អបអរសាទរ! ស្ករ​ត្នោត​​ខ្មែរ​​ជាប់​​លេខ​​១ ឈ្នះ​​មេដាយ​មាស​​ប្រចាំ​ឆ្នាំ​​២០១៧

រាជធានី​ភ្នំពេញ៖ ផលិតផល​​ស្ករ​ត្នោត​សរីរាង្គ​របស់​​កម្ពុជា ដែល​​ផលិត​ដោយ​​អង្គការ Confirel ទទួល​បាន​​ពាន​រង្វាន់​​លេខ​​១ ជា​ផលិតផល​ល្អ​បំផុត​​របស់​អាស៊ាន​​ឆ្នាំ​២០១៧ នៅ​ក្នុង​​សន្និសីទ​​ម្ហូបអាហារ​អាស៊ាន​​លើក​ទី​​១៥ នេះ​​បើ​តាម​​សេចក្តី​​ប្រកាស​​ព័ត៌មាន​​របស់ ក្រុមហ៊ុន ខន​ហ្វី​រេល នៅ​​ព្រឹក​​ថ្ងៃ​ទី​​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧។

សេចក្តី​​ប្រកាស​​ព័ត៌មាន​បាន​​ឲ្យ​ដឹង​​ថា កាល​ពី​១២​ឆ្នាំ​មុន ផលិតផល​ស្ករ​ត្នោត​សរីរាង្គ​របស់​​កម្ពុជា ​បាន​ឈ្នះ​មេដាយ​មាស​​ម្តង​​ហើយ ​នៅ​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម Natexpo នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ហើយ​​មក​​ដល់​ពេល​​ផលិត​ស្ករ​ត្នោត​​កម្ពុជា ​ដែល​​ផលិត​​ដោយ​អង្គការ Confirel ​នេះ នៅ​តែ​ជាប់​​ចំណាត់​ថ្នាក់​​នៅ​លើ​​កំពូល​តារាង​​​ក្នុង​ប្រទេស​នានា។

មាន​តែ​ស្ករ​ត្នោត​​កំពង់​ស្ពឺ​ប៉ុណ្ណោះ​​របស់​កម្ពុជា ដែល​​ទទួល​បាន​ឋានៈ​​ជា​ផលិតផល សម្គាល់​​ទីតាំង​​ភូមិសាស្ត្រ ឬ GI។

សន្និសីទ​​ម្ហូបអាហារ អាស៊ាន​​លើក​​ទី​​១៥ ត្រូវ​​បាន​ធ្វើ​​ឡើង​​កាល​ពី​​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​​ទីក្រុង​​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម។ សន្និសីទ​​ម្ហូបអាហារ​អាស៊ាន គឺ​ជា​​វេទិកា​​សម្រាប់​ការ​​ដាក់ បង្ហាញ​​ផលិតផល​​កែ​ច្នៃ​​ជាតិ​​របស់​ប្រទេស​​នីមួយ​ៗ។ ស្ករ​ត្នោត​​ខ្មែរ​ យើង​បាន​​ឈ្នះ​មេដាយ​មាស ដែល​ជា​​ផលិតផល​ល្អ​​បំផុត​ប្រចាំ​​តំបន់ អាស៊ាន៕