ព្រឹក​​នេះ​​តុលា​ការ​​កំពូល​​បើក​សវនាការ​​រឿង​​ក្តី​​ប៉ង​​បាញ់​​សម្លាប់​​ឧកញ៉ា​ថុង​ អ៊ុយប៉ាង ​

ភ្នំពេញ​៖​ នៅ​​ព្រឹក​​ថ្ងៃ​ទី​​២៩ ​ខែ​វិច្ឆិកា​​នេះ តុលា​ការ​​កំពូល​​បើក​សវនាការ​​រឿង​​ក្តី​​ប៉ង​​​បាញ់​​សម្លាប់​​ឧកញ៉ា​ថុង​ អ៊ុយប៉ាង​ ចាង​ហ្វាង​​កាសែត​កោះ​​សន្តិភាព​ ដឹក​នាំ​ដោយ​​លោក​​ស្រី​ គិម​ សត្ថាវី​ ជា​​ប្រធាន​​ក្រុមប្រឹក្សា​​ជំនុំ​ជម្រះ​​និង​ លោក​ ឌុច​ គឹមសន​ ជា​​តំណាង​​មហា​​អយ្យ​ការ​ ជា​មួយ​គ្នា​នេះ​ដែរ​សាច់​ញាតិ​​ជន​ជាប់​ចោទ​ សុំ​​ឱ្យ​​សម្តេច​តេ​ជោ​​ជួយ​​រក​យុត្តិធម៌​​ផង​ ដោយ​សារ​​រូប​​គេ​​ពុំ​​បាន​​ប្រព្រឹត្ត​​ដូច​​ការ​ ចោទ​ប្រកាន់​​នោះទេ​ ។​

គួរ​បញ្ជាក់​ជន​ជាប់​ចោទ ​ក្នុង​​រឿង​​ក្ដី​​នេះ​​មាន​​បី​​នាក់​​គឺ​ លោក​ ហេង​ ពៅ​ អតីត​​ស្នង​ការ​​នគរបាល​​ក្រុង​​ភ្នំពេញ​​លោក​ លី​ រ៉ាស៊ី​ អតីត​អនុប្រធាន​​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​​កម្រិត​​ស្រាល​​និង​ លោក​ ផេង​ ផៃ​ អតីត​​ប្រធាន​​ការិយាល័យ​​ជន​បរទេស​​នៃ​​ស្នង​ការ​​ក្រុង​​ភ្នំពេញ​​ ។

ដោយ​ឡែក​រឿង​​ក្ដី​​នេះ​​សាលា​​ដំបូង​រាជ​ធានី​​ភ្នំពេញ​​និង​ សាលាឧទ្ធរណ៍​ ផ្តន្ទា​ទោស​​ក្រុម​​ជន​ជាប់ចោទ​​ដាក់​​ពន្ធនាគារ​​ចន្លោះ​​ពី​​១៦​ឆ្នាំ​​ទៅ​​១៨​ឆ្នាំ​និង​​សង​​សំណង​​ជំងឺ​ចិត្ត​​ដល់​​ដើម​​បណ្ដឹង​​រាប់​​ម៉ឺន​​ដុល្លារ​​អាមេរិក​ ក្រោម​ការ​​ចោទ​ប្រកាន់​​ពី​​បទ​”ប៉ុនប៉ង​សមគំនិត​ឃាតកម្ម​គិត​ទុក​ជា​មុន​”​ប្រព្រឹត្ត​នៅ​ចំណុច​វត្ត​ទឹក​ថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​ឫស្សីកែវ​ កាលពី​ថ្ងៃទី​០៨​ ខែ​មិថុនា​ ឆ្នាំ​១៩៩៨ ។