើ​នេះ មិនមាន​ជា​ករណី​ទី​១​ឡើយ គឺ តែង​កើត​មាន​ជា​អន្លើយៗ ទាំង​នៅ​ខាង​ក្នុង និង​ខាង​មុខ​មជ្ឈ​មណ្ឌល​កម្សាន្ត​Rock ។ ហើយ​អ្វី​ដែល​ពិសេស​នោះ គឺ​រាល់​ពេល​មាន​ករណី​បាញ់​បោះ​ម្តង​ៗ ជន​ល្មើស​តែង​អាចរត់គេច​ខ្លួន​បាត់​ស្រមោល​បាន​រហូត ហើយ​មន្ត្រី​សមត្ថកិច្ច ទាំងកម្លាំង​នគរ​បាល និង​កម្លាំង​កងរាជអាវុធហត្ថ គឺ​ពុំដែល​ស្រាវ​ជ្រាវ​តាម​ចាប់ជនល្មើសយក​មកផ្តន្ទា​ទោស​បាន​ម្តង​ណា​ឡើយ បណ្តែត​បណ្តោយ​អោយ​ជន​ទំនើង​ទាំង​អស់​នោះ អាច​បង្ក​ភាព​អាណាធិបតេយ្យ​ក្នុង​សង្គម​បាន​​ដោយ​ស៊េរី និង​រត់​គេច​ផុត​ពី​សំណាញ់​ច្បាប់​បាន​រហូត រាល់​ពេល​បង្ក​បាតុ​ភាព​អាក្រក់​ហើយ​ម្តង​ៗ ៕