ព័ត៌មាន​បន្ថែម៖ ស្លាប់​ម្នាក់​របួស​៤​នាក់ បើក​រថយន្ត​បុក​គូទ​រថយន្ត​ធំ​ចត​ស្ងៀម

រាជធានី​ភ្នំពេញ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដោយ​រថយន្ត​ឡិចស៊ីសRX300 បើក​បុក​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ឈប់​ចត​នៅ​លើ​ផ្លូវ បណ្ដាល​អោយ​បុរស​ម្នាក់​កៀប​ជាប់​នៅ​ក្នុង​រថយន្ត​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​និង​បុរស​៤​នាក់​រង​របួស​ធ្ងន់​ស្រាល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ​តែម្ដង។

ហេតុការណ៍​គ្រោះ​ថ្នាក់​ដ៏​រន្ធត់​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២ ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ជន​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ឆៃ សេងហាក់ អាយុ​២៦ ឆ្នាំ​ស្នាក់​នៅ​ឃ្នះ​សណ្ដោយ សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

ជន​រងគ្រោះ​រង​របួស​ទី១-ឈ្មោះ វ៉ា វណ្ណា អាយុ​២៧​ឆ្នាំ​មុខរបរ បុគ្គលិក​អង្គការ ស្នាក់​នៅ​ភូមិ តានី ឃុំ​ក្រាំង​ចេក ស្រុក​ឧត្ដុង្គ ខេត្ដ​កំពង់​ស្ពឺ។ ទី​២-ឈ្មោះ ឃុយ ខេមរិន អាយុ​២៣​ឆ្នាំ ទី៣-ឈ្មោះ ហែម វសនា អាយុ​២៦​ឆ្នាំ និង​ទី​៤-ឈ្មោះ រក្សា វង្ស អាយុ​២៧​ឆ្នាំ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក ឡិចស៊ីស ពណ៌ស ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ2AB-0962 ធ្វើ​ដំណើរ​ក្នុង​រថយន្ត​មាន​គ្នា​៥​នាក់ ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​បុក​គូទ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​របស់​ក្រុមហ៊ុន កង​ដឹក​ជញ្ជូន H.C 035 ដែល​ពាក់​ស្លាក​លេខ​ស្វាយ​រៀង 3A- 0562 ពី​ក្រោយ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​កៀប​មនុស្ស​ជាប់​ក្នុង​រថយន្ត​ឡិចស៊ីស ២​នាក់​នៅ​បាំង​មុខ និង​៣​នាក់​ទៀត​រង​របួស​ត្រូវ​រថយន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ។ ដោយ​ឡែក​រថយន្ត​ធុន​ធំ​មិន​បាន​នៅ​កន្លែង​កើតហេតុ​នោះ​ទេ បាន​បើក​មក​ដល់​រង្វង់​មូល​ទើប​ចត​ទុក​ចោល​រួច​តៃកុង​រថយន្ត​ចុះ​រត់​គេច​ខ្លួន​បាត់​ស្រមោល។

ប្រភព​ដដែល​បាន​បន្ត​ថា បុរស​២​នាក់​ដែល​កៀប​ជាប់​ក្នុង​រថយន្ត​នោះ​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​រថយន្ត និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ត្រូវ​បាន​បងប្អូន​ប្រជា​ពលរដ្ឋ​នាំគ្នា​ជួយ​គាស់​ចេញ​ហើយ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ចំណែក​អ្នក​ស្លាប់​កៀប​ជាប់​នៅ​ក្នុង​រថយន្ដ​ត្រូវ​បាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុម​សង្គ្រោះ​បន្ទាន់​៧១១ មក​គាស់​យក​សាកសព​ចេញ​ពី​រថយន្ត ហើយ​ទាក់ទង​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​មក​អូស​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គ្នា​ពេល​ក្រោយ​តាម​នីតិ​វិធី៕

សូម​ទស្សនា​សេចក្ដី​រាយកាណ៍​ពី​កន្លែង​កើតហេតុ​

សូម​ទស្សនា​សកម្មភាព​យក​សព​ដែល​កៀប​ក្នុង​រថយន្ត​ចេញ